លម្អិតជុំវិញការកាត់ទោសកីឡាករឆ្នើម Dani Alves ដាក់ពន្ធនាគារជាង៤ឆ្នាំ នៅអេស្ប៉ាញ
ប្រទេសអេស្ប៉ាញ ៖ តុលាការប្រទេសអេស្ប៉ាញបានកាត់ទោសអតីតកីឡាករបាល់ទាត់ក្រុមអ្នកមាន
ប្រទេសអេស្ប៉ាញ ៖ តុលាការប្រទេសអេស្ប៉ាញបានកាត់ទោសអតីតកីឡាករបាល់ទាត់ក្រុមអ្នកមាន
ប្រទេសអេស្ប៉ាញ ៖ តុលាការប្រទេសអេស្ប៉ាញបានកាត់ទោសអតីតកីឡាករបាល់ទាត់ក្រុមអ្នកមានបុណ្យ Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល លោក Dani Alves ដាក់ពន្ធនាគាររយៈពេល៤ឆ្នាំកន្លះពីបទរំលោ.ភផ្លូវភេ.ទលើនារីអាយុ២៣ឆ្នាំម្នាក់ នៅក្នុងក្លិបកម្សាន្តមួយកន្លែង នៅទីក្រុងបាសេឡូណា។ គួររំលឹកថា អតីតខ្សែការពារស្តាំក្រុម Barcelona ប្រឈមជាប់ពន្ធនាគារ១២ឆ្នាំ ក្នុងដំណើរការកាត់ទោសករណីបំពា.ននារីម្នាក់
លោក Dani Alves ខ្សែការពារស្លាបស្តាំវ័យ៤០ឆ្នាំ បានបដិសេធការរំលោភផ្លូវភេទលើនារីដើមចោទ ដែលបានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។ មេធាវីកីឡាកររូបនេះ បានស្នើសុំឱ្យរួចទោសហើយបានលើកឡើងថា គាត់នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ។ ចំណែកមេធាវីជនរងគ្រោះបានស្វាគមន៍ចំពោះសាលក្រមដោយលើកឡើងថា «គឺជាការទទួលស្គាល់នូវអ្វីដែលយើងតែងតែដឹងអំពីការពិតចេញពីមាត់ជនរថគ្រោះ និងការឈឺចាប់របស់នាង»។
ការកាត់ទោស Alves ដាក់ពន្ធនាគាររយៈពេល៤ឆ្នាំកន្លះ ប៉ុន្តែតុលាការលើកឡើងថា ចុងចោទគួរតែប្រឈមមុខនឹងការកាត់ទោស៥ឆ្នាំបន្ថែមទៀត ដោយអយ្យការបានស្នើឱ្យផ្ដន្ទាទោសដាក់ពន្ធនាគារ៩ឆ្នាំ។ នៅក្នុងប្រទេសអេស្ប៉ាញ ការអះអាងអំពីការរំលោភត្រូវបានស៊ើបអង្កេតក្រោមការចោទប្រកាន់ជាទូទៅអំពីការរំលោភផ្លូវភេទ ហើយការផ្តន្ទាទោសអាចជាប់ពន្ធនាគារចាប់ពី ៤-១៥ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា បន្ថែមពីការជាប់ពន្ធនាគារ តុលាការបានពិចារណាលើការសម្រេចចិត្តរបស់ Alves ក្នុងការបង់ប្រាក់សំណងដល់ជនរងគ្រោះចំនួន ១៥ម៉ឺនអឺរ៉ូ ដោយមិនគិតពីលទ្ធផលការកាត់ក្ដីលើរយៈពេលនៃការជាប់ពន្ធនាគាររបស់ចុងចោទ។ ស្របពេលដែលតុលាការមិនទទួលយកទឡ្ហីករណ៍របស់មេធាវីចុងចោទដែលអះអាងថា ចុងចោទគួរទទួលបានទោសស្រាលជាងនេះទែ ដោយសារតែស្ថានភាពស្រវឹង។
ប្រពន្ធរបស់កីឡាករ Dani Alves លោកស្រី Joana Sanz អាយុ៣១ឆ្នាំ បានថ្លែងថា Alves ស្រវឹងខ្លាំងណាស់ នៅពេលរូបគេត្រឡប់ទៅដល់ផ្ទះពួកគេនៅទីក្រុងបាសេឡូណា នៅយប់កើតហេតុនោះ ហើយបានដើរបុកគ្រឿងសង្ហារឹមនៅក្នុងផ្ទះ មុនពេលដេកនៅលើគ្រែ។ ប៉ុន្តែទោះយ៉ាងណា តុលាការបានប្រកែកថា ការផឹកគ្រឿងស្រវឹងរបស់កីឡាកររូបនេះ មិនបានប៉ះពាល់ដល់អាកប្បកិរិយារបស់គេនោះទេ។
ព្រះរាជអាជ្ញាបានថ្លែងថា Alves និងមិត្តរបស់គេបានទិញស្រាសំប៉ាញសម្រាប់នារីវ័យក្មេង៣នាក់ មុនពេល Alves បានល្បួងនារីម្នាក់ក្នុងចំណោមពួកគេឱ្យទៅបន្ទប់ទឹក VIP នៃក្លិបកម្សាន្ត បន្ទាប់មកបានប.ង្ខំនាងរួមភេ.ទតែម្ដង ដោយបានប្រើហិ.ង្សាប.ង្ខំនាងរួមភេ.ទ បើទោះបីជានាងសុំចាកចេញពីនោះម្ដងហើយម្ដងទៀត យ៉ាងណាក៏ដោយ។
កីឡាករ Dani Alves ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នចាប់តាំងពីខែ មករា ឆ្នាំ ២០២៣ មកម្ល៉េះ។ ដំបូងឡើយ Alves បានបដិសេធថា មិនបានស្គាល់នារីរងគ្រោះ តែក្រោយមកបែរជាអះអាងថាបានជួបនាងក្នុងបន្ទប់ទឹក ប៉ុន្តែគ្មាអ្វីកើតឡើងរវាងពួកគេទេ ប៉ុន្តែក្រោយមកទៀត Alves បាននិយាយថា ពួកគេបានរួមភេ.ទដោយការយល់ព្រមគ្នា។
សូមជម្រាបជូនថា Dani Alves ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដ៏ជោគជ័យម្នាក់នៅក្នុងប្រវត្តិសាស្ត្រ ដោយធ្លាប់លេងឱ្យក្លិបធំៗជាច្រើនរួមទាំង Barcelona, Juventus និង PSG ផងដែរ។ Alves បង្ហាញខ្លួនសរុប ១០៣០ប្រកួត ទាំងក្លិបអាជីព និងក្រុមជម្រើសជាតិ ជាមួយនឹងគ្រាប់បាល់បញ្ចូលទី៧៥គ្រាប់ ព្រមទាំងឈ្នះពានរង្វាន់ជាច្រើនរួមទាំង UEFA Champions League, La Liga, Serie A, Ligue 1 ហើយនិង Copa América ២ដង និង FIFA Confederations Cup ២ដងជាមួយសាំបាប្រេស៊ីល។ អាជីពចុងក្រោយរបស់ Alves គឺជាមួយក្លិប Pumas UNAM របស់ប្រទេសម៉ិកស៊ិក ប៉ុន្តែក្លិបនេះបានសម្រេចផ្តាច់កុងត្រា កាលពីខែមករា ឆ្នាំ២០២៣៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ