ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ramos ទៅប្រកបអាជីពនៅម៉ិកស៊ិកហាក់សោះកក្រោះ ព្រោះប្រពន្ធមិនផ្លាស់ទៅរស់នៅជាមួយ

1 អាទិត្យ មុន

ប្រទេសអេស្ប៉ាញ ៖ បន្ទាប់ពីសម្រេចការផ្លាស់ទៅចូលរួមជាមួយនឹងក្លិប Monterrey នៅលីគកំពូលបាល់ទាត់ប្រទេសម៉ិកស៊ិក កាលពីសប្តាហ៍មុនជាផ្លូវការ នៅពេលនេះ ខ្សែការពារឆ្នើម Sergio Ramos…

ប្រទេសអេស្ប៉ាញ ៖ បន្ទាប់ពីសម្រេចការផ្លាស់ទៅចូលរួមជាមួយនឹងក្លិប Monterrey នៅលីគកំពូលបាល់ទាត់ប្រទេសម៉ិកស៊ិក កាលពីសប្តាហ៍មុនជាផ្លូវការ នៅពេលនេះ ខ្សែការពារឆ្នើម Sergio Ramos ហាក់ពុំសូវសប្បាយចិត្ត ព្រោះភរិយាជាទីស្រឡាញ់របស់ខ្លួន អ្នកនាង Pilar Rubio ដែលជាពិធីការិនីទូរទស្សន៍រូបស្រស់របស់ប្រទេសអេស្ប៉ាញ បានសម្រេចចិត្តមិនផ្លាស់ទៅរស់ជាមួយស្វាមីនៅឯប្រទេសម៉ិកស៊ិកឡើយ។

ខ្សែការពារកណ្តាល Sergio Ramos ពុំមានក្លិបលេងចាប់តាំងពីចាកចេញពីក្លិប Sevilla សមាជិកលីគកំពូលអេស្ប៉ាញ La Liga នៅពាក់កណ្តាលរដូវកាលឆ្នាំ ២០២៤។ យ៉ាងណាមិញ អតីតប្រធានក្រុមគោជល់អេស្ប៉ាញ ដែលប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ កាលពីឆ្នាំ ២០២១ រូបនេះ បានវិលត្រលប់មកទីលានប្រកួតសាជាថ្មីចូលរួមជាមួយក្លិប Monterrey ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ ដោយពាក់អាវលេខ ៩៣។ ទោះយ៉ាងណាក៏ដោយ ការផ្លាស់មកប្រកបអាជីពនៅទឹកដីម៉ិកស៊ិករបស់អតីតខ្សែការពារឆ្នើមក្រុម Real Madrid និង PSG វ័យ៣៨ឆ្នាំរូបនេះ ហាក់សោះកក្រោះបន្តិច ដោយសារតែភរិយាជាទីស្រឡាញ់មិនបានផ្លាស់មករស់នៅជាមួយខ្លួន។

បើតាមអ្នកកាសែតដ៏ល្បីរបស់អេស្ប៉ាញ លោក Javi de Hoyos បានឱ្យដឹងថា ភរិយា Ramos គឺអ្នកនាង Pilar Rubio បានសម្រេចបន្តរស់នៅប្រទេសអេស្ប៉ាញ ដោយសារតែភាពមមាញឹកនៃអាជីពរបស់នាង។ លោក De Hoyos អះអាងថា «អ្នកស្និទ្ធនឹង Pilar បានប្រាប់ខ្ញុំថា នាងធុញទ្រាន់នឹងការផ្លាស់ប្តូរទីលំនៅខ្លាំងណាស់។ នាងបានទៅរស់ទីក្រុងប៉ារីស ប្រទេសបារាំងជាមួយស្វាមី បន្ទាប់មកត្រឡប់មករស់នៅអេស្ប៉ាញវិញ នៅពេល Ramos ផ្លាស់មកចូលរួម Seville ហើយឥឡូវនេះ នាងសម្រេចចិត្តមិនទៅណាទៀតទេ និងកំពុងរស់នៅទីក្រុងម៉ាឌ្រីដ (Madrid) ដើម្បីបន្តអាជីព និងការងារដ៏មមាញឹករបស់នាង។ នាងពិតជាចូលចិត្តការរស់នៅទីនេះណាស់»។

អ្នកនាង Pilar Rubio គឺជាអ្នករាយការណ៍ព័ត៌មាន ពិធីករទូរទស្សន៍ និងជាតារាបង្ហាញម៉ូតដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ។ ការសម្រេចចិត្តបន្តរស់នៅប្រទេសអេស្ប៉ាញ ដោយត្រូវឃ្លាតឆ្ងាយពីស្វាមីដែលកំពុងប្រកបអាជីពនៅប្រទេសម៉ិកស៊ិក អាចទាក់ទងនឹងការធ្វើជាចៅក្រមក្នុងកម្មវិធីដ៏ពេញនិយម «El Desafío» និងកម្មវិធី «Maestros de la Costura Celebrity» ផងដែរ។ Pilar Rubio បច្ចុប្បន្នមានអាយុ៤៦ឆ្នាំ ពោលចាស់ជាង Ramos ៨ឆ្នាំ។ ប្តីប្រពន្ធមួយគូនេះមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០១២ ហើយរៀបការនៅឆ្នាំ ២០១៩។ អ្នកទាំងពីមានកូនប្រុសស្រីចំនួនបួននាក់គឺ Sergio Jr, Marco, Alejandro និង Máximo Adriano ។

ខ្សែការពារ Sergio Ramos បានចាប់ផ្តើមអាជីពបាល់ទាត់ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាថ្នាល់ក្លិប Sevilla។ Ramos បានចូលរួមក្រុមឈុតធំ Sevilla នៅឆ្នាំ ២០០៤ ហើយផ្លាស់ទៅចូលរួមជាមួយ​នឹង Real Madrid នៅឆ្នាំ ២០០៥ ហើយអាជីពដ៏អស្ចារ្យរបស់គេគឺនៅទីនេះឯង ដោយបង្ហាញខ្លួនសរុប ៦៧១ប្រកួត ស៊ុតបញ្ចូលទីបាន ១០១គ្រាប់ និងឈ្នះពានរង្វាន់ជាច្រើនរួមទាំងពានរង្វាន់ La Liga ៥លើក និង Champions League ៤លើកផងដែរ។

ខ្សែការពារដ៏រឹងមាំកម្ពស់ ១,៨៤ម៉ែត្ររូបនេះ បានផ្លាស់ទៅចូលរួមជាមួយ PSG នៅឆ្នាំ ២០២១ ដោយបានឈ្នះជើងឯក Ligue 1 ចំនួន២លើក និង French Super Cup ១លើក មុនពេលត្រលប់មកចូលរួមជាមួយ Sevilla វិញ សម្រាប់រដូវកាល ២០២៣-២៤។ Ramos ដែលត្រូវបានចាត់ទុកថាជាខ្សែការពារកណ្តាលដ៏ល្អបំផុតគ្រប់ពេលមួយរូបរបស់ពិភពលោក បង្ហាញខ្លួនសរុប ១៨០ប្រកួត ស៊ុតបញ្ចូលទី ២៣គ្រាប់ សម្រាប់ក្រុមគោជល់អេស្ប៉ាញ ចាប់តាំងពីឆ្នាំ ២០០៥ មុនប្រកាសចូលនិវត្តន៍កាលពីឆ្នាំ ២០២១ ដោយបានឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១២ និងពានរង្វាន Euro ឆ្នាំ ២០០៨ និងឆ្នាំ ២០១២ ផងដែរ៕ ដកស្រង់ ៖ Daily Mail និង VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ