ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​វាយ​សី​មិត្តភាព​ភូមិភាគ​ឦសាន នាំ​មក​នូវ​សន្តិភាព មិត្តភាព និង​សុខភាព

1 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ ក្លិប​កីឡា​វាយ​សី​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ការ​ប្រកួត​កីឡា​វាយ​សី​ដ៏​ធំ​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥ ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មក​រា និង​ដណ្តើម​ពាន​មិត្តភាព​ភូមិភាគ​ឦសាន…

ខេត្តមណ្ឌលគិរី ៖ ក្លិប​កីឡា​វាយ​សី​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ការ​ប្រកួត​កីឡា​វាយ​សី​ដ៏​ធំ​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥ ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មក​រា និង​ដណ្តើម​ពាន​មិត្តភាព​ភូមិភាគ​ឦសាន ។

ព្រឹត្តិការណ៍​នេះ​ដឹកនាំ​ដោយ​លោក អ៊ឹ​ង តិច​ណិ​ញ ប្រធាន​សម្ព័ន្ធ​កីឡា​វាយ​សី​ខេត្តមណ្ឌលគិរី មាន​កីឡាករ​-​កីឡាការិនី​សរុប ៦៤​នាក់ មក​ពី​ខេត្តមណ្ឌលគិរី រតនគិរី និង​ស្ទឹង​ត្រែង បាន​ចូលរួម​ប្រកួត ដោយ​បាន​បែងចែក​ជា ៣២​ក្រុម និង​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ពេញ​មួយ​ថ្ងៃ ។

​លោក អ៊ឹ​ង តិច​ណិ​ញ បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ថង សា​វុន អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សម្ព័ន្ធ​កីឡា​វាយ​សី​ខេត្តមណ្ឌលគិរី ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​យុវជន​បាន​ដក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​បាន​បន្ថែម​ថា កីឡា​គឺជា​ស្ពាន​ត​ភ្ជាប់​សន្តិភាព មិត្តភាព និង​សុខភាព ការ​ប្រកួត​នេះ​មិន​ត្រឹមតែ​ជា​ការ​ស្វែងរក​អ្នក​ឈ្នះ​ប៉ុណ្ណោះ​ទេ តែ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់​ដែល​កីឡា​អាច​នាំ​មក​ជូន​គ្រប់​គ្នា​។ ដែល​អាច​ឲ្យ​មនុស្ស​មក​ពី​ទីកន្លែង​ផ្សេង​ៗ​គ្នា អាច​ទាក់ទង​គ្នា​ដោយ​គ្មាន​ឧបសគ្គ បង្កើត​បរិយាកាស​ស្និទ្ធស្នាល និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក នាំ​មក​នូវ​មិត្តភាព​រវាង​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគ​ឦសាន ។

​លោក​ប្រធាន​សម្ព័ន្ធ​កីឡា​វាយ​សី​ខេត្តមណ្ឌលគិរី មាន​ប្រសាសន៍​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​នេះ បាន​ទាក់ទាញ​អ្នកចូលរួម និង​អ្នក​ទស្សនា​ពី​ខេត្ត​ដទៃ​មក​កាន់​ខេត្តមណ្ឌលគិរី​។ នេះ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​កីឡា​នោះ​ទេ តែ​ថែម​ទាំង​ជា​ការ​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​តំបន់​ផង​ដែរ ដោយសារ​ភ្ញៀវ​ទេសចរ​នឹង​មានឱកាស​មក​កម្សាន្ត និង​ស្គាល់​ពី​ភាព​ស្រស់​ស្អាត និង​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ខេត្ត ។

​លោក អ៊ឹ​ង តិច​ណិ​ញ បាន​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​វាយ​សី​ជា​ការ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ ដែល​ជួយ​ពង្រឹង​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។ សម្រាប់​យុវជន ការ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​បែប​នេះ មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​លើកកម្ពស់​សុខភាព កាត់​បន្ថយ​ភាព​តានតឹង អភិវឌ្ឍ​ស្មារតី​លេង​កីឡា និង​ជៀសវាង​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេង​ៗ​។

​ព្រឹត្តិការណ៍​នេះ គឺជា​គំរូ​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ពី​ថាមពល នៃ​កីឡា ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​មនុស្ស បង្កើន​សេដ្ឋកិច្ច និង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​នៅ​ទូ​ទាំង​ភូមិភាគ​ឦសាន​។ ក្រោយ​បញ្ចប់​ការ​ប្រកួត​ពេញ​មួយ​ថ្ងៃ ក្រុម​ដែល​ឈ្នះ​បាន​ទទួល​នូវ​ពាន​កិត្តិយស សម្ភារៈ និង​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​យ៉ាង​រីករាយ​ពី​គណៈកម្មាធិការ​ប្រកួត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ