ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​មហាសេដ្ឋី​ថៃ​ប្រកាស​លក់​ក្លិប Leicester City ក្រោយ​ជួប​វិប.ត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ

6 ម៉ោង មុន

ចក្រភព​អង់គ្លេស ៖ បន្ទាប់​ពី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ ព្រមទាំង​លទ្ធផល​មិន​សមប្រកប​ផង​នោះ គ្រួសារ​មហាសេដ្ឋី​ថៃ​ត្រកូល Srivaddhanaprabha បាន​សម្រេច​ដាក់​លក់​ក្លិប​បាល់ទាត់ Leicester City និង​ប្រព័ន្ធ​អេកូឡូស៊ី​កីឡា​ទាំងមូល​របស់​ក្លិប ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។

យោង​តាម​សារព័ត៌មាន The Athletic កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា គ្រួសារ​ត្រកូល Srivaddhanaprabha បាន​ដាក់​លក់​ក្លិប​បាល់ទាត់ Leicester City នៅ​ចក្រភព​អង់គ្លេស និង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​ទាំងអស់​របស់​ក្លិប​នេះ ក្រោម​ឈ្មោះ​គម្រោង «Project Lineup» ដែល​រៀបចំ​ដោយ​ធនាគារ​វិនិយោគ Citigroup របស់​សហរដ្ឋអាមេរិក​។ កញ្ចប់​លក់​នេះ​មាន​តម្លៃ​រំពឹង​ទុក ២២២ លាន​ផោន ឬ​ជិត ៣០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​រួម​បញ្ចូល​ទាំង​ក្លិប OH Leuven នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ដែល​បច្ចុប្បន្ន​ក៏​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​គ្រួសារ​មហាសេដ្ឋី​ថៃ​នេះ​ផង​ដែរ​។

ទោះ​យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជឿ​ថា តម្លៃ​ជាក់ស្តែង​អាច​បាន​ត្រឹមតែ ១៤៨ លាន​ផោន ឬ​ជិត ២០០ លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។ តួលេខ​នេះ​គឺ​ទាប​ជាង​ការ​រំពឹង​ទុក ដោយសារ​តែ​ក្រុម​រហស្សនាម​កញ្ជ្រោង ដែល​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស (Premier League) កាលពី​រដូវ​កាល ២០១៥-១៦ មួយ​នេះ ទើបតែ​ធ្លាក់​ទៅ​លេង​លី​គ​លំដាប់​ទី ៣ (League One) និង​ខាតបង់​ប្រាក់​យ៉ាង​គំហុក​ប្រមាណ ៩៦ លាន​ដុល្លារ ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ចុង​ក្រោយបង្អស់​របស់​ក្លិប​។

ចំណុច​ដែល​ទាក់ទាញ​បំផុត​នៃ​កិច្ចព្រមព្រៀង​នេះ ស្ថិត​នៅ​លើ​ទ្រព្យសម្បត្តិ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​រហូត​ដល់ ២៧៥ លាន​ដ​ល្លារ​របស់​ក្លិប រួម​មាន កីឡដ្ឋាន King Power, មជ្ឈមណ្ឌល​ហ្វឹកហាត់ Seagrave ដ៏​ទំនើប និង​ទីលាន Belvoir Drive ផង​ដែរ​។ នៅ​ក្នុង​ផ្សព្វផ្សាយ​របស់​ខ្លួន ធនាគារ Citigroup បាន​គូសបញ្ជាក់​ពី​ក្លិប Leicester City ថា ក្លិប​ដែល​ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​លី​គ​អង់គ្លេស EFL ដែល​មក​ជាមួយ​ប្រព័ន្ធ​សាលា​បណ្តុះបណ្តាល​យុវជន ដែល​បំពេញ​តាម​ស្តង់ដារ​កម្រិត​ទី​១​។

ការ​សម្រេចចិត្ត​ដាក់​លក់​ក្លិប​នេះ បាន​បង្កើត​ជា​រឿង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកគាំទ្រ​បាល់ទាត់​។ ដ្បិត​កាលពីដើម​ខែមករា​កន្លង​ទៅ លោក Aiyawatt Srivaddhanaprabha ដែល​ជា​ប្រធាន​ក្លិប បាន​ថ្លែង​ថា ការ​លក់​ក្លឹ​ប​មិនមែន​ជា​ជម្រើស ឬ​ជា​មធ្យោបាយ​សម្រាប់​គ្រួសារ​លោក​ក្នុង​ការ​បោះបង់​ចោល​ទីផ្សារ​បាល់ទាត់​នោះ​ទេ ដោយ​លោក​នៅ​តែ​មាន​ក្ដី​ស្រឡាញ់ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​វិស័យ​មួយ​នេះ​។

យ៉ាងណាមិញ គេ​ជឿ​ថា ការ​លេចឡើង​នៃ​គម្រោង «Project Lineup» នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សម្ពាធ​ហិរញ្ញវត្ថុ​ដែល​កំពុង​ធ្លាក់​លើ​ម្ចាស់​ក្លិប​មហាសេដ្ឋី​ជនជាតិ​ថៃ ដែល​បង្ខំ​ឱ្យ​ពួក​គេ​ស្វែងរក​ប្រភព​ទុន​ថ្មី បន្ទាប់​ពី​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​មួយ​រយៈ​ធំ​របស់​ក្រុម Leicester City៕ ប្រភព ៖ Znews