ប្រទេសព័រទុយហ្គាល់ ៖ ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត Ana Maria Markovic ដែលត្រូវបានគេដាក់ឈ្មោះថា កីឡាការិនីបាល់ទាត់ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកនោះ កាលពីពេលថ្មីៗនេះ បានប្រកាសចែកផ្លូវជាមួយក្រុម SC Braga នៅលីគកំពូលបាល់ទាត់នារីប្រទេសព័រទុយហ្គាល់ បន្ទាប់ពីប្រកបអាជីពបានត្រឹមពាក់កណ្តាលរដូវកាលប៉ុណ្ណោះ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Instagram កីឡាការិនីរូបស្រស់វ័យ២៥ឆ្នាំរូបនេះបានប្រកាសពីការសម្រេចចិត្តយ៉ាងដូច្នេះថា «ពេលខ្លះអ្វីៗមិនដូចការគ្រោងទុក។ បន្ទាប់ពីពាក់កណ្តាលរដូវកាលខ្ញុំបានសម្រេចចិត្តចាកចេញពី Braga»។ Markovic ចាត់ទុកមិត្តរួមក្រុមនាងថា គឺជាផ្នែកដ៏ល្អបំផុតនៃពេលវេលាអាជីពនៅក្នុងប្រទេសព័រទុយហ្គាល់ ដោយអរគុណពួកគេសម្រាប់ស្មារតីក្រុម និងគ្រប់ពេលវេលាដ៏អស្ចារ្យទាំងនៅលើ និងក្រៅទីលាន។ នាងក៏អរគុណ Braga សម្រាប់បរិយាកាសបាល់ទាត់អាជីព និងការគាំទ្ររបស់អ្នកគាំទ្រ។ SC Braga ក៏បានថ្លែងអំណរគុណចំពោះការលះបង់ ការប្ដេជ្ញាចិត្ត និងវិជ្ជាជីវៈពោរពេញទៅដោយទេពកោសល្យរបស់កីឡាការិនីរូបនេះ តាមរយៈការជូនពរនាងឱ្យមានភាពល្អប្រសើរសម្រាប់អនាគត។
កាលពីខែមុន Markovic បានបង្កើតចំណងជើងនៅលើកម្មវិធី TikTok នៅពេលដែលនាងបង្ហោះវីដេអូស្រក់ទឹកភ្នែកលាមិត្តប្រុសនាង Tomas Ribeiro ដែលជាកីឡាករបាល់ទាត់ដូចគ្នា ខណៈដែលខ្សែការពារសញ្ជាតិព័រទុយហ្គាល់ ដែលធ្លាប់លេងឱ្យក្រុម Vitoria Guimaraes ដែលមានមូលដ្ឋានក្នុងតំបន់ នៃទីក្រុង Braga រូបនេះ បានផ្លាស់ទៅចូលរួមជាមួយក្រុម Farense ដែលមានមូលដ្ឋាននៅទីក្រុង Faro នៃតំបន់ Algarve កាលពីខែមករាកន្លងទៅ ដោយត្រូវឃ្លាតឆ្ងាយពីមិត្តស្រីជាទីស្រលាញ់របស់ខ្លួន បើទោះជាស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់ យ៉ាងណាក៏ដោយ។ នៅគ្រានោះ Markovic បានបង្ហោះវីដេអូភ្ជាប់ជាមួយចំណងជើងថា «នៅពេលខ្លះខ្ញុំស្អប់បាល់ទាត់»។
យ៉ាងណាមិញ ក្រោយពេលចែកផ្លូវជាមួយក្រុម SC Braga កីឡាការិនី Markovic បានសម្រេចចុះហត្ថលេខាចូលរួមជាមួយក្រុម S.F. Damaiense នៅលីគកំពូលនារីព័រទុយហ្គាល់ដូចគ្នា មានមូលដ្ឋាននៅទីក្រុង Amadora ក្បែរទីក្រុង Lisbon។ អ្នកគាំទ្រមើលឃើញថា Markovic សម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយ Damaiense ដើម្បីបាននៅជិតមិត្តប្រុសជាទីស្រឡាញ់របស់នាង ព្រោះការដំណើរជិតជាង បើធៀបនឹងទីក្រុង Braga ទៅកាន់ទីក្រុង Faro។
សូមជម្រាបជូនថា កីឡាការិនី Ana Maria Markovic បានកើតនៅទីក្រុង Split ប្រទេសក្រូអាត បានផ្លាស់ទៅប្រទេសស្វីសនៅត្រឹមអាយុ១២ឆ្នាំ ហើយចាប់ផ្តើមអាជីពបាល់ទាត់ នៅទីនោះនៅអាយុ១៤ឆ្នាំ។ Markovic បានចូលរួមជាមួយ Braga នៅក្នុងខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីប្រកបអាជីពជាមួយក្រុម Grasshopper Zurich ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៤។ អំឡុងរយៈពេលខ្លីនៅ Braga ខ្សែប្រយុទ្ធជម្រើសជាតិក្រូអាតរូបនេះ បានបង្ហាញខ្លួនសរុបត្រឹម៤ប្រកួតប៉ុណ្ណោះ គ្មានគ្រាប់ស៊ុតបញ្ចូលទីឡើយ។ Markovic ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិក្រូអាត តាំងពីឆ្នាំ ២០២១ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងការបង្ហាញខ្លួន ២០ប្រកួត។
កន្លងមក Markovic តែងតែបាននិយាយម្តងហើយម្តងទៀតថា នាងសង្ឃឹមថាអ្នកគាំទ្រទាំងអស់ផ្តោតលើអាជីពបាល់ទាត់របស់នាងជាងរូបសម្រស់របស់នាង។ ហើយនាងធ្លាប់ប្រាប់អះអាងថា នាងយកគំរូតាមរបៀបហ្វឹកហាត់ និងការលេងរបស់ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo៕ ដកស្រង់ ៖ VnExpress
ចែករំលែកព័តមាននេះ