ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ FIFA ៖ អ៊ី​រ៉​ង់​នឹង​ចូលរួម​ព្រឹត្តិការណ៍ World Cup ហើយ​ប្រកួត​តាម​កាលវិភាគ​កំណត់

1 ថ្ងៃ មុន

អន្តរជាតិ ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​ទៅ​៣១…

អន្តរជាតិ ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​ទៅ​៣១ ខែមីនា ឆ្នាំ​២០២៦ ថា អ៊ី​រ៉​ង់ នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ហើយនឹង​លេង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​របស់​ពួក​គេ​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក តាម​កាលវិភាគ បើ​ទោះបីជា​មាន​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​យ៉ាងណា​ក៏​ដោយ​។

បុរស​ជនជាតិ​ស្វី​ស​វ័យ​៥៦​ឆ្នាំ​រូប​នេះ បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់ នៅ​ទីក្រុង Antalya ប្រទេស​តួ​ក​គី​យ៉េ ជា​កន្លែង​ដែល​ពួក​គេ​កំពុង​ប្រកួត​មិត្តភាព ហើយ​នេះ​ក៏​ជា​ការ​ទំនាក់ទំនង​លើក​ដំបូង​របស់​លោក​ជាមួយនឹង​ក្រុម​អ៊ី​រ៉​ង់ ចាប់តាំងពី​ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ​។

ថ្លែង​នៅ​ម៉ោង​សម្រាក​តង់​ទី​១ ការ​ប្រកួត​មិត្តភាព​រវាង​អ៊ី​រ៉​ង់ និង​កូ​ស្តា​រី​កា លោក Infantino បានឱ្យ​ដឹង​ដូច្នេះ​ថា «​អ៊ី​រ៉​ង់​នឹង​ចូលរួម​ព្រឹត្តិការណ៍ World Cup ហើយ​នោះ​ជា​មូលហេតុ​ដែល​យើង​នៅ​ទី​នេះ​។ យើង​រីករាយ​ណាស់ ព្រោះ​ពួក​គេ​ជា​ក្រុម​ដ៏​រឹង​មាំ​មួយ​»​។

លោក Infantino បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​បានឃើញ​ក្រុម​អ៊ី​រ៉​ង់ ខ្ញុំ​បាន​និយាយ​ជាមួយ​កីឡាករ និង​គ្រូបង្វឹក ដូច្នេះ​អ្វី​ៗ​គឺ​ល្អ​»​។ ហើយ​លោក​ក៏​បាន​បន្ត​សង្កត់ធ្ងន់​ថា «​ការ​ប្រកួត​របស់​អ៊ី​រ៉​ង់​នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន​ដែល​ពួក​គេ​គួរ​លេង ទៅ​តាម​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​»​។

សហព័ន្ធ​បាល់ទាត់​អ៊ី​រ៉​ង់​កាលពីដើម​ខែមីនា បាន​អះអាង​ថា ខ្លួន​កំពុង​ចរចា​ជាមួយ FIFA ដើម្បី​សុំ​ផ្លាស់​ប្តូរ​ទីតាំង​ការ​ប្រកួត World Cup របស់​ខ្លួន​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​ម៉ិ​ក​ស៊ិ​ក បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​សម្តែង​ការ​បារម្ភ​អំពី​សន្តិសុខ​របស់​ពួក​គេ​។ ស្រប​ពេល​ដែល​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោកស្រី Claudia Sheinbaum បាន​ប្រកាស​ថា ម៉ិ​ក​ស៊ិ​កបាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​របស់​អ៊ី​រ៉​ង់ ប្រសិនបើ​ចាំបាច់​។

ទោះបីជា​មាន​ភាព​ចម្រូងចម្រាស​ក៏​ដោយ ក៏ FIFA កំពុង​ប្រកាន់ខ្ជាប់​ផែនការ​ដែល​បាន​ព្រមព្រៀង​គ្នា បន្ទាប់​ពី​ការ​ចាប់ឆ្នោត​កាលពី​ខែធ្នូ​។ ហើយ​លោក Infantino ជឿជាក់​ថា​បាល់ទាត់​ត្រូវ​ដើរតួ​នាទី​ផ្សះផ្សារ​យ៉ាង​សំខាន់​នៅ​ក្នុង​ពិភពលោក​ដែល​បែកបាក់​។ នៅ​លើ​គេហទំព័រ​ផ្ទាល់ខ្លួន លោក Infantino បាន​សង្កត់ធ្ងន់​ថា FIFA នឹង​បន្ត​គាំទ្រ​អ៊ី​រ៉​ង់​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​ប្រកួត​។ លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​ដ៏​រឹង​មាំ​របស់​លោក​លើ​ការ​ចូលរួម​របស់​ក្រុម​អាស៊ី​ខាងលិច​ក្នុង​ការ​ប្រកួត​។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក លោក​បាន​បញ្ជាក់​ថា FIFA ចង់ឱ្យ​អ៊ី​រ៉​ង់​លេង ហើយ​ពួក​គេ​នឹង​លេង ដោយ​គ្មាន​ផែនការ B, C ឬ D នោះ​ទេ គឺ​មាន​តែ​ផែនការ A តែ​ប៉ុណ្ណោះ​។ ដូច្នេះ​អ្វី​ៗ​ត្រូវធ្វើ​តាម​ការ​គ្រោងទុក គ្មាន​ការ​ផ្លាស់​ប្តូរ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ FIFA World Cup 2026 នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ដោយ​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​។ តាម​កាលវិភាគ​ពូ​ល G អ៊ី​រ៉​ង់​នឹង​ប្រកួត​ជាមួយ​នូ​វែ​ល​សេ​ឡង់ និង​បែ​ល​ហ្ស៊ិ​ក នៅ​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេ​ស (Los Angeles) មុន​ពេល​ជួប​អេ​ហ្ស៊ី​ប នៅ​ទីក្រុង​ស៊ី​ថ​ល (Seattle) នៃ​ទឹកដី​សហរដ្ឋអាមេរិក​៕ ប្រភព ៖ The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ