រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជា បានសម្រេចដកខ្លួនពីការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ ២០២៥ នៅប្រទេសថៃ ជាផ្លូវការ បន្ទាប់ពីបានចូលរួមក្នុងនៅពិធីបើកជាផ្លូវការ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥ ដោយសារបារម្ភពីសុវត្ថិភាព ខណៈដែលភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរ ឡើងកម្តៅសាជាថ្មី។
បើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងលិខិតមួយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា «ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខ្ញុំសូមអភ័យទោសដែលជម្រាបជូនលោកអ្នកថា ដោយសារការព្រួយបារម្ភយ៉ាងខ្លាំង និងសំណើពីក្រុមគ្រួសារអត្តពលិករបស់យើង ឲ្យសាច់ញាតិរបស់ពួកគេត្រឡប់មកផ្ទះវិញជាបន្ទាន់ NOCC ត្រូវតែដកគណៈប្រតិភូទាំងអស់របស់យើងចេញ ហើយរៀបចំការត្រឡប់មកកម្ពុជាវិញជាបន្ទាន់ ដោយសារហេតុផលសុវត្ថិភាព»។
តាមរយៈលិខិតបានបន្តថា ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយងាយៗនោះទេ។ NOCC ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ច ភាពកក់ក្តៅ និងស្មារតីកីឡា ដែលបានផ្តល់ជូនអត្តពលិករបស់កម្ពុជា ដោយគណៈកម្មាធិការរៀបចំកីឡាថៃ (THASOC) និងគណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) អំឡុងពេលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣។
ទន្ទឹមជាមួយការជូនដំណឹងនេះដែរ NOCC ក៏បានសម្តែងការសោកស្តាយ ចំពោះការវិលត្រឡប់នេះ។ ហើយ NOCC នឹងធ្វើការជាមួយនឹងគណៈកម្មការរៀបចំ ដើម្បីសម្របសម្រួលការរៀបចំការចាកចេញ និងបែបបទចាំបាច់។
គួររំលឹកថា កម្ពុជាបានសម្រេចបញ្ជូនកីឡាចំនួន ១២ ប្រភេទ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ មានដូចជា កីឡាហែលទឹក ជឺជីតស៊ូ តេក្វាន់ដូ WT បាល់ទាត់លើតុ កាយសម្ព័ន្ធ អត្តពលកម្ម ម៉ូតូទឹក ឃីកបុកស៊ី អេឡិចត្រូនិច ជិះសេះ គុនដាវ និង ទ្រីយ៉ាថ្លុង៕





ចែករំលែកព័តមាននេះ