ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន ផ្ដល់​អនុសាសន៍​សំខាន់​៧​ចំណុច​ក្នុង​ឱកាស​ចូលរួម​បើក​សន្និបាត​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ…

រាជធានី​ភ្នំពេញ​៖​ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​មហាសន្និបាត​បូក​សរុប​ការងារ ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ឆ្នាំ​២០២៦ របស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នា​មជ្ឈមណ្ឌល​ជាតិ​នៃ​ជន​ពិការ តេ​ជោ​សែន​កាលពី​ថ្ងៃ​ទី​៣១​ខែមីនា​ឆ្នាំ​២០២៦​។

ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន បាន​បង្ហាញ​មោទនៈភាព ក្នុង​នាម​ជា​សាក្សី​មួយ​រូប​ដែល​បានដឹង​និង​ឃើញច្បាស់​នូវ​ការ​រីក​ចម្រើន​សម្រាប់ ឆ្នាំ​២០២៥ របស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ពិសេស​នូវ​ការ​កសាង​ស្នាដៃ​សម្រាប់​សង្គម​ជាតិ តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព និង​សក្តានុពល​នៃ​អត្ត​ព​លិ​ក​ពិការ​ភាព ដែល​បាន​នាំ​មក​នូវ​កិត្តិយស កិត្តិសព្ទ​ជូន​ជាតិ និង​ប្រជាជន​របស់​យើង​ក្នុង និង​ក្រៅប្រទេស​ដោយ​ការ ចូលរួម​ខិតខំ​យ៉ាង​ស្វិតស្វាញ​បង្ហាញ​នូវ​សមត្ថភាព និង​ប្រកួត​ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​គួរ​ជាទី​មោ​ទ​នៈ​។

ជាមួយ​គ្នា​នេះ ឯកឧត្ដម​ប្រមុខ NOCC ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អគ្គលេខាធិការដ្ឋាន មន្ត្រីរាជការ អ្នក​ស្ម័គ្រចិត្ត អ្នកមាន​ពិការ​ភាព និង​អាណាព្យាបាល​គ្រប់​លំដាប់ថ្នាក់​របស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប​ញ្ញ ស្មារតី តស៊ូ​អត់ធ្មត់ និង​ព្យាយាម​ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច និង​បេសកកម្ម​របស់​ខ្លួន​ជូន​ជាតិ​មាតុភូមិ​។

មិនតែប៉ុណ្ណោះ ការ​ចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​-​អន្តរជាតិ ក្រសួង អប់រំ យុវជន និង​កីឡា ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​សហការ និង​ផ្ដល់​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ ថវិកា និង​បច្ចេកទេស លើ​សកម្មភាព​ការងារ​របស់ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​ជា​ការ​រួមចំណែក​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការ​ភាព​បង្ក លក្ខណៈ​ជូន​បងប្អូន​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ និង​បាន​ពង្រឹងសមត្ថភាព​ជា​តំណាង​ឱ្យ​កម្ពុជា​លើ ឆាក​ជាតិ និង​អន្តរជាតិ​នាំ​ឱ្យ​កម្ពុជា​មាន​កិត្តិសព្ទ កេរ្តិ៍ឈ្មោះ និង​កសាង​មរតក​ប្រវត្តិសាស្ត្រ​ជូន​កូន​ខ្មែរ និង​យុវជន​នា​ជំនាន់​នេះ និង​ទៅ​ជំនាន់​ក្រោយ​ៗ​ទៀត​។

ជា​ចុង​ក្រោយ ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន បាន​ផ្ដល់​អនុសាសន៍​ដ៏​សំខាន់​ៗ​ចំនួន​៧​ដល់​សន្និបាត​ដែល​មាន ៖

១. តាម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​មាន​នីតិបញ្ញត្តិ
ដ៏​រឹង​មាំ ដូច្នេះ​សូម​អគ្គលេខាធិការដ្ឋាន​បន្ត​ពង្រឹង​នូវ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិបទ
នៃ​ការ​រីក​ចម្រើន​ដែល​តម្រូវការ​របស់​បងប្អូន​មាន​ពិការ​ភាព និង​អត្ត​ព​លិ​ក​ពិការ​ភាព​ឱ្យ​បាន​ទូលំទូលាយ ទៅ​គ្រប់​ទីកន្លែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

២. ខិតខំ​ប្រើប្រាស់ និង​សហការ​ជាមួយ​សមាជិក​តាម​បណ្តា​ខេត្ត​រៀបចំ​ព្រឹត្តិការណ៍
និង​លើកទឹកចិត្ត រិះរក​មធ្យោបាយ​ពង្រឹង​សក្តានុពល​ជន​មាន​ពិការ​ភាព​របស់​យើង​តាម​ភូមិ ឃុំ ខេត្ត ក្រុង នៅ​ទូ​ទាំង
ប្រទេស​។

៣. សូម​លើកទឹកចិត្ត​ពង្រឹង​និង​ពង្រីក​វិសាលភាព​ជូន​អត្ត​ព​លិ​ក​ពិការ​ភាព​វ័យក្មេង​ដើម្បី​បន្តវេន ដើម្បី កសាង​ធនធាន​កីឡា​មាន​ចីរភាព​ឆ្ពោះទៅ​ស្វែងរក​ឧត្តមភាព​ក្នុង​កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៦
ឆ្នាំ​២០២៩​។

៤. សូម​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ចូលរួម​សហការ និង​រៀបចំ​ផែនការ ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា របស់​យើង​ដោយ​មានការ​ប្រឡងប្រណាំង​តាម​បណ្តា រាជធានី ខេត្ត ក្រុង ឱ្យ​បាន​ល្អ​ប្រសើរ និង ចូលរួម​ដោយ​សកម្ម​រៀបចំ​កីឡា​ជាតិ​លើក​ទី​៥ និង​កីឡា​ប៉ា​រ៉ា​ជាតិ លើក​ទី​៣ ដែល​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​គណៈកម្មាធិការ ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​រៀបចំ​នា​ឆ្នាំ​២០២៦​នេះ​។

៥. ខ្ញុំ​សូម​គាំទ្រ​នូវ​ផែនការ​ដែល​បាន​លើក​ឡើង​សង្ខេប​ដោយ ឯកឧត្តម យី វាសនា សម្រាប់​ឆ្នាំ​២០២៦ និង​សូម​អគ្គលេខាធិការដ្ឋាន​រៀបចំ​យន្តការ​តាមដាន និង​វាយតម្លៃ​លើ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី ធានា​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ និង​ស្នើ​ថ្នាក់ដឹកនាំ​ស្ថាប័ន​អង្គភាព ពាក់ព័ន្ធ​គ្រប់​កម្រិត​ចូលរួម​សហការ និង​គាំទ្រ​ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ​។

៦. សូម​អាណាព្យាបាល​មេត្តា​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​បុត្រ​ធីតា​របស់​ខ្លួន​ដែល​មាន ពិការ​ភាព​ឱ្យ​ពួក​គាត់​បាន​ចូលរួម​គ្រប់​សកម្មភាព​ក្នុង​សង្គម និង​សកម្មភាព​កីឡា ដើម្បី​ក្លាយជា​មូលធន​មនុស្ស​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​កសាង​មាតុភូមិ​របស់​យើង​។

៧. សូម​អត្ត​ព​លិ​ក​ពិការ​ភាព​របស់​យើង​ត្រូវ​ខិតខំ​ហ្វឹកហាត់​ពង្រឹង​គុណ​ផល​របស់​ខ្លួន ដើម្បី​ចូលរួម​ការ ប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ​នាំ​មក​នូវ​ឧត្តមភាព​សម្រាប់​ចលនា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ