ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងឯក​៤​សម័យកាល «​អ៊ី​តា​លី​» ខកខាន​ប្រជែង​ពានរង្វាន់ World Cup ៣​លើក​ជាប់​គ្នា

1 ថ្ងៃ មុន

អន្តរជាតិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ី​តា​លី ដែល​នៅ​សល់​គ្នា​ត្រឹម ១០ នាក់ ក្រោយ​ទទួល​បាន​កាត​ក្រហម អស់​ឱកាស​ឡើង​ទៅ​កាន់ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ពានរង្វាន់ FIFA World…

អន្តរជាតិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ី​តា​លី ដែល​នៅ​សល់​គ្នា​ត្រឹម ១០ នាក់ ក្រោយ​ទទួល​បាន​កាត​ក្រហម អស់​ឱកាស​ឡើង​ទៅ​កាន់ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០២៦ នៅ​សហរដ្ឋអាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​វគ្គ Play-off ជម្រុះ​តំបន់​អឺរ៉ុប ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៤-១ ក្រោយ​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ​បូ​ស្នៀ និង​ហឺ​ហ្សេ​ហ្គោ​វី​ណា ក្រោយ​បញ្ចប់ ១២០ នាទី (​ម៉ោង​បន្ថែម ១៥​នាទី ២​ដង​) ស្មើគ្នា ១-១ នៅ​ឯ​កីឡដ្ឋាន Bilino Polje កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​។

តាម​រយៈ​លទ្ធផល​ខាងលើ​នេះ ក្រុម​អសុរី​អ៊ី​តា​លី ម្ចាស់​ជើងឯក​ពានរង្វាន់ World Cup ៤ សម័យកាល (១៩៣៤, ១៩៣៨, ១៩៨២, ២០០៦) ខកខាន​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ពានរង្វាន់​បាល់ទាត់​ធំ​បំផុត​មួយ​នេះ ៣ លើក​ជាប់​គ្នា ពោល​គឺ​ព្រឹត្តិការណ៍​ឆ្នាំ ២០១៨ នៅ​រុ​ស្ស៊ី ព្រឹត្តិការណ៍​ឆ្នាំ ២០២២ នៅ​កា​តា និង​ឆ្នាំ ២០២៦ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ខាង​មុខ​នេះ​។ មិនតែប៉ុណ្ណោះ អ៊ី​តា​លី​ក៏​បង្កើត​បាន​កំណត់​ត្រា​អាក្រក់​មួយ ជា​ក្រុម​ជើងឯក​ដំបូង​គេ ដែល​ខកខាន​ការ​ប្រកួត World Cup ៣ លើក​ជាប់​គ្នា​ផង​ដែរ​។

សមាសភាព​ក្រុម​ទាំង ៤៨ បន្តដំណើរ​ទៅ​កាន់ការ​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០២៦ រក​ឃើញ​ជា​ផ្លូវការ​ហើយ ខណៈ​ដែល​អ៊ី​រ៉ា​ក់​គឺជា​ក្រុម​ចុង​ក្រោយ​គេ​បង្អស់​ឈ្នះ​សំបុត្រ​យន្តហោះ​ទៅ​កាន់​ព្រឹត្តិការណ៍​នៅ​សហរដ្ឋអាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក បន្ទាប់​ពី​យកឈ្នះ​ក្រុម​បូ​លូ​វី​ដោយ​លទ្ធផល ២-១ ការ​ប្រកួត​ជម្រុះ Play-off អន្តរទ្វីប កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)​។

-​អឺរ៉ុប ១៦ ក្រុម ៖ អូ​ទ្រី​ស​, បែ​ល​ហ្ស៊ិ​ក​, បូ​ស្នៀ និង​ហឺ​ហ្សេ​ហ្គោ​វី​ណា​, ក្រូ​អាស៊ី​, សាធារណរដ្ឋ​ឆែក​, អង់គ្លេស​, បារាំង​, អា​ល្លឺ​ម៉​ង់​, ហូ​ឡង់​, ន័​រ​វែ​ស​, ព័រ​ទុ​យ​ហ្គា​ល់​, ស្កុ​តឡែ​ន​, អេ​ស្ប៉ា​ញ​, ស៊ុ​យ​អែ​ត​, ស្វី​ស និង តួ​ក​គី​យ៉េ
-​អាស៊ី ៩ ក្រុម ៖ អូស្ត្រាលី​, អ៊ី​រ៉​ង់​, អ៊ី​រ៉ា​ក់​, ជប៉ុន​, ហ្ស៊​ក​ដា​នី​, កា​តា​, អា​រ៉ា​ប៊ី​សា​អូឌីត​, កូរ៉េ​ខាងត្បូង និង អ៊ូ​ស​បេ​គី​ស្ថាន

-​អា​មេ​រិ​ក​ខាងត្បូង ៦ ក្រុម ៖ អា​ហ្ស​ង់​ទី​ន (​ក្រុម​ការពារ​ជើងឯក​) ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​, អ៊ុយ​រូ​ហ្គា​យ​, កូ​ឡុំ​ប៊ី និង​ប៉ា​រ៉ា​ហ្គា​យ
-​អាហ្វ្រិក ១០ ក្រុម ៖ អាល់​ហ្សេ​រី​, ទុ​យ​នេ​ស៊ី​, អេ​ហ្ស៊ី​ប​, ហ្គា​ណា​, ម៉ា​រ៉ុ​ក​, កាប់​វែ​រ​, កូត​ឌី​វ័​រ​, សេ​ណេ​ហ្គា​ល់​, អាហ្វ្រិក​ខាងត្បូង និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ

-Concacaf (​អា​មេ​រិ​ក​ខាងជើង កណ្តាល និង​កា​រ៉ា​ប៊ី​ន​) ៦ ក្រុម ៖ សហ​ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក កា​ណា​ដា និង ម៉ិ​ក​ស៊ិ​ក ព្រមទាំង គូ​រ៉ា​សៅ​, ហៃ​ទី និង​ប៉ា​ណា​ម៉ា
-​អូ​សេ​អា​នី ១ ក្រុម ៖ នូ​វែ​ល​ហ្សេ​ឡង់​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​នោះ ហ្ស៊​ក​ដា​នី អ៊ូ​ស​បេ​គី​ស្ថាន កាប់​វែ​រ និង គូ​រ៉ា​សៅ គឺជា​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង​បំផុត សម្រាប់​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ពានរង្វាន់ FIFA World Cup៕ ប្រភព ៖ Sky Sports

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ