រាជធានីភ្នំពេញ ៖ សាឡង់ដឹកខ្សាច់មួយគ្រឿង ដែលទឹកហូរកួចបោកផ្ទប់ក្រឡាប់ជាប់នឹងសសរស្ពានបេឡេត៍ឆ្លងកាត់ទន្លេសាប ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានត្រូវម្ចាស់រៀបចំក្រុមជំនាញចុះទៅអូសយកចេញកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការត្រួតពិនិត្យពីសំណាក់តំណាងក្រុមហ៊ុន OCIC មន្ត្រីសាធារណការ និងដឹកជញ្ជូន និងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ទោះបីជាយ៉ាងណា គេនៅពុំទាន់ដឹងថា ក្រុមជំនាញយកសាឡង់នោះ ចេញបានឬយ៉ាងណានោះទេ? ព្រោះខ្សែទឹកកំពុងតែហូរកួចយ៉ាងខ្លាំង ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នោះ ខាងម្ចាស់សាឡង់ក៏បានហៅអ្នកជំនាញយកសម្ភារៈ ដើម្បីមកអូសទាញសាឡង់ដែលនៅជាប់សរសរស្ពានបេឡត៍នោះចេញដែរ តែគេពុំទាន់ដឹងថា យកចេញបាននៅពេលណានោះទេ ?

គួរបញ្ជាក់ថា សាឡង់ដឹកខ្សាច់មួយគ្រឿង បានត្រូវទឹកហូរកួចទៅបោកផ្ទប់ក្រឡាប់ជាប់នឹងសសរស្ពានបេឡេត៍ កាលពីវេលាម៉ោងប្រមាណ៤និង៥០នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្តាលឲ្យរងការខូចខាត ហើយ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងក្រុមហ៊ុន បានទៅត្រួតពិនិត្យនិងប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្ន ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ។

សាឡង់នោះមានប្រវែងជាង៤០ម៉ែត្រ ទទឹងប្រមាណ១០ម៉ែត្រ ដឹកខ្សាច់ពេញ ធ្វើដំណើរបញ្ច្រាសទឹកហូរក្នុងទិសដៅពីខាងត្បូងទៅខាងជើង ដើម្បីយកខ្សាច់ទៅដាក់នៅដេប៉ូគីឡូម៉ែត្រលេខ១០ ។ នៅពេលធ្វើដំណើរឆ្លងកាត់ក្រោមស្ពានបេឡេត៍ដែលទឹកហូរបុកខ្លាំង ជាហេតុធ្វើឲ្យសាឡង់បើកឡើងទឹកហូរមិនរួច ហើយអ្នកបើកបរខំដំឡើងរោទ៍ម៉ាស៊ីនយ៉ាងណាក៏នៅតែឡើងមិនរូច និងថយក្រោយបន្តិចម្តងៗ ។

ពេលនោះ ផ្នែកខាងក្រោយបានប៉ះសសរស្ពានហើយរេក្បាលបោកផ្ទប់នឹងសសរស្ពានម្ខាងទៀតនៅទទឹងង៉ាង និងក្រឡាប់ចាក់ខ្សាច់ជាប់តែម្តង ។ រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ការធ្វើចរាចរណ៍លើស្ពានបេឡេត៍នេះ នៅមិនទាន់អនុញ្ញាតឱ្យឆ្លងកាត់ឡើងវិញនៅឡើយទេ។
គួររំលឹកថា ៖ សាឡង់ដឹកខ្សាច់បើកឡើងខ្សែទឹកហូរបោកខ្ទប់ក្រឡាប់ជាប់ សរសរស្ពានបេឡេបណ្តាលឲ្យផ្អាកចរាចរណ៍បណ្តោះអាសន្ន ៕





ចែករំលែកព័តមាននេះ