រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម ២៣ឆ្នាំ នឹងត្រូវតទល់ជាមួយក្រុមជើងខ្លាំង U23 អ៊ីរ៉ាក់ នៅម៉ោង៧យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) សម្រាប់ជំនួបបិទវគ្គជម្រុះពូល G កាត់សេចក្ដីរកក្រុមឡើងកាន់ជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ទ្វីបអាស៊ី ឆ្នាំ២០២៦ (AFC U23 Asian Cup Saudi Arabia 2026) ដែលប្រទេសអារ៉ាប៊ីសាអូឌីតធ្ចើជាម្ចាស់ផ្ទះ។
ឆ្លងកាត់ការប្រកួត២លើកកន្លងមកន U23 កម្ពុជាក្នុងនាមក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតពូល G បានស្មើលទ្ធផល ០-០ ជាមួយក្រុម U23 អូម៉ង់ មុនយកឈ្នះក្រុម U23 ប៉ាគីស្ថាន លទ្ធផល ១-០ ដោយឈរនៅលេខ២ ពូល G មាន៤ពិន្ទុ រីឯ U23 អ៊ីរ៉ាក់ ឈរនៅលេខ១ មាន៦ពិន្ទុ ក្រោយយកឈ្នះប៉ាគីស្ថាន លទ្ធផល ៨-១ និងបន្តយកឈ្នះអូម៉ង់ លទ្ធផល ១-០។ ចំណែកអូម៉ង់ និងប៉ាគីស្ថាន អស់ឱកាសត្រឹមនេះ។
សម្រាប់ជំនួបនៅយប់នេះ គឺជាការប្រកួតដ៏សំខាន់សម្រាប់កម្ពុជា និងអ៊ីរ៉ាក់ ដែលត្រូវការពិន្ទុ ដើម្បីអាចបន្តទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ ពិសេសកម្ពុជាដែលត្រូវការឈ្នះអ៊ីរ៉ាក់ជាដាច់ខាត ព្រោះលទ្ធផលស្មើ ដើម្បីបញ្ចប់ក្នុងនាមជាក្រុមលេខ២ល្អ ដោយមាន៥ពិន្ទុក្នុងដៃ ក៏កម្ពុជាមិនអាចបន្តឡើងទៅកាន់ជុំផ្តាច់ព្រ័ត្របានដែរ។
ក្រឡេកទៅតារាងក្រុមលេខ២ល្អតាមនីមួយៗបណ្តោះអាសន្ននៅពេលនេះ ក្រុមឈរលើដែលមានពិន្ទុលើស និងស្មើកម្ពុជាមានរហូតដល់៧ក្រុមឯណោះ។ ចិននៅពូល D អ៊ីរ៉ង់នៅពូល I តួកម៉េនីស្ថាននៅពូល A និងយេម៉ែននៅពូល C សុទ្ធតែមាន៦ពិន្ទុដូចគ្នា។ រីឯឥណ្ឌូណេស៊ីនៅពូល J កៀហ្ស៊ីស៊ីស្ថាននៅពូល E លីបង់នៅពូល F កម្ពុជានៅពូល G និងគុយវ៉ែតនៅពូល B មាន៤ពិន្ទុដូចគ្នា ខណៈឥណ្ឌានៅពូល H និងហ្វីលីពីននៅពូល K មាន៣ពិន្ទុ។
ដូច្នេះមានន័យថា ឱកាសឡើងទៅវគ្គបន្ទាប់ក្នុងនាមក្រុមលេខ២ល្អសម្រាប់កម្ពុជា លែងមានទៀតហើយ ដ្បិតការប្រកួតវគ្គជម្រុះនេះ មានសរុបចំនួន ៤៤ក្រុម ចែកចេញជា ១១ ពូល ដោយ ១ ពូលមាន ៤ ក្រុម។ ក្រុមលេខ១ តាមពូលនីមួយៗ និងក្រុមលេខ២ល្អ ចំនួន ៤ ក្រុម នឹងបន្តទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង AFC
ចែករំលែកព័តមាននេះ