ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រុះ World Cup ៖ ជប៉ុនឡើងទៅជុំទី៣ ក្រោយប្រកួតទល់កូរ៉េខាងជើង ត្រូវលុបចោល

1 ខែ មុន

ប្រទេសជប៉ុន ៖ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានឡើងទៅកាន់វគ្គជម្រុះជុំទី៣ នៃការប្រកួត

ប្រទេសជប៉ុន ៖ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានឡើងទៅកាន់វគ្គជម្រុះជុំទី៣ នៃការប្រកួតជម្រុះពានរង្វាន់ World Cup ប្រចាំតំបន់អាស៊ី ដោយពុំចាំបាច់ធ្វើការប្រកួត បន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានសម្រេចលុបចោលការប្រកួតរបស់ពួកគេទល់នឹងម្ចាស់ផ្ទះកូរ៉េខាងជើង។

តាមការគ្រោងទុក ប្រទេសកូរ៉េខាងជើងត្រូវរៀបចំការប្រកួតវគ្គជម្រុះជុំទី២ ក្នុងពូល B ទល់នឹងក្រុមសាំមូរ៉ៃជប៉ុន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែទោះយ៉ាងណា ៥ថ្ងៃមុនការប្រកួតមកដល់ ក្រុមមន្ត្រីការប្រកួតរបស់កូរ៉េខាងជើងបានប្រកាសភ្លាមៗថា ខ្លួនមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតទល់នឹងភ្ញៀវជប៉ុនបានទេ ហើយមិនបានបញ្ជាក់ពីមូលហេតុថែមទៀត​ផង។

យ៉ាងណាមិញ កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC បានប្រកាស​ថា ការប្រកួតអាចត្រូវធ្វើឡើងនៅទឹកដីអព្យាក្រិត ឬទឹកដីកណ្ដាល ប៉ុន្តែ​២ថ្ងៃបន្ទាប់ FIFA បានប្រកាសសម្រេចលុបចោលការប្រកួតតែម្ដង ដោយមិនអនុញ្ញាតឱ្យកំណត់ពេលប្រកួតឡើងវិញឡើយ ដោយហេតុថា កូរ៉េខាងជើងមិនអាចរៀបចំការប្រកួតដូចការគ្រោងទុក និងមិនអាចរកទីតាំងជំនួសបាន។

FIFA បានបន្ថែមថា បញ្ហា និងលទ្ធផលនៃការប្រកួតនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការវិន័យរបស់ខ្លួន។ កូរ៉េខាងជើងអាចនឹងតម្រូវឱ្យចាញ់ដោយស្វ័យប្រវត្តិលទ្ធផល ៣-០ ដែលមានន័យថា ជប៉ុនបន្តឡើងទៅវគ្គជម្រុះទី៣ បើទោះបីជាជប៉ុននៅសល់២ប្រកួតទៀត នៅក្នុងពូល B នៃការប្រកួតជម្រុះជុំទី២ យ៉ាងណាក៏ដោយ។

ម្ចាស់ផ្ទះជប៉ុនបានយកឈ្នះកូរ៉េខាងជើង ដោយលទ្ធផល ១-០ នៅទីក្រុងតូក្យូ កាលពីថ្ងៃទី២០ ខែមីនា កន្លងទៅ គឺជាការឈ្នះ៣ប្រកួតជាប់ៗគ្នាក្នុងពូល B ឈរកំពូលតារាង តាមពីក្រោយដោយ ស៊ីរី មាន៤ពិន្ទុ កូរ៉េខាងជើង មាន៣ពិន្ទុ និងមីយ៉ាន់ម៉ា មាន១ពិន្ទុ។

ជប៉ុននឹងប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែមិថុនា ហើយបន្តទទួលក្រុមភ្ញៀវស៊ីរី នៅថ្ងៃទី១១ ខែមិថុនា ខណៈដែល២ប្រកួតចុងក្រោយរបស់កូរ៉េខាងជើង ត្រូវទទួលស្វាគមន៍ស៊ីរី និងមីយ៉ាន់ម៉ា ប៉ុន្តែគេនៅមិនទាន់ដឹងថា តើប្រទេសផ្តាច់ការមួយនេះ នឹងរៀបចំការប្រកួតទាំងពីរដែរឬទេ? (ប្រភព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ