ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន! អតីតក្បាលម៉ាស៊ីនបាល់ទាត់ចិន ត្រូវកាត់ទោសដាក់ពន្ធនាគារមួយជីវិត

1 ខែ មុន

ប្រទេសចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍ថា អតីត

0:00
0:00

ប្រទេសចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍ថា អតីតប្រធានសមាគមបាល់ទាត់ចិន ត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតពីបទទទួលសំណូក ដែលមានចំនួន១១លានដុល្លារអាម៉េរិក ដែលនេះជាផ្នែកមួយនៃការបង្ក្រាបអំពើពុករលួយរបស់ទីក្រុងប៉េកាំង។

កាសែតរដ្ឋ People’s Daily ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្ដចិន បានចុះផ្សាយថា លោក Chen Xuyuan អតីតប្រធានសមាគមបាល់ទាត់ចិន ទទួលប្រយោជន៍ពីមុខតំណែងរបស់ខ្លួននៅសមាគមបាល់ទាត់ និងស្ថាប័នផ្សេងទៀត ដើម្បីទទួលយកដោយខុសច្បាប់នូវប្រាក់សំណូកពីមនុស្សផ្សេងទៀតសរុបរហូតដល់ ៨១.០៣លានយ័ន។ របាយការណ៍បានបន្តថា ការសូកប៉ាន់ដែលលោក Chen Xuyuan ទទួលយកគឺធំធេង និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់ការប្រកួតប្រជែង និងសណ្ដាប់ធ្នាប់នៅក្នុងវិស័យបាល់ទាត់ចិន។

លោក Chen Xuyuan ដែលក្លាយជាប្រធានសមាគមបាល់ទាត់ចិនក្នុងឆ្នាំ ២០១៩ កាលពីខែមករាកន្លងទៅ បានបង្ហាញខ្លួនក្នុងភាពយន្តឯកសារតាមទូរទស្សន៍ ដោយបានសារភាពអំពីការទទួលយកលុយពីអ្នកដែលចង់ទទួលបានប្រយោជន៍ពីគាត់។ បុរសវ័យ៦៧ឆ្នាំរូបនេះ បានថ្លែងថា «អ្នកគាំទ្រអាចទទួលយកការពិតដែលថា ស្ថានភាពនៃកីឡាបាល់ទាត់របស់ចិនគឺអាក្រក់ ។ ប៉ុន្តែពួកគេមិនអាចអត់ទោសចំពោះអំពើពុករលួយបាននោះទេ»។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គឺជាអ្នកគាំទ្របាល់ទាត់ម្នាក់ និងធ្លាប់លើកឡើងអំពីសុបិនរបស់លោកចង់ឃើញប្រទេសចិនធ្វើជាម្ចាស់ផ្ទះ និងឈ្នះពានរង្វាន់ World Cup នៅថ្ងៃណាមួយ។ ចាប់តាំងពីឡើងកាន់អំណាចកាលពី១ទសវត្សរ៍មុន លោក ស៊ី ក៏បានធ្វើការបង្រ្កាបយ៉ាងខ្លាំងក្លាលើអំពើពុករលួយ ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅក្នុងឧស្សាហកម្មបាល់ទាត់ក្នុងស្រុក។ មេដឹកនាំជាន់ខ្ពស់ និងនាយកប្រតិបត្តិនៃសមាគមបាល់ទាត់ចិនប្រហែល១០នាក់ ត្រូវបានទម្លាក់បុណ្យសក្តិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Chen Xuyuan ដែលកើតនៅទីក្រុងសៀងហៃ បានធ្វើការជាលេខាបក្ស និងប្រធានក្រុមហ៊ុន Shanghai International Port Group ចាប់ពីឆ្នាំ ២០១១ ដល់ខែមិថុនា ឆ្នាំ២០១៩។ គាត់បានចូលកាន់តំណែងជាប្រធានសមាគមបាល់ទាត់ចិន នៅខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យវិន័យ និងការស៊ើបអង្កេត កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយក្នុងខែកញ្ញា ព្រះរាជអាជ្ញាប្រជាជនកម្រិតមធ្យមទីក្រុង Huangshi ត្រូវបានចាត់តាំងឱ្យដោះស្រាយករណីនេះ។

ដោយឡែក បើយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួ (Xinhua) បានរាយការណ៍ថា សាលក្រមក្នុងសំណុំរឿងពុករលួយធំៗនៅក្នុងវិស័យបាល់ទាត់ចំនួន៤ទៀត ត្រូវបានរំពឹងថានឹងប្រកាសនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយនៅក្នុងនោះអាចរាប់បញ្ចូលទាំងអតីតគ្រូបង្វិកក្រុមជម្រើសជាតិចិន លោក Li Tie ដែលមនុស្សជិតស្និទ្ធនឹងលោក Chen Xuyuan ផងដែរ៕ (ប្រភព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ