រាជធានីភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២១ សីហា ២០២២នេះ បានចេញបញ្ជាឲ្យមេបញ្ជាការដ្ឋានកងអង្គរក្សរបស់សម្តេច បណ្តេញលោក សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ពនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ស្នើសុំលុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៉ូ (ហៅអធិរាជ មហាសាច់) ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ដោយសារពួកគេធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ។
បើយោងតាមលិខិតរបស់បញ្ជាការដ្ឋានអង្គរក្ស បានបង្ហាញថា កន្លងមក នាយទាហានទាំង០២រូបនេះ តែងតែបង្កហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ អង្គភាពបានហៅមកអប់រំជាច្រើនច្រើនសាដែរ តែមិនព្រមកែប្រែ ។ ដើម្បីជៀវាងការលំបាក និងធ្វើឱ្យប៉ះពាល់ដល់អង្គភាពទៅថ្ងៃក្រោយបន្តទៀត នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានគោរពសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីលុបឈ្មោះនាយទាហានទាំងពីរខាងលើចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ។
ចំណាររបស់សម្តេចតេជោ ហ៊ុន សែន ៖
-យល់ព្រម
-សូមសម្តេច ទៀ បាញ់ បំពេញបែបបទ បណ្តេញចេញជាបន្ទាន់ ។ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក អមដោយសារថា «ចរិតពាលរបស់ សាន្ត ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ ។ ដើម្បីជួយដល់ សាន្ត ប៊ុនធឿន និងប្រពន្ធកូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយលុយដើម្បី សាន្ត ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន្ត ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក ។ សម្តេចតេជោធ្លាប់បានអប់រំ សាន្ត ប៊ុនធឿន កុំឲ្យស៊ីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះកែមិនឡើងឡើយ ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើង ថ្ងៃនេះសម្តេចតេជោ បានបញ្ជាឲ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌ័កងទ័ព» ។
សូមជម្រាបថា តាមរយៈវីដេអូកំពុង Live បានបង្ហាញថា លោក សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន SBT ផឹកស្រា និងប្រើពាក្យអសុរស ព្រមទាំងបោ.កកែវ បោ.កចាន រួចស្រែករកថា «នរណាខ្លាំង លោ.តចេញមក» ។ នៅក្នុងវីដេអូ Live នោះ លោក សាន្ត ប៊ុនធឿន មិនត្រឹមតែប្រើប្រាស់ពាក្យសម្តីអសុរសនោះទេ តែក្នុងវីដេអូឃ្លីបនោះ លោកសាន្ត ប៊ុនធឿន ថែមទាំងបោកចានកំទេ.ចចោល ដោយសារតែលោកខឹងរឿងរកទិញក្តាមយកទៅក្លែមមិនបាន ដែលវីដេអូឃ្លីបមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមសម្តែងការហួសចិត្តគ្រប់គ្នា ៕
ចែករំលែកព័តមាននេះ