រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា(CKF)បានមានប្រសាសន៍នៅក្នុងឱកាសបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាការ៉ាតេកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នៅសាកវិទ្យាល័យភូមិន្ទភ្នំពេញ ថា ការប្រកួតឆ្នាំនេះ ចំនួនក្លិបនិងអត្តពលិកកើនឡើងគួរឱ្យកត់សម្គាល់។
ឯកឧត្តមវ៉ាត់ ចំរើន បានដឹងថា ទោះបីនៅដើមឆ្នាំ២០២៦នេះយើងទាំងអស់គ្នាជួបនូវបញ្ហាមិនល្អនៅតាមបណ្ដោយព្រំដែន ហើយមានវីរកងទ័ពរបស់យើងម្នាក់ដែលធ្លាប់ហ្វឹកហាត់កីឡាការ៉ាតេនៅខេត្តបាត់ដំបង បានទទួលមរណភាព ធ្វើឱ្យថ្នាក់ដឹកនាំ និងបងប្អូនអ្នកហាត់ការ៉ាតេទាំងអស់មានការសោកស្ដាយជាពន់ពេក ក្នុងនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន បានចាត់តាំងឯកឧត្តមវ៉ាត់ ចំរើនចូលរួមក្នុពិធីបុណ្យសពនៅខេត្តបាត់ដំបង។ នេះគឺជាគំរូវីរភាពក្នុងនាមជាអ្នកហាត់ការ៉ាតេក្នុងការបម្រើជាតិមាតុភូមិក្នុងកាលៈទេសៈប្រទេសមានសង្គ្រាម។
ដើម្បីប្រែក្លាយការឈឺចាប់ទាំងអស់នេះឯកឧត្តមចង់ឱ្យប្អូនៗតាមក្លិប លោកគ្រូ អ្នកគ្រូត្រូវពង្រឹងសមត្ថភាពក្នុងការហ្វឹកហាត់ជំនាញកីឡាការ៉ាតេឱ្យបានគត់មត់ អភិវឌ្ឍន៍ទាំងផ្លូវកាយនិងផ្លូវចិត្ត។ យើងទាំងអស់គ្នាហាត់ការ៉ាតេមិនដើម្បីតែការ៉ាតេប៉ុណ្ណោះនោះទេ ត្រូវហាត់ដើម្បីអប់រំកាយនិងអប់រំចិត្តរបស់យើងឆ្ពោះទៅរកអនាគតរុងរឿងបាន ទាល់តែយើងមានសុខភាពផ្លូវកាយផ្លូវចិត្តល្អ ទើបធ្វើឱ្យយើងសិក្សារៀនសូត្របានកាន់តែល្អប្រសើរ ។ ក្នុងនាមតំណាងឱ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានសហព័ន្ធកីឡាការ៉ាតេ ដែលតែងតែយកចិត្តទុកដាក់ក្នុងការផ្ដល់ការឧបត្ថម្ភគាំទ្រជាច្រើនដល់សហព័ន្ធ ។ តាំងពីឆ្នាំមុន យើងបានទទួលគ្រូបរទេសហ្វឹកហាត់ផ្នែកកាតា ជាការចំណាយទាំងស្រុងរបស់ថ្នាក់ដឹកនាំសហព័ន្ធទាំងអស់។
ដោយឡែកឆ្នាំនេះ យើងត្រៀមការប្រកួតជាច្រើនទៀត ក្នុងទិសដៅប្រកួតគឺចង់រក្សាតំណែង
មេដាយសំរឹទ្ធរបស់យើងកាលពីព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនៅប្រទេសជប៉ុន និងធ្លាប់ទទួលបានមេដាយសំរឹទ្ធកាលពីឆ្នាំ២០១៤នៅទីក្រុងហានចូវប្រទេសចិន ។ កត្តារីកចម្រើនទាំងនេះគឺដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូល។
ជាការផ្ដាំផ្ញើរបស់ឯកឧត្តមអគ្គបណ្ឌិតគឺចង់ឱ្យបងប្អូនមានការសាមគ្គីគ្នា ឯកភាពគ្នាក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់កីឡាការ៉ាតេ ដុសខាត់ជំនាញ លះបង់នូវពេលវេលា ដើម្បីការ៉ាតេ។ មិនតែប៉ុណ្ណោះ ឯកឧត្តមអគ្គបណ្ឌិតចង់ឱ្យមានការសាមគ្គីភាពផ្ទៃក្នុងរវាងសិស្សនិងសាលាគុនទាំងអស់ និងអ្នកទទួលខុសត្រូវដឹកនាំឱ្យបានសុខដុមរមនាជាមួយគ្នាបានល្អ។
ការប្រកួតឆ្នាំនេះតាមការឱ្យដឹងមានក្លិបចូលរួមចំនួន២៧ មានកីឡាករ កីឡាការិនី គ្រូបង្វឹកថ្នាក់ដឹកនាំចូលរួមចំនួន៤៦៣នាក់។ ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ
ឆ្នាំ២០២៥៕

ចែករំលែកព័តមាននេះ