ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាំទី​ប្រេ​ស៊ី​ល​ម្នាក់​បាន​ស្លា.ប់ ក្រោយ​ប្រើ​ទ្រូង​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី

10 ម៉ោង មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ អ្នកចាំទី Antonio Edson dos Santos Sousa អាយុ​៣៤​ឆ្នាំ​បាន​ដួល​សន្លប់ ហើយ​ក្រោយមក​បាន​ស្លាប់​បាត់បង់​ជីវិត…

ប្រទេស​ប្រេ​ស៊ី​ល ៖ អ្នកចាំទី Antonio Edson dos Santos Sousa អាយុ​៣៤​ឆ្នាំ​បាន​ដួល​សន្លប់ ហើយ​ក្រោយមក​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​យក​ទ្រូង​ទៅ​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល (Futsal) មួយ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ប៉ា​រ៉ា (Para) ប្រទេស​ប្រេ​ស៊ី​ល​។

រឿង​អកុសល​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង Augusto Correa កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា កន្លង​ទៅ អំឡុង​ការ​ប្រកួត​ពានរង្វាន់​ដើម្បី​អបអរ​ទិវា​ឯករាជ្យ​ប្រទេស​ប្រេ​ស៊ី​ល នៅ​ពេល​ដែល​អ្នកចាំទី​ពាក់កណ្តាល​អាជីព Sousa ដែល​លេង​ឱ្យ​ក្រុម Sind Motos បាន​ប្រើ​ដើមទ្រូង​រារាំង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ខ្លាំង​ពី​កីឡាករ​ក្រុម​គូប្រកួត​។

បើ​តាម​ប្រភព​ពី​កាសែត The Sun បានឱ្យ​ដឹង​ថា ខ្សែអាត់​វី​ដេ​អូ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា Sousa ក្រោយ​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ហើយ បាន​ដើរទៅ​មុខ​ដើម្បី​អបអរ​ជាមួយ​មិត្ត​រួម​ក្រុម ដោយ​លើកដៃ​ឡើង​លើ​។ មួយសន្ទុះ​ក្រោយមក Sousa បាន​ដួល​សន្លប់​លើ​ដៃ​មិត្ត​រួម​ក្រុម​។ ទោះបីជា​មានការ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​ទីលាន​ប្រកួត និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ស្រោចស្រង់​អាយុជីវិត​របស់​អ្នកចាំទី​រូប​នោះ​បាន​ដែរ​។

សហព័ន្ធ​បាល់ទាត់​ក្នុង​សាល​ប្រចាំ​រដ្ឋ​ប៉ា​រ៉ា (Para Futsal) បាន​ប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​បណ្តាញ​សង្គម Instagram ថា​ជា​រឿង​សោកសៅ​ជា​ខ្លាំង​ដែល​សហព័ន្ធ​បានដឹង​ពី​មរណភាព​របស់​អ្នកចាំទី Antônio Edson dos Santos Sousa ដែល​ជា​អត្ត​ព​លិ​កម្នា​ក់មក​ជាមួយ​ការ​លះបង់ ទេព​កោសល្យ និង​ស្មារតី​ជា​ក្រុម ហើយ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​គ្រួសារ មិត្ត​ភ័ក្តិ និង​សហគមន៍​កីឡា​ទាំងមូល​។ ជាមួយ​គ្នា​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​ផ្អាក​ការ​ប្រកួត​នៅ​ថ្ងៃ​បន្តបន្ទាប់ ដើម្បី​ជា​ការ​គោរព​ដល់​អ្នកចាំទី Sousa ។

មូលហេតុ​នៃ​ការ​ស្លាប់​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នកជំនាញ​បាន​លើក​ឡើ​ថា ការ​ប្រើ​ដើមទ្រូង​របស់ Sousa ដើម្បី​សង្គ្រោះ​កម្លាំង​បាល់​ប៉េ​ណា​ល់​ទី​ខ្លាំង អាច​បង្ក​ការ​ប៉ះពាល់​ដល់​ចង្វាក់បេះដូង ហើយ​អាច​បណ្តាល​ឱ្យ​មានការ​គាំងបេះដូង​ភ្លាម​ៗ​តែ​ម្តង​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ