ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FA Cup ៖ បិសាចក្រហមបំបាក់ស្លាបហង្សក្រហមទាំងលំបាក មុនបានកៅអីវគ្គពាក់កណ្ដាលផ្តាច់​ព្រ័ត្រ

4 ខែ មុន

ប្រទេសអង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុមហង្សក្រហម

ប្រទេសអង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុមហង្សក្រហម Liverpool យ៉ាងតានតឹងជាទីបំផុត នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ដោយលទ្ធផល ៤-៣ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ការប្រកួតប្រដេញគ្រាប់បាល់បញ្ចូលគ្នាយ៉ាងជក់ចិត្ត ដែលធ្វើឡើងនៅកីឡដ្ឋាន Old Trafford ក្រុមម្ចាស់ផ្ទះ Man Utd បានបើកគណនីនាំមុខមុននៅនាទី១០ ដោយខ្សែបម្រើស្កុតឡែន Scott McTominay មុនពេលក្រុមភ្ញៀវ Liverpool តាមស្មើ និងបន្ថែម១គ្រាប់នាំមុខវិញ ដោយខ្សែបម្រើអាហ្សង់ទីន Alexis Mac Allister នៅនាទី៤៤ និងខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah នៅនាទី៤៥+២ មុនបញ្ចប់វគ្គទី១ ជាមួយនឹងលទ្ធផល ២-១។

លុះចូលដល់វគ្គទី២ ពោលគឺនៅនាទី៨៧ Man Utd តាមស្មើមកវិញ សម្រេចបានដោយខ្សែបម្រើស្លាបប្រេស៊ីល Antony ហើយលទ្ធផលស្មើគ្នា ២-២ រក្សាដល់បញ្ចប់វគ្គទី២។ ការប្រកួតត្រូវបានបន្ថែម​១៥​នាទី២ដង ហើយខ្សែបម្រើប្រយុទ្ធអង់គ្លេស Harvey Elliott សម្រេចបាន១គ្រាប់ជួយ Liverpool នាំមុខសាជាថ្មីនៅនាទី១០៥ មុនពេលខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ធ្វើបាន១គ្រាប់ជួយ Man Utd តាមស្មើមកវិញនៅនាទី១១២ លទ្ធផល ៣-៣។

នៅទីបំផុត អ្វីៗត្រូវបានបញ្ចប់សម្រាប់ការប្រកួតដ៏ជក់ចិត្តមួយនេះ ជាមួយលទ្ធផល ៤-៣ បន្ទាប់ពីខ្សែបម្រើស្លាបកូដឌីវ័រ Amad Diallo រកគ្រាប់ជ័យជម្នះសម្រាប់ Man Utd នៅវិនាទីគ្រោះថ្នាក់ ១២០+១ ដើម្បីនាំក្រុមរហស្សនាមបិសាចក្រហមមួយនេះ ឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដោយត្រូវប៉ះក្រុម Coventry City មកពីលីគលំដាប់ទី២ EFL Championship ស្របពេលដែលក្រុមមេឃខៀវ Manchester City ត្រូវប៉ះក្រុមតោខៀវ Chelsea។

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ ៖
-១៦/មីនា/២០២៤ Wolves 2-3Coventry City
-១៦/មីនា/២០២៤ Man City 2-0 Newcastle
-១៧/មីនា/២០២៤ Chelsea 4-2 Leicester
-១៧/មីនា/២០២៤ Man Utd 4-3 Liverpool

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖
-២០/មេសា/២០២៤ Coventry City ប៉ះ Man Utd
-២០/មេសា/២០២៤ Man City ប៉ះ Chelsea៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ