ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អើលពិភពបាល់ទាត់ ជុំវិញរឿងក្ដីក្តាំរំលោ.ភផ្លូវភេ.ទរបស់អតីតកីឡាករឆ្នើមប្រេស៊ីល២រូប

9 ខែ មុន

អន្តរជាតិ ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ពិភពបាល់ទាត់មានការចាប់អារម្មណ៍

អន្តរជាតិ ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ពិភពបាល់ទាត់មានការចាប់អារម្មណ៍ជាមួយនឹងដំណឹងចុងក្រោយរបស់អតីតកីឡាករឆ្នើមក្រុមជម្រើសជាតិប្រេស៊ីលចំនួន២រូប គឺខ្សែការពារស្លាបស្តាំ Dani Alves និងខ្សែប្រយុទ្ធ Robinho ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ២ករណីផ្សេងគ្នា។ គួររំលឹកថា លម្អិត​ជុំវិញ​ការ​កាត់ទោស​កីឡាករ​ឆ្នើម Dani Alves ដាក់​ពន្ធនាគារ​ជាង​៤​ឆ្នាំ នៅ​អេ​ស្ប៉ា​ញ

ប្រភពពីសារព័ត៌មាន BBC បានរាយការណ៍ថា តុលាការអេស្ប៉ាញបានសម្រេចថា កីឡាករ Dani Alves ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល៤ឆ្នាំកន្លះពីបទពីបទរំលោភសេពសន្ថវៈ កាលពីខែមុន នឹងត្រូវបានដោះលែងនៅក្រៅឃុំ ដោយបង់ប្រាក់ធានាចំនួន១លានអឺរ៉ូ ដែលស្មើនឹង ៨៥៣,០០០ដុល្លារអាម៉េរិក និងបន្ទាប់ពីបានអនុវត្តទោសប្រហែលមួយភាគបួននៃទោសរបស់ខ្លួន។

អតីតខ្សែការពារស្លាបស្តាំក្រុម Barcelona, Juventus និង PSG ដែលបច្ចុប្បន្នវ័យ៤០ឆ្នាំ ត្រូវបានជាប់ជុំក្នុងការឃុំខ្លួនបណ្ដោះអាសន្នតាំងពីខែមករា ឆ្នាំ២០២៣ មកម្ល៉េះ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទរំលោភសេពសន្ថវៈលើនារីម្នាក់ នៅឯក្លិបកម្សាន្តរាត្រីមួយកន្លែងក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។

លក្ខខណ្ឌការដោះលែងរបស់តុលាការអេស្ប៉ាញ រួមបញ្ចូលទាំងការប្ដូរលិខិតឆ្លងដែនប្រេស៊ីល និងអេស្ប៉ាញរបស់ Dani Alves ដូច្នេះសាម៉ីខ្លួនមិនអាចចាកចេញពីប្រទេសអេស្ប៉ាញបានទេ។ Alves ក៏ត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការជារៀងរាល់សប្តាហ៍ ហើយតុលាការក៏បានដាក់ដីកាឃាត់ខ្លួន ដោយរារាំង Alves មិនឱ្យចូលទៅជិតជនរងគ្រោះឡើយ។ ការសម្រេចនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមេធាវីរបស់ Alves បានស្នើសុំឱ្យមានការដោះលែង ដោយហេតុផលថា Alves បានអនុវត្តទោសមួយភាគបួននៃការកាត់ទោសរួចទៅហើយ នៅក្នុងការឃុំខ្លួនបណ្ដោះអាសន្នបន្ទាប់ពីការចាប់ខ្លួន។

ទោះយ៉ាងណាក៏ដោយ មេធាវីជនរងគ្រោះបានហៅការសម្រេចរបស់តុលាការថាជារឿងដ៏អាម៉ាស់ជាទីបំផុត។ លោកស្រី Ester Garcia មេធាវីជនរងគ្រោះបានប្រាប់វិទ្យុ RAC1 ថា លោកស្រីខឹងសម្បារ និងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចនេះ ដោយបន្ថែមថាជាយុត្តិធម៌ដោយប្រព័ន្ធសម្រាប់អ្នកមាន។ លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងប្តឹងឧទ្ធរណ៍។

ដោយឡែកងាកទៅករណីមួយទៀត កីឡាករ Robinho ដែលជាមិត្តរួមក្រុមជម្រើសជាតិជាមួយនឹងកីឡាករ Dani Alves ផងនោះ ក៏ត្រូវប្រឈមនឹងការជាប់ពន្ធនាគារផងដែរ បន្ទាប់ពីចៅក្រមភាគច្រើននៃតុលាការប្រេស៊ីល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចតម្កល់ការកាត់ទោសពីបទរំលោភសេពសន្ថវៈរបស់តុលាការប្រទេសអ៊ីតាលីលើអតីតខ្សែប្រយុទ្ធឆ្នើមក្លិប Manchester City, AC Milan

និងប្រេស៊ីលរូបនេះ ដោយបន្ថែមថា Robinho ត្រូវតែជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ នៅក្នុងប្រទេសប្រេស៊ីល។

ប្រភពពី BBC, Sky Sports និង ESPN បានរាយការណ៍ថា Robinho វ័យ៤០ឆ្នាំ ត្រូវបានតុលាការអ៊ីតាលីរកឃើញថាមានពិរុទ្ធភាពក្នុងឆ្នាំ ២០១៧ ពីបទចូលរួមក្នុងការរំលោភបូកលើស្ត្រីជនជាតិអាល់បានីអាយុ២២ឆ្នាំម្នាក់ កាលពីឆ្នាំ ២០១៣ អំឡុងពេលរូបគេកំពុងប្រកបអាជីពជាមួយក្លិប AC Milan។ ប៉ុន្តែដោយសារ Robinho រស់នៅក្នុងប្រទេសប្រេស៊ីល ដែលមិនធ្វើបត្យាប័នជនជាតិខ្លួន ជាហេតុនាំឱ្យតុលាការប្រទេសអ៊ីតាលីស្នើការចាប់ខ្លួន និងដាក់ពន្ធនាគារនៅក្នុងប្រទេសកំណើតរបស់កីឡាកររូបនេះ។ ជាលទ្ធផលចៅក្រមនៃតុលាការយុត្តិធម៌ជាន់ខ្ពស់ប្រេស៊ីលបានសម្រេចថា Robinho ត្រូវតែអនុវត្តការកាត់ទោសនៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីការបោះឆ្នោតលើសំឡេងឆ្នោត ៩ទល់នឹង២។

មេធាវីរបស់ Robinho បានថ្លែងថា កូនក្ដីរបស់គាត់នឹងនៅតែមានសេរីភាព ដោយរង់ចាំការប្តឹងឧទ្ធរណ៍ដែលអាចប្រឆាំងនឹងសេចក្ដីសម្រេចនេះ។ លោក Jose Eduardo Alckmin មេធាវីជនត្រូវចោទបានប្រាប់តុលាការនៅដើមសវនាការថា កូនក្ដីរបស់គាត់ចង់ឱ្យមានការកាត់ទោសឡើងវិញនៅប្រទេសប្រេស៊ីល ដោយផ្អែកលើអធិបតេយ្យភាពជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ