ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ចុះហត្ថលេខាលើបទបញ្ជាហាមអត្តពលិកកែភេ.ទចូលរួមប្រកួតកីឡាស្ត្រី

9 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ Donald Trump កាលពីថ្ងៃទី៥ ខែកុម្ភៈ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ Donald Trump កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដ៏សំខាន់មួយ នៅគោលបំណងហាមឃាត់អត្តពលិកកែភេទ (Transgender) ពីការចូលរួមប្រកួតក្នុងកីឡាផ្នែកក្មេងស្រី និងស្ត្រី ហើយបានណែនាំភ្នាក់ងារទាំងអស់ឱ្យដកមូលនិធិសហព័ន្ធ សម្រាប់សាលារៀនណាដែលមិនអនុវត្តតាម។ នេះបើយោងតាមប្រភពពីសារព័ត៌មាន The New York Times និង AP ចេញផ្សាយ។

បទបញ្ជាថ្មីនេះមានចំណងជើងថា «ការរក្សាបុរសចេញឆ្ងាយពីកីឡាស្ត្រី» ស្របពេលលោក ត្រាំ មានប្រសាសន៍ក្នុងបន្ទប់នៃសេតវិមាន មុនពេលចុះហត្ថលេខាលើបទបញ្ជានេះថា «ចាប់ពីពេលនេះទៅ កីឡាស្ត្រីនឹងមានសម្រាប់តែស្ត្រីប៉ុណ្ណោះ។ ជាមួយនឹងបទបញ្ជានេះ សង្រ្គាមលើកីឡារបស់ស្ត្រីត្រូវបានបញ្ចប់»។

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ច្បាស់ៗថា បទបញ្ជានេះ រក្សាការសន្យានៃចំណងជើងទី៩ ហើយនឹងតម្រូវឱ្យមានសកម្មភាពភ្លាមៗ រួមទាំងសកម្មភាពអនុវត្តច្បាប់ប្រឆាំងនឹងសាលារៀន និងសមាគមកីឡា ដែលបដិសេធការអនុវត្តតាម។

ពេលវេលានៃការផ្លាស់ប្តូរដ៏សំខាន់នេះ កើតឡើងស្របគ្នានឹងក្មេងស្រី និងស្រ្តីនៅក្នុងទិវាកីឡាជាតិ ហើយជាសកម្មភាពចុងក្រោយបំផុត នៃសកម្មភាពប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិកលើកទី៤៧ សំដៅលើអ្នកប្តូរភេទ។

លើសពីនេះទៀត លោក ត្រាំ ក៏បានចេញការព្រមានដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC មុនពេលការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ នៅទីក្រុងឡូសអាន់ជ័រលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ លោក ត្រាំ បានថ្លែងថា លោកបានផ្តល់សិទ្ធិអំណាចដល់រដ្ឋលេខាធិការ និងជារដ្ឋមន្ត្រីការបរទេស លោក Marco Rubio ដើម្បីបញ្ជាក់យ៉ាងច្បាស់ទៅកាន់ IOC ថា «អាមេរិកបដិសេធយ៉ាងដាច់អហង្ការចំពោះភាពល្ងង់ខ្លៅនេះ ជាមួយប្រធានបទដ៏អស់សំណើចទាំងនេះ។ យើងចង់ឱ្យពួកគេផ្លាស់ប្តូរអ្វីគ្រប់យ៉ាងទាក់ទងនឹងកីឡាអូឡាំពិក»។

លោកក៏បានបញ្ជាលោកស្រី Kristi Noem នាយកសន្តិសុខមាតុភូមិជាតិ ត្រូវបដិសេធរាល់ការសុំទិដ្ឋាការណាមួយធ្វើឡើងដោយអត្តពលិកប្តូរភេទ ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាអត្តពលិកស្ត្រី ដែលប៉ុនប៉ងចូលមកទឹកដីអាមេរិក ដើម្បីចូលរួមការប្រកួត។

យោងតាមប្រភពពី NBC News បានរាយការណ៍ថា យុវជនប្តូរភេទមួយចំនួន រួមជាមួយឪពុកម្តាយពួកគេបានដាក់ពាក្យបណ្ដឹងសហព័ន្ធប្រឆាំងនឹងបទបញ្ជានេះ ដោយពួកគេអះអាងថា បទបញ្ជានេះ ត្រូវបានដាក់ចេញក្នុងគោលបំណងរើសអើងដោយបើកចំហរក្នុងការរារាំងអ្នកប្តូរភេទពីការបង្ហាញអត្តសញ្ញាណយេនឌ័រខុសពីភេទពួកគេពីកំណើត។ យ៉ាងណាមិញ សេតវិមាន និងក្រសួងយុត្តិធម៌អាមេរិក មិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ