រាជធានីភ្នំពេញ ៖ លោកប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានផ្ដាំផ្ញើទៅដល់សិក្ខាកាមទាំងអស់ត្រូវនាំយកចំណេះជំនាញដែលទទួលបានទៅចែករំលែកបន្តដល់បណ្ដាក្លិបនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការជំនាញបច្ចេកទេសសម្រាប់ការប្រកួតកីឡាកម្រិតជាតិនិងអន្តរជាតិនាពេលខាងមុខ។
លោកប្រធានសហព័ន្ធថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គបំប៉នបច្ចេកទេសគ្រូបង្វឹកកីឡាចក្រយានកម្រិត១«Cycling Technical Course of Coaching Level1»ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែកុម្ភៈ និងបានបិទបញ្ចប់កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកប៉ាន សូរស័ក្តិបានឱ្យដឹងថា ដោយសារតែមានការយកចិត្តទុកដាក់ក្នុងការពង្រឹងសមាស
ភាពធនធានមនុស្សរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានធ្វើឱ្យកីឡាទោចក្រយានមានឱកាសចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះក្រោយពីបានបញ្ចប់វគ្គដ៏មានសារសំខាន់នេះទៅ លោកសង្ឃឹមថាគ្រូៗទាំងអស់នឹងនាំយកចំណេះដឹងទាំងនេះទៅអនុវត្តបន្តនៅតាមបណ្ដាក្លិបដែលមាននៅតាមរាជធានី-ខេត្ត ឱ្យស្របតាមផែនការជំនាញបច្ចេកទេស សម្រាប់ការប្រកួតកម្រិតជាតិនិងអន្តរជាតិនាពេលខាងមុខ។
លោកនូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងជាពិសេសក្នុងការទំនាក់ទំនងរវាងគ្រូនិងសក្ខាកាម ជាមួយនឹងការសម្រិតសម្រាំងខ្លឹមសារមេរៀនល្អៗ ។ អ្វីដែលធ្វើឱ្យលោកមានការចាប់អារម្មណ៍បំផុតនោះគឺសិក្ខាកាមបានលើកឡើងសំណួរជាច្រើនពាក់ព័ន្ធនឹងមេរៀន។ ទន្ទឹមគ្នានេះដែរ វគ្គសិក្សានេះគ្រូឧទ្ទេសក៏បានបង្រៀនបន្ថែមនូវការអនុវត្តបច្ចេកទេសជួសជុលកង់ ដែលខុសពីវគ្គមុនៗផ្ដោតទៅលើតែទ្រឹស្ដីមួយមុខប៉ុណ្ណោះ។ លោកក៏សូមអំពាវនាវទៅដល់លោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងមហាជនខ្មែរទាំងអស់បើចង់ឱ្យវិស័យកីឡាទោចក្រយាននៅកម្ពុជារីកចម្រើនទៅបាន ទាល់តែយើងចូលរួមទាំងអស់គ្នាឱ្យបានផុសផុល។
គួររំលឹកផងដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទោចក្រយាននៅពេលនេះមានសិក្ខាកាមមកពីតាមបណ្ដាក្លិបចំនួន៥រាជធានី-ខេត្តសរុបចំនួន២៥នាក់។ វគ្គនេះសិក្សាអំពីជំនាញកង់គួក(Road Bike)និងកង់ភ្នំ(Mountain Bike)ដែលជាកម្មវិធីប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕





ចែករំលែកព័តមាននេះ