ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​​​ត្រូវធ្វើ​បច្ចុប្បន្នភាព​ឡើងវិញលើដី​អា​ស្រ័យ​ផល​និង​ដី​ព្រៃរបស់​រដ្ឋ

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ដល់​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ​លើ​ដី​អាស្រ័យ​ផល​ និង​ដី​ព្រៃរបស់​រដ្ឋ ដើម្បី​រក​ឱ្យ​ឃើញ​អ្នក​គ្រប់គ្រង អាស្រ័យ​ផល​ជាក់ស្តែង…

ខេត្តកំពង់ស្ពឺ ​៖ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ដល់​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ​លើ​ដី​អាស្រ័យ​ផល​ និង​ដី​ព្រៃរបស់​រដ្ឋ ដើម្បី​រក​ឱ្យ​ឃើញ​អ្នក​គ្រប់គ្រង អាស្រ័យ​ផល​ជាក់ស្តែង និង​ដី​ព្រៃ​ដែល​នៅ​សេសសល់​ពី​ការ​ទន្ទ្រាន​យក​។​ ការ​ណែនាំ​ធ្វើ​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៥ ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រដ្ឋបាល​ស្រុក​ថ្ពង​នៃ​ខេត្តកំពង់ស្ពឺ​។

អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម ជាម ច​ន្ទ័​សោភ័ណ មាន​ប្រសាសន៍​ថា មន្ទីរ​ជំនាញ​ពាក់ព័ន្ធ មាន​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​មន្ទីរ​ធនធានទឹក គប្បី​រួម​គ្នា​ធ្វើ​បច្ចុប្បន្នភាព​លើ​ការ​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ជាក់ស្តែង ដើម្បី​រដ្ឋបាល​ខេត្ត​មាន​វិធានការ​និង​ចាត់ចែង​ជូន​ដល់​ពលរដ្ឋ​អាច​គ្រប់គ្រង​ដោយ​ស្របច្បាប់​និង​ដកហូត​មក​វិញ​ចំពោះ​ដី​ដែល​កាប់​រាន​ដោយ​ខុសច្បាប់​។

ឯកឧត្តម​ជាម ច័ន្ទ​សោភ័ណ​មាន​ប្រសាសន៍​ថា ស្រុក​ថ្ពង​គឺជា​ស្រុក​មួយ​ដែល​បាន​និង​កំពុង​ប្រឈម​ជាមួយ​និង​ការ​ឈូស​ឆាយ កាប់​រានទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ក្នុង​នោះ​ជម្លោះ​ដណ្តើម​កាន់កាប់​ដី​ព្រៃ​ដោយ​ទុច្ចរិត​ក៏​កើត​មាន​ច្រើន​ផង​ដែរ​។​ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ខាងលើ ត្រូវ​ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​មាន​តម្លាភាព​និង​សុច្ចរិត​ភាព ប្រយោជន៍​ដើម្បី​រក្សា​ដី​ព្រៃរបស់​រដ្ឋ​ឱ្យ​បាន​គង់វង្ស​។

នៅ​ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត​កំពង់ស្ពឺ ក៏​បាន​ណែនាំ​ផង​ដែរ​ទៅ​ដល់​ស្រុក​-​ក្រុង​ទាំង​៩​ត្រូវ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ស្លាក​ប៉ាណូ​ទាំងអស់​ដែល​លើក​ផ្សាយពាណិជ្ជកម្ម​គឺ​មិន​ត្រូវ​ឱ្យ​មាន​ដាក់​ស្លាក​សញ្ញា ឬ​ពាក្យស្លោក​ក្នុង​ន័យ​បំផុស​ឱ្យ​មហាជន​នាំ​គ្នា​គាំទ្រ​ឬ​ផឹកស្រា​បៀរ​នោះ​ទេ​។​ជាមួយ​នោះ​ក៏​ត្រូវ​ពិនិត្យ​ឡើង​វិញ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ចំពោះ​ការ​បើក​ឱ្យ​មានការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ក្នុង​ករណី​ទីតាំង​ល្បែង​ដែល​បើក​លេង​ដោយ​សំអាង​ថា​មានការ​អនុញ្ញាត​ច្បាប់​ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ រដ្ឋបាល​ស្រុក​-​ក្រុង​ត្រូវ​រាយការណ៍​មក​រដ្ឋបាល​ខេត្ត​ដើម្បី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​បើក​លេង​នេះ​។

មួយវិញទៀត​ ក៏​ត្រូវ​ពង្រឹង​និង​ចាត់វិធានការ​ឱ្យ​បាន​តឹង​រឹង​និង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើង​គឺ​មិន​អនុញ្ញាត​ឱ្យ​រួចខ្លួន​ឡើយ និយាយ​រួម​ងើប​មួយ​បង្ក្រាប​មួយ កុំ​នាំ​គ្នា​វែក​ចក​គឺ​ត្រូវ​នាំ​គ្នា​ដក​ចក​ឬ​កើប​ចក​ចេញ ធ្វើ​យ៉ាងណា​ចូលរួម​អនុវត្តន៍​ឱ្យ​បាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិ​ភាព ពិសេស ​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​តាម​សេចក្តីណែនាំ​លេខ ០៤​ចុះ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ