រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងរដ្ឋអំណាចកីឡា នៃបណ្ដាប្រទេសអាស៊ាន និងតំណាងអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាខាងលើ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូបណ្ដាប្រទេសសមាជិកទាំងអស់ ដែលបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់ សម្រាប់ដំណើរឆ្ពោះទៅកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។
កិច្ចប្រជុំកម្រិតតំបន់លើវិស័យកីឡានេះ ផ្ដោតលើការងារសំខាន់ៗជាច្រើន ដោយផ្អែកលើគោលការណ៍ទាំង ៧ចំណុចរបស់អាស៊ាន ដូចជាការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍជំនាញ និងការបង្កើតនូវសុខដុមនីយកម្មក្នុងតំបន់ជាដើម។ ក្នុងនោះមានការងារអាទិភាព ៣ ដែលកម្ពុជាបានដាក់លើតុពិភាក្សាក្នុងសិក្ខាសាលានេះ រួមមាន៖ ១-កីឡាដើម្បីការអភិវឌ្ឍ និងសន្ដិភាព ២-វិទ្យាសាស្ដ្រកីឡា និងការផ្លាស់ប្ដូរដើម្បីកីឡាជំនាញ និង ៣-ការជំរុញការអនុវត្តផ្ទាល់ នូវសកម្មភាពកីឡាប្រពៃណីអត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗ ដោយផ្ដើមចេញពីកម្ពុជា។
តាមរយៈសិក្ខាសាលារយៈពេល ២ថ្ងៃ ដែលគ្រោងបិទបញ្ចប់នាថ្ងៃទី១ ខែមេសានេះ លោករំពឹងថា នឹងទទួលបាននូវធាតុចូលសំខាន់ៗ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០ នៃផែនការការងារអាស៊ាន ស្ដីពីកីឡា ក៏ដូចជាដំណើរការត្រៀមធ្វើម្ចាស់ផ្ទះប្ដូរវេន ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយខ្លឹមសារពិសេសសម្រាប់កម្ពុជា ក៏ដូចជាអាស៊ានផងដែរ៕




ចែករំលែកព័តមាននេះ