ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Tommy Kim ប្រកាស​បើក​កម្មវិធី Kickboxing ថ្មី​«​ដួល​កន្លែង​ណា ងើប​កន្លែង​ហ្នឹង​»​ដើម្បី​បង្កើន​សមត្ថភាព​កីឡាករ​យើង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​លទ្ធផល​រួម កម្ពុជា​ឈ្នះ​១ និង​ជប៉ុន​ឈ្នះ​២ ក្នុង​ការ​ប្រកួតប្រដាល់​លក្ខណៈ Kickboxing ក្នុង​ព្រឹត្តិការណ៍ KNOCK OUT 68 នៅ​ប្រទេស​ជប៉ុន កាលពីថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៦ យ៉ាងណា​ក៏​ដោយក៏​លោក គី​ម ស្រ៊ុ​ន​កុសល (Tommy Kim) អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ងកម្ពុជា និង​ជា​ប្រ​ម៉ូ​ទ័​រ​កីឡាប្រដាល់​ដ៏​ល្បី​មួយរូប​របស់​កម្ពុជា​បាន​ថ្លែង​ថា ការ​ចូលរួម​ប្រកួតរបស់​កីឡាករ​ប្រដាល់​កម្ពុជា​បាន​ឆ្លុះ​បញ្ចាំង​ពីស្មារតី​កីឡា​ដ៏​រឹង​មាំ​បន្ទាប់​ពី​ការ​ប្រកួត​។

លោក Tommy Kim បន្ត​ថា នេះ​ជាបទ​ពិសោធន៍ និង​ជា​មេរៀន​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​កីឡាករ​យើង​ក្នុង​ការ​ឈាន​ជើង​ចូល​ក្នុង​សង្វៀន​កម្រិត​អន្តរជាតិ​ដែល​មានច្បាប់​វាយខុស​ពី​គុន​ខ្មែរ ។ ជាមួយ​គ្នា​នេះ លោក​បានប្រកាស​ពី​ការ​បង្កើត​កម្មវិធី Kickboxing ថ្មី​ផងដែរ​។

ចំពោះ​គោលបំណង​នៃ​ការ​បង្កើត​កម្មវិធី​ប្រដាល់ Kickboxing​ថ្មី ដែល​ឈរ​លើ​ស្មារតី «​ដួលកន្លែង​ណា ងើប​កន្លែង​ហ្នឹង​»​របស់​លោក Tommy Kim ត្រូវ​បាន​គេ​អះអាង​ថា គឺ​ចង់​ពង្រឹងសមត្ថភាពបន្ថែម​លើ​ចំណុច​ខ្វះខាត​របស់​កីឡាករ​យើង​ដូចជា​ពង្រឹង​ច្ចេកទេស និង​យុទ្ធសាស្ត្រ​ដោយ​បង្កើនការ​យល់​ដឹង​ឱ្យ​កាន់តែ​ច្បាស់​ពី​ច្បាប់ និង​ទម្រង់ប្រកួត​បែប Kickboxing ដែល​មិន​មានការ​ប្រើ​កែង ឬ​ចាប់​បោក​ដូច​គុន​ខ្មែរ ។

បង្កើត​ភាពស៊ាំនឹង​សង្វៀន​មួយ​នេះ​តាម​រយៈ​ការ​បង្កើត​កម្មវិធី​ប្រកួត​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​កីឡាករកម្ពុជា​យើង​មានឱកាស​ប្រកួត និង​អភិវឌ្ឍសមត្ថភាព​ជា​ប្រចាំ​ត្រៀម​ដណ្ដើម​ជ័យជម្នះ​លើ​ឆាកអន្តរជាតិ​នា​ពេល​ខាង​មុខ ។ បើកផ្លូវ​ទៅ​កាន់​ពិភពលោក​តាម​រយៈ​ការ​សហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ ដូច​ជា WKN (World Kickboxing Network) និង IKC (International Kickboxing Council) ។ ការ​ពង្រឹងសមត្ថភាព​ផ្នែក Kickboxing នឹង​ជួយ​ជំរុញ​ឱ្យ​កីឡាករ​កម្ពុជា​កាន់តែ​មានឱកាស​ចេញ​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​លំដាប់​ពិភពលោក​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ការ​ប្រកួត​ប្រដាល់លក្ខណៈ Kickboxing ក្នុង​ព្រឹត្តិការណ៍ KNOCK OUT 68​ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៦ កម្ពុជា​បាន​បញ្ជូន​កីឡាករ​ជើង​ខ្លាំង​៣​រូប​ឱ្យទៅ​ចូលរួម​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ជប៉ុន ។

ជា​លទ្ធផល កីឡាករ​កម្ពុជា​ឈ្នះ​១ និង​ចាញ់២​ក្នុង​នោះ​កីឡាករ​អេ អាំ​ម៉ា​រី​ន​ភូ​ថង ផ្ដួល​កីឡាករជប៉ុន Terashima Hikaru ក្នុង​ទឹក​ទី​២​។

ចំណែក​កីឡាករ ម៉ឺន មេ​ឃា ចាញ់​សន្លប់​ក្រោមកណ្ដាប់ដៃ​កីឡាករ​ជប៉ុន Rikito ក្នុង​ទឹក​ទី​២​វិញដែរ ខណៈ​កីឡាករ​គោរមៈ ច័ន្ទ​រាជ្យ ចាញ់​ពិន្ទុកីឡាករ​ជប៉ុន Leona Petta ៕