អន្តរជាតិ ៖ ស្រ្តីជនជាតិអេស្ប៉ាញ ជាម្តាយកូនប្រុសស្រីសរុបចំនួន៨នាក់ កាលពីថ្មីៗនេះ បានបង្ករឿងដ៏ភ្ញាក់ផ្អើលលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានបង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុន ដោយបញ្ចប់ការរត់ម៉ារ៉ាតុងចំនួន៧កម្មវិធីផ្សេងគ្នានៅទ្វីបទាំង៧ នៅក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ដែលបានរៀបចំដោយ World Marathon Challenge។
ដំណើរដ៏អស្ចារ្យបង្កើតប្រវត្តិសាស្ត្ររត់ម៉ារ៉ាតុងរបស់អ្នកនាង Estefania Unzu វ័យ៣៩ឆ្នាំ បានបញ្ចប់ក្នុងទីក្រុងម៉ៃអាមី (Miami) រដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ គឺជាកន្លែងដែលនាងបានប្រើថិរវេលា ៣ម៉ោង ៣៥នាទី និង ១៥វិនាទី។ បើទោះបីជានាងបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ដោយប្រើថិរវេលាច្រើនជាងអត្តពលិកជប៉ុន Tomomi Bitoh ក៏ពិតមែន ប៉ុន្តែនាងនៅតែទទួលតំណែងឯតទគ្គកម្មក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records។
បើយោងតាមប្រភពពី World Marathon Challenge បានបង្ហាញថា Unzu បានបង្កើតកំណត់ត្រាថ្មី ដោយគិតជាមធ្យមនៃថិរវេលារត់ប្រើរយៈពេលខ្លីបំផុតផ្នែកនារី សម្រាប់ការរត់សរុបទាំង៧កម្មវិធី គិតជាមធ្យមគឺ ៣ម៉ោង ១៨នាទី និង ៣០វិនាទី។ ចំណែកផ្នែកបុរសបានទៅលើលោក Michael Wardian អ្នករត់សញ្ជាតិអាមេរិក ដែលបានប្រើថិរវេលាគិតជាមធ្យម ២ម៉ោង ៤៥នាទី និង ៥៧វិនាទី សម្រាប់កំណត់ត្រាថ្មី។
ដំណើររត់ម៉ារ៉ាតុងដ៏អស្ចារ្យ សម្រាប់ការបង្កើតកំណត់ត្រាពិភពលោករបស់ Unzu រួមបញ្ចូលទាំងថិរវេលាបញ្ចប់ទីដ៏គួរឱ្យចាប់អារម្មណ៍នៅទីតាំងនីមួយៗ នៃ៧កម្មវិធីនៅទ្វីបទាំង ៧ រួមមាន ៖
-នៅអង់តាក់ទិក ដែលជាទ្វីបនៅភាគខាងត្បូងបង្អស់នៃផែនដី ដោយបានប្រើថិរវេលា ៣ម៉ោង ៣៨នាទី និង ៥៣វិនាទី
-ទ្វីបអាហ្វ្រីក ស្ថិតនៅទីក្រុងខេបថោន (Cape Town) ប្រទេសអាហ្វ្រីកខាងត្បូង ដោយបានប្រើថិរវេលា ៣ម៉ោងង ១០នាទី និង ១៤វិនាទី
-ទ្វីបអូសេអានី (Oceania) ស្ថិតនៅទីក្រុងភើតស៍ (Perth) ប្រទេសអូស្ត្រាលី ដោយបានប្រើថិរវេលា ៣ម៉ោង ១០នាទី និង ៣០វិនាទី
-ទ្វីបអាស៊ី ស្ថិតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយបានប្រើថិរវេលា ៣ម៉ោង ៩នាទី និង ៤៦វិនាទី
-ទ្វីបអឺរ៉ុប ស្ថិតនៅទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ ដោយបានប្រើថិរវេលា ៣ម៉ោង ១១នាទី និង ៣០វិនាទី
-ទ្វីបអាមេរិកខាងត្បូង ឬ អាមេរិកឡាទីន ស្ថិតនៅទីក្រុងហ្វូតាឡេហ្សា (Fortaleza) ប្រទេសប្រេស៊ីល ដោយបានប្រើថិរវេលា ៣ម៉ោង ១២នាទី និង ២៨វិនាទី
-ចុងក្រោយនៅទ្វីបអាមេរិកខាងជើង ស្ថិតនៅទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក ដោយបានប្រើថិរវេលា ៣ម៉ោង ៣៥នាទី និង ១៥វិនាទី។
ក្រោយបញ្ចប់ការរត់នៅទីក្រុងម៉ៃអាមី Unzu បានបង្ហាញចំណាប់អារម្មណ៍ប្រាប់សារព័ត៌មានអេស្ប៉ាញ AS យ៉ាងដូច្នេះថា «ការរត់នេះ គឺពិតជាស្វិតស្វាញខ្លាំងណាស់ និងជាជ័យជម្នះដ៏ធំបំផុតរបស់ខ្ញុំ គឺបានបញ្ចប់ការរត់ទាំងនេះ ហើយបានយកឈ្នះលើឧបសគ្គរបស់វាផងដែរ»។
អ្នកនាង Estefania Unzu គឺជាអ្នករត់ប្រណាំងដែលសម្រេចបាននូវការរត់ម៉ារ៉ាតុងកំណត់ត្រាផ្ទាល់ខ្លួនដ៏ល្អបំផុតរយៈពេល ២ម៉ោង និង ៤៩នាទី និងឈ្នះពានរង្វាន់ក្នុងការប្រកួតជើងឯករត់ប្រណាំងចម្ងាយ ១០០គីឡូម៉ែត្រ នៅប្រទេសកំណើតផងដែរ។ អ្នកនាងត្រូវបានស្គាល់យ៉ាងច្បាស់ថាគឺជាបុគ្គលល្បីឈ្មោះមួយរូបលើប្រព័ន្ធអ៊ីនធឺណិត នៅប្រទេសអេស្ប៉ាញ ដោយមានអ្នកតាមដានជាង២លាននាក់ទាំងលើយូធូប (YouTube) និងបណ្តាញសង្គម Instagram ដោយតែងតែចែករំលែកខ្លឹមសារនៃជីវិតប្រចាំថ្ងៃជាមួយស្វាមី និងកូនៗរបស់នាង។
ការបំបែកឯតទគ្គកម្មរបស់ Unzu ឆ្លងកាត់ការរត់៧កម្មវិធីផ្សេងគ្នា នៅទ្វីបទាំង ៧ បានទាក់ទាញការចាប់អារម្មណ៍ជាសកល មិនត្រឹមតែសម្រាប់សមិទ្ធិផលកីឡាប៉ុណ្ណោះទេ តែក៏សម្រាប់គោលបំណងដើម្បីរៃអង្គាសប្រាក់សម្រាប់ក្មេងអាយុ៦ឆ្នាំម្នាក់ រស់នៅទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ ដែលទទួលរងផលប៉ះបណ្តាលមកពីរោគសញ្ញានៃជំងឺកម្រ Menke-Hennekam ខណៈមានតែមនុស្ស៨១នាក់ប៉ុណ្ណោះ នៅលើពិភពលោក ដែលមានជំងឺនេះ។
រោគសញ្ញានៃជំងឺនេះ គឺជាលក្ខខណ្ឌហ្សែនដ៏កម្រមួយដែលត្រូវបានសម្គាល់ដោយពិការភាពបញ្ញា ភាពយឺតយ៉ាវនៃការអភិវឌ្ឍន៍ និងការលូតលាស់ជាដើម។ ស្របពេលមូលនិធិដែលបានបង្កើតឡើងនឹងគាំទ្រដល់ការព្យាបាលរាងកាយ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីស្វែងរកការព្យាបាលជំងឺនេះ៕ ដកស្រង់ ៖ World Marathon Challenge និង VnExpress
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/2094699b35a664d43e776b7006acef0d.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/f2e3f24acf4aba738eabd62834d917c0.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/2f34ca507294143e7e441a8df9c58dfb.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/56851434f628f43596829733d80e6a30.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/2f0c80a5829bd778936522620f8dc240-2.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/2fca129d5936ecd54ab54475b3863c02-scaled.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/ca352a07f2d0a0a4812defc2a0ff9452.webp)
ចែករំលែកព័តមាននេះ