ទីក្រុងបាងកក ៖ ព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃជាម្ចាស់ផ្ទះ បានធ្វើពិធីបើកជាផ្លូវការ កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅឯកីឡដ្ឋានជាតិ Rajamangala នាទីក្រុងបាងកក រយៈពេលប្រមាណ ២ ម៉ោង និង ៣០ នាទី។
ទោះយ៉ាងណាក៏ដោយ កំហុស និងបញ្ហាបច្ចេកទេសជាច្រើនបានលេចឡើងនៅក្នុងពិធីបើកនោះ។ ជាក់ស្តែង ពិធីបើកបានរំលឹកពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ១៩៩៧ ដែលប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ប៉ុន្តែរូបទង់ជាតិបង្ហាញលើអេក្រង់ដ៏ធំបែរជារូបទង់ជាតិរបស់ប្រទេសសិង្ហបុរីទៅវិញ។
កំហុស និងបញ្ហាបច្ចេកទេសដល់ទៅ ២ លើក កើតឡើងលើកម្ពុជា ដោយការដាក់អក្សរខុស «ជំរាបសួរ» បែរជា «ជាំរាបសួរ» ទៅវិញ។ មិនតែប៉ុណ្ណោះ ការសម្តែងប្រអប់ភ្លើង LED បង្ហាញប្រទេសអាស៊ានចូលរួមទាំង ១១ ប៉ុន្តែប្រអប់ភ្លើង LED តំណាងកម្ពុជា គ្មានភ្លើងបំភ្លឺដូចប្រទេសផ្សេង។
លើសពីនេះទៀត ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៥ នឹងមានមេដាយមាសចំនួន ៥៧៤ គ្រឿង ប៉ុន្តែចំនួនលេខបង្ហាញដោយដ្រូនខុស បែរជា ៥៤៧ គ្រឿងទៅវិញ។
កំហុសធំមួយទៀតនោះ គឺពិធីបើកបានបង្ហាញផែនដីប្រទេសវៀតណាមខុស លើអេក្រងដ៏ធំ ដោយបាត់កោះចំនួន ២ របស់វៀតណាម។ បញ្ហានេះ ភាគីវៀតណាម កំពុងផ្ទុះការវែងញែកយ៉ាងខ្លាំង ហើយបណ្តាសារព័ត៌មានវៀតណាមបានចេញផ្សាយថា វៀតណាមនឹងឆ្លើយតបជាលាយលក្ខណ៍អក្សរទៅគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមថៃពីកំហុសដ៏ធ្ងន់ធ្ងរ នៅក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម នៅល្ងាចថ្ងៃទី៩ ខែធ្នូ កន្លងទៅ។
បើតាមសារព័ត៌មានវៀតណាម Tri Thuc និង Znews កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា ថ្នាក់ដឹកនាំនៃគណៈប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេម បានដឹងអំពីកំហុសដ៏ធ្ងន់ធ្ងរក្នុងការបង្ហាញផែនទីរបស់ប្រទេសវៀតណាមខុស នៅក្នុងពិធីបើកកីឡាស៊ីហ្គេមលើកទី ៣៣។ គណៈប្រតិភូកីឡាបានទាក់ទងទៅស្ថានទូតវៀតណាមប្រចាំថៃ ដើម្បីសម្របសម្រួលការដោះស្រាយបញ្ហានេះ ដោយនឹងផ្ញើឯកសារផ្លូវការទៅកាន់គណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមថៃ ខណៈព័ត៌មានផ្លូវការក៏នឹងត្រូវប្រកាសនៅពេលក្រោយផងដែរ។
គួររំលឹកថា អាជ្ញាធរកីឡាថៃ (SAT) និងគណៈកម្មាធិការកីឡាស៊ីហ្គេមថៃ ទើបតែបានផ្ញើលិខិតសុំទោសជាផ្លូវការទៅកាន់គណៈកម្មាធិការអូឡាំពិកវៀតណាម និងឡាវ កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងកំហុសដ៏ហួសចិត្តបានកើតឡើងក្នុងការប្រកួតបើកឆាកវិញ្ញាសាបាល់ទាត់ផ្នែកបុរសកីឡាស៊ីហ្គេមលើកទី ៣៣ រវាងក្រុម U22 វៀតណាម និងក្រុម U22 ឡាវ នៅកីឡដ្ឋានជាតិ Rajamangala នាទីក្រុងបាងកក កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
កំហុសបានកើតឡើង បន្ទាប់ពីក្រុមទាំងពីរបានដើរចូលទីលាន ត្រៀមខ្លួនគោរពភ្លេងជាតិ ស្រាប់តែផ្នែកប្រព័ន្ធសំឡេងនៅកីឡដ្ឋាន ជួបប្រទះបញ្ហាបច្ចេកទេសភ្លាមៗ បណ្តាលឱ្យមន្ត្រីរៀបចំការប្រកួតសម្រេចចិត្តមិនចាក់ភ្លេងជាតិ ដែលបង្ខំឱ្យបណ្តាកីឡាករក្រុមទាំងពីរច្រៀងផ្ទាល់មាត់ ដោយច្រៀងបណ្តើរ លួចសើចហួសចិត្តបណ្ដើរ។ កំហុសនេះ បានបង្កឱ្យមានការមិនពេញចិត្ត និងការជជែកវែកញែកយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រទស្សនាផ្ទាល់ និងលើបណ្តាញទំនាក់ទំនងសង្គម ព្រោះនេះជារឿងដ៏កម្រមួយក្នុងការប្រកួតអន្តរជាតិ ពិសេសព្រឹត្តិការណ៍ក្នុងតំបន់ដ៏ធំដូចជា កីឡាស៊ីហ្គេម បែបនេះ។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលធ្វើពិធីបើកកាលពីថ្ងៃទី ៩ ខែធ្នូ នឹងដំណើការប្រកួតរហូតដល់ថ្ងៃទី២០ ខែធ្នូ នៅទីក្រុងបាងកក និងខេត្តឈុនបុរី៕ ប្រភព ៖ Znews, Seasia goal និង SNE Sports





ចែករំលែកព័តមាននេះ