រាជធានីភ្នំពេញ ៖ ដោយសារព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកទី១នៅកម្ពុជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអាណាព្យាបាលកុមារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចថា នឹងពង្រីកកម្រិតអាយុកុមារដែលអាចចូលរួមបានដល់អាយុ១០ឆ្នាំ ។ នេះបើតាមសេចក្ដីប្រកាសរបស់គណៈកម្មការរៀបចំការប្រកួតកីឡាកុមារអូឡាំពិកនៅកម្ពុជា ក្នុងពិធីបើកការប្រកួតកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអុីអនមានជ័យ។
ក្នុងការរៀបចំជាលើកដំបូង និងជាប្រវត្តិសាស្ត្រផងនោះ ព្រឹត្តិការណ៍កីឡាដ៏ពិសេស និងគួរឱ្យទាក់ទាញ និងមិនធ្លាប់មាននៅកម្ពុជានេះទទួលបានការចូលរួមពីកុមារា កុមារី តូចៗ ពីចន្លោះអាយុ១ឆ្នាំដល់៧ឆ្នាំចំនួនជាង៣៥០នាក់ ហើយការប្រកួតបានដំណើរការដោយមាន១០ប្រភេទកីឡា និងបញ្ចប់ដោយស្នាមញញឹមរីករាយគ្រប់ៗគ្នា។
ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនៅកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសដល់កុមារតូចៗ បញ្ចេញទេពកោសល្យផ្នែកកីឡា និងបានចូលរួមប្រកួតប្រជែងគ្នា ។ ប៉ុន្តែការប្រកួតនេះមិនផ្ដោតសំខាន់លើលទ្ធផលឈ្នះចាញ់ឡើយ ពោលគឺបណ្ដុះស្មារតីកីឡាដល់កុមារ ដើម្បីសុខភាព និងបញ្ញា។ មិនតែប៉ុណ្ណោះ ការចូលរួមលេងកីឡាក៏ពង្រឹងចំណងទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនៗកាន់តែខ្លាំងឡើងផងដែរ។
សម្រាប់ប្រភេទកីឡាទាំង១០ក្នុងឆ្នាំដំបូងនៃការរៀបចំនេះ មានដូចជា កីឡាវារ, កីឡាបាល់បោះ, កីឡាប្រាជ្ញាអូឡាំពិក, កីឡារត់,វាយសី, ជិះកង់, លើកទម្ងន់, បាល់ទាត់, ក្បាច់គុន, វាយកូនហ្គោលកុមារ ហើយប្រភេទកីឡានីមួយក៏ត្រូវបានបែងចែកទៅតាមកម្រិតអាយុកុមារ ផងដែរ៕





ចែករំលែកព័តមាននេះ