ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រជាង១.៦០០នាក់ ត្រូវដកហូតលិខិតឆ្លង​ដែន​មិនឱ្យធ្វើដំណើរទៅទស្សនា Euro 2024

6 ខែ មុន

ចក្រភពអង់គ្លេស ៖ អ្នកគាំទ្រកីឡាបាល់ទាត់ជាង១,៦០០នាក់ នៅទូទាំងប្រទេសអង់គ្លេស និង​

ចក្រភពអង់គ្លេស ៖ អ្នកគាំទ្រកីឡាបាល់ទាត់ជាង១,៦០០នាក់ នៅទូទាំងប្រទេសអង់គ្លេស និង​វេលស៍ ដែលជាប់បម្រាមបាល់ទាត់ ត្រូវបានអាជ្ញាធរប្រាប់ឱ្យប្រគល់លិខិតឆ្លងដែនពួកគេ ដើម្បីបញ្ឈប់អ្នកទាំងនោះមិនឱ្យធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ Euro 2024។

ប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា អ្នកគាំទ្រជាប់បម្រាមទាំងនោះ នឹងត្រូវដកហូតលិខិតឆ្លងដែនចក្រភពអង់គ្លេសរបស់ពួកគេ ចាប់ពីថ្ងៃទី៤ ខែមិថុនា រហូតដល់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃបញ្ចប់ការប្រកួត Euro 2024 ខណៈថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ គឺកាលបរិច្ឆេទបើកព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។

លោក Chris Philp រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧក្រិដ្ឋកម្ម នគរបាល និងអគ្គីភ័យរបស់ចក្រភពអង់គ្លេស បានថ្លែងថា «អំពើហិង្សា ការរំលោភបំពាន និងភាពមិនប្រក្រតី គឺត្រូវប្រាកដថា គ្មាននៅកន្លែងនៃការប្រកួត ដែលពួកយើងចូលចិត្តនោះទេ ហើយជនមិនគោរពច្បាប់អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់៦ខែ»។

លោកបន្ថែមថា «អ្នកគាំទ្រភាគច្រើនបានគោរពច្បាប់ ប៉ុន្តែយើងនឹងគ្មានការអត់ឱនចំពោះជនដែលរំខានដល់ព្រឹត្តិការណ៍នោះទេ។ វិធានការទាំងនេះនឹងធានាឱ្យអ្នកគាំទ្របាល់ទាត់ពិតប្រាកដអាចធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ Euro 2024 ដោយសុវត្ថិភាព និងការពារជនក្បត់ជាតិពីការប្រព្រឹត្តឧក្រិដ្ឋកម្មនៅបរទេស។

អ្នកដែលមិនគោរពតាម ឬព្យាយាមធ្វើដំណើរទៅអាល្លឺម៉ង់ ឬប្រទេសជុំវិញនោះ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាទម្ងន់ដោយគ្មានកំណត់ ឬការជាប់ពន្ធនាគារ។ មន្ត្រីប៉ូលិសក៏នឹងមានអំណាចបន្ថែម ដើម្បីស្ទាក់ចាប់អ្នកបង្កបញ្ហា ហើយបុគ្គលទាំងនោះនឹងប្រឈមមុខនឹងការហាមឃាត់ភ្លាមៗ នៅក្នុងសវនាការតុលាការក្នុងរយៈពេល២៤ម៉ោង» ។

អ្នកគាំទ្រជាង១,៣០០នាក់រួចហើយ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសកាតា សម្រាប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ឬ FIFA World Cup 2022 ខណៈ​បើ​យោងតាមតួលេខរបស់ស្ថាប័នប៉ូលិស ដែលចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំមុន បានបង្ហាញថា ចំនួននៃការចាប់ខ្លួនអ្នកបង្កបញ្ហា នៅក្នុងការប្រកួតបាល់ទាត់នៅប្រទេសអង់គ្លេស និងវេលស៍ បានឈានដល់កម្រិតខ្ពស់រយៈពេល៩ឆ្នាំកន្លងមកនេះ៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ