អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United , Real Madrid និង Juventus រូបនេះបានបន្តទៀតថា «ខ្ញុំកំពុងនិយាយអំពីស្ថិត។ ខ្ញុំគិតថាខ្ញុំជាកីឡាករល្អពេញលេញគ្រប់លក្ខណៈ។ ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងបានយ៉ាងល្អក្នុងពិភពបាល់ទាត់ទាំងក្បាល ទាំងទាត់ហ្វ្រីឃីក ជើងឆ្វេង ល្បឿន និងភាពរឹងមាំ។ ប្រសិនបើអ្នកចូលចិត្ត Messi, Pele, Maradona ខ្ញុំយល់រឿងនេះ ហើយខ្ញុំគោរពការសម្រេចចិត្តនេះ ប៉ុន្តែការនិយាយថា Ronaldo មិនពេញលេញគ្រប់លក្ខណៈ គឺមិនត្រឹមត្រូវនោះទេ ខ្ញុំពេញលេញគ្រប់លក្ខណៈបំផុត។ ខ្ញុំមិនបានឃើញមាននរណាម្នាក់ល្អជាងខ្ញុំទេ ហើយខ្ញុំនិយាយចេញពីបេះដូង»។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ បានបំបែកកំណត់ត្រាជាច្រើនក្នុងអាជីពរបស់ខ្លួន ហើយជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ៩២៣គ្រាប់ ដែលរកបានចុងក្រោយក្នុងការប្រកួតក្រុម Al Nassr យកឈ្នះ Al Wasl លទ្ធផល ៤-០ នៅពានរង្វាន់ AFC Champions League កាលពីថ្ងៃចន្ទ។
Ronaldo បានឈរលើកំពូលតារាងទស្សនាវដ្តី Forbes នៃបញ្ជីអត្តពលិករកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ ២០២៤ រហូតដល់ ២៨៥លានដុល្លារអាមេរិក។ ក្រៅពីជាកីឡាករមានថ្លៃពលកម្មខ្ពស់បំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ២០០លានអឺរ៉ូជាមួយក្លិប Al Nassr ហើយនោះ Ronaldo ក៏ជាបុគ្គលមានឥទ្ធិពលបំផុតលើបណ្តាញទំនាក់ទំនងសង្គមផងដែរ។ កាលពីខែកញ្ញាកន្លងទៅ រូបគេជាបុគ្គលដំបូងគេលើលោកមានអ្នកតាមដានលើបណ្តាញសង្គមរួមមាន Instagram Facebook X YouTube Kuaishou និង Weibo រហូតដល់១ពាន់លាននាក់ ខណៈការឈានដល់វ័យ៤០ឆ្នាំ ក៏នៅតែមិនបានជំរុញឱ្យខ្សែប្រយុទ្ធកម្ពស់១,៨៧ម៉ែត្ររូបនេះ គិតពីការចូលនិវត្តន៍ទាំងក្លិបអាជីព និងក្រុមជម្រើសជាតិព័រទុយហ្គាល់៕
ចែករំលែកព័តមាននេះ