ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ បានប្រកាសបើក

រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ បានប្រកាសបើកដំណើរការជាផ្លូវការហើយកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូកីឡាមកពី២៥រាជធានីខេត្តចូលរួម សរុបចំនួន ២៧០០នាក់ ។ ការប្រកួតនេះធ្វើឡើងក្រោមប្រធានបទ«កុមារជាថ្នាលអភិវឌ្ឍវិស័យកីឡា»។

ឯកឧត្តម វ៉ាត់ ចម្រើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបើកការប្រកួតនៅក្នុងឱកាសនោះបានមានប្រសាសន៍ឱ្យដឹងថា ការប្រកួតបានផ្ដោតទៅលើគោលបំណងសំខាន់ៗចំនួន៤រួមមាន៖

ទី១-បំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សាទូទាំងប្រទេស។
ទី២-ជួយបំផុសស្មារតី ឱ្យសិស្សបានចូល
រួមលេងកីឡាដើម្បីសុខភាព ការរីកចម្រើនផ្នែកបញ្ញាស្មារតី កាយសម្បទាមាំមួន និង
ឆន្ទះមោះមុត។

ទី៣-ជំរុញនិងលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកមានឧបនិស្ស័យ ដើម្បីចូលរួមការប្រកួត ក្នុងការបង្កើនសមត្ថភាពអាចក្លាយជាកីឡាករ កីឡាការិនីថ្នាលល្អៗ និងមានឱកាសអាចចូលរួមក្នុងក្រុមជម្រើសជាតិសម្រាប់ហ្វឹកហាត់ត្រៀមចូលរួមប្រកួតនៅលើឆាកជាតិនិងអន្តរជាតិនានា និង
ទី៤-បង្កើនការជួបជុំគ្នាដើម្បីបង្កបរិយាកាសសប្បាយរីករាយ បង្កើនមិត្តភាព សាមគ្គីភាព ការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែស្អិតល្មួតរវាងសិស្សនៅទូទាំងប្រទេស ឱ្យចេះរួមរស់ជាមួយគ្នា យ៉ាងល្អប្រសើរនៅក្នុងសង្គមជាតិ។

ឯកឧត្តម វ៉ាត់ ចម្រើន បានបន្តថា វិស័យអប់រំកាយនិងកីឡា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសិស្ស និស្សិត និងប្រជាពលរដ្ឋគ្រប់រូប បានកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ដូចជាការប្រើប្រាស់គ្រឿងញៀនជាដើម ។

កត្តាទាំងនេះ បានកើតចេញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ព្រមទាំងមានការចូលរួមពីសំណាក់ដៃគូពាក់ព័ន្ធទាំងអស់ ធ្វើឱ្យការប្រកួតមានការរីកចម្រើនរហូតមកទល់សព្វថ្ងៃនេះ។

សមិទ្ធផលទាំងនេះកើតចេញពីផ្លែផ្កា ដែលទទួលបានមកពីសន្តិភាព។ ដូច្នេះសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី ត្រូវបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល រួមគ្នាកសាងនិងថែរក្សាសុខសន្តិភាព ផ្សារភ្ជាប់ទៅនឹងកិច្ចការសង្គមលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ទាំងនៅក្នុងតំបន់ និងសាកលលោក។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានឱ្យដឹងថា បានសហការជាមួយសហព័ន្ធកីឡាចំនួន១២ក្នុងការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់​ជាតិ​ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២៤ លើ១២ប្រភេទកីឡាដែលមានចំនួន៦៥វិញ្ញាសា ។ កីឡាទាំង១២ប្រភេទនោះរួមមាន បាល់ទះ បាល់ទាត់ បាល់បោះ វាយសី អត្តពលកម្ម តេក្វាន់ដូWT តេក្វាន់ដូITF កីឡាវាយកូនឃ្លី​លើតុ ប៊ូលនិងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងកីឡាគុនដាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ