រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នៅកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំង និងមានសំណូមពរយ៉ាងច្រើនពីសំណាក់អាណាព្យាបាលផងនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចថា នឹងពង្រីកកម្រិតអាយុកុមារ ដែលអាចចូលរួមបាន ដល់អាយុ១០ឆ្នាំ នេះបើតាមសេចក្ដីប្រកាសដោយគណៈកម្មការរៀបចំការប្រកួតកីឡាកុមារអូឡាំពិកនៅកម្ពុជា ក្នុងពិធីបើកការប្រកួតកាលថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអនមានជ័យ ។
ក្នុងការរៀបចំជាលើកដំបូង និងជាប្រវត្តិសាស្ត្រផងនោះ ព្រឹត្តិការណ៍កីឡាដ៏ពិសេស និងគួរឱ្យទាក់ទាញ និងមិនធ្លាប់មាននៅកម្ពុជានេះ ទទួលបានការចូលរួមពីកុមារា កុមារី តូចៗ ពីចន្លោះអាយុ១ឆ្នាំ ដល់៧ឆ្នាំ ចំនួនជាង៣៥០នាក់ ហើយការប្រកួតបានដំណើរការដោយមាន ១០ប្រភេទកីឡា និងបញ្ចប់ដោយស្នាមញញឹមរីករាយគ្រប់ៗគ្នា។
ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក នៅកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ឱកាសដល់កុមារតូចៗ បញ្ចេញទេពកោសល្យផ្នែកកីឡា និងបានចូលរួមប្រកួតប្រជែងគ្នា។ ប៉ុន្តែការប្រកួតនេះ មិនផ្ដោតសំខាន់លើលទ្ធផលឈ្នះចាញ់ឡើយ ពោលគឺបណ្ដុះស្មារតីកីឡាដល់កុមារ ដើម្បីសុខភាព និងបញ្ញា។ មិនតែប៉ុណ្ណោះទេ ការចូលរួមលេងកីឡា ក៏ពង្រឹងចំណងទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនៗកាន់តែខ្លាំងឡើង ។
សម្រាប់ប្រភេទកីឡាទាំង១០ ក្នុងឆ្នាំដំបូង នៃការរៀបចំនេះ មានដូចជា កីឡាវារ, កីឡាបាល់បោះ, កីឡាប្រាជ្ញាអូឡាំពិក, កីឡារត់, វាយសី, ជិះកង់, លើកទម្ងន់, បាល់ទាត់, ក្បាច់គុន, វាយកូនហ្គោលកុមារ ហើយប្រភេទកីឡានីមួយ ក៏ត្រូវបានបែងចែកទៅតាមកម្រិតអាយុកុមារ ផងដែរ ៕






ចែករំលែកព័តមាននេះ