កីឡាអន្តរជាតិ ៖ ក្តីស្រមៃរបស់អ្នកគាំទ្របាល់ទាត់រាប់លាននាក់អាចនឹងក្លាយជាការពិត ខណៈដែលកំពូលកីឡាករ Lionel Messi និង Cristiano Ronaldo ត្រូវបានអញ្ជើញឱ្យចូលរួមលេងក្នុងក្រុមតែមួយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សម្រាប់ជំនួបពិសេសមួយ។
បើយោងតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិប Manchester United លោក Carlos Tevez ដែលស្ថិតនៅក្នុងចំណោមកីឡាករដ៏សំណាងមួយចំនួនផ្សេងទៀត ដែលជាមិត្តរួមក្រុមជាមួយទាំង Messi និង Ronaldo នោះ កាលពីថ្មីៗនេះ បានប្រកាសអំពីគម្រោងរៀបចំការប្រកួតដ៏ពិសេសលាទីលានបាល់ទាត់ ឬ Farewell Match របស់លោក នាខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ នៅឯកីឡដ្ឋាន La Bombonera របស់ក្លិប Boca Juniors នៅក្នុងប្រទេសអាហ្សង់ទីន។
លោក Carlos Tevez បច្ចុប្បន្នអាយុ៤២ឆ្នាំ ដែលចូលនិវត្តន៍ពីអាជីពតាំងពីឆ្នាំ ២០២២ នោះ បានបញ្ជាក់ថា លោកកំពុងទាក់ទងទៅកីឡាករ Messi និង Ronaldo ដោយផ្ទាល់តាមរយៈកម្មវិធី WhatsApp ដើម្បីបញ្ចុះបញ្ចូលកីឡាករឆ្នើមទាំងពីរឱ្យមកពាក់អាវរួមក្រុមតែមួយក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
ទោះយ៉ាងណាក៏ដោយ ការចូលរួមរបស់ Messi និង Ronaldo មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ដោយសារតែបញ្ហាប្រឈមធំបំផុតគឺកាលវិភាគប្រកួតដ៏មមាញឹករបស់ពួកគេជាមួយក្លិបរៀងខ្លួន។ ប៉ុន្តែប្រសិនបើការបញ្ចុះបញ្ចូលនេះជោគជ័យ នោះនឹងក្លាយជាការបិទបញ្ចប់ទំព័រប្រកួតប្រជែងដ៏អស្ចារ្យជាងមួយទសវត្សរ៍របស់កីឡាករទាំងពីរ ដោយបន្សល់ទុករូបភាពជាប្រវត្តិសាស្ត្រនៃការពាក់អាវរួមក្រុមជាមួយគ្នា។
គួរបញ្ជាក់ថា លោក Carlos Tevez ស្គាល់កីឡាករទាំងពីរនាក់យ៉ាងច្បាស់ ដោយសារ បានចំណាយពេល៣រដូវកាលលេងជាមួយ Ronaldo នៅ Manchester United ក៏ដូចជាពាក់អាវក្រុមជម្រើសជាតិអាហ្សង់ទីនជាមួយ Messi ផងដែរ៕ ប្រភព ៖ goal.com




ចែករំលែកព័តមាននេះ