អំណោយសម្រាប់ដោះទុក្ខមួយគ្រាជូនដល់ជនរងគ្រោះដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុង
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បាននាំយកជំនួយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារដែលរងនូវគ្រោះអគ្គិភ័យកាលពីរាត្រីថ្ងៃទី០៥ មករា ២០២៥ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ដើម្បីសម្រាលការលំបាកដែលប្រជាពលរដ្ឋជួបប្រទះបញ្ហាប្រឈមជាក់ស្តែង។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យមានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានចាត់ឲ្យអាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ និងមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សាខាកាកបាទក្រហមខេត្ត នាំយកនូវសម្ភារប្រើប្រាស់ គ្រឿងឧភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងនូវទុក្ខលំបាកបានមួយគ្រាពីគ្រោះអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង។

លោកអភិបាលក្រុងបានផ្តាំផ្ញើដល់គ្រួសារ ដែលរងគ្រោះអកុសលភ្លើងឆេះផ្ទះខាងលើនេះ ត្រូវបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត កុំមានការបាក់ទឹកចិត្ត និងថែទាំសុខភាពកាយចិត្តឲ្យបានប្រសើរ ។ ហើយលោកអភិបាលក៏ផ្តាំដល់ប្រជាពលរដ្ឋផ្សេងទៀតទាំងអស់ ត្រូវយកចិត្តកាប់ឆ្ការព្រៃ និងសម្អាតជុំវិញផ្ទះ ព្រោះរដូវនេះមានភាពរាំងស្ងួត និងខ្យល់បោកបក់រាល់ថ្ងៃ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលមកពីភ្លើងឆេះព្រៃជាដើម ។ ហើយម្យ៉ាងវិញទៀតកុំនាំគ្នាដុតព្រៃឬស្មៅងាប់ដែលវាអាចរាលដាល់ដល់លំនៅឋាន ឬឆេះដល់ទ្រព្យសម្បត្តិនានារបស់អ្នកភូមិ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង១៤នាទីយប់ មានអគ្គីភ័យកើតឡើងបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ នាង សុភាព ជនជាតិខ្មែរ អាយុ៥១ឆ្នាំ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យក្រុ ង សែនមនោរម្យ ខេត្តមណ្ឌលគិរី។តាមការបំភ្លឺពីម្ចាស់ផ្ទះគឺគាត់បានឱ្យបងប្អូន ដែលជាកម្មករសំណង់មកពីចម្ងាយស្នាក់នៅ និងមើលថែផ្ទះឲ្យដោយមិនយកថ្លៃឈ្នួលផ្ទះឡើយ។

ដោយឡែក យោងតាមការបំភ្លឺរបស់អ្នករស់នៅលើផ្ទះហ្នឹងផ្ទាល់គាត់ថា នៅវេលាម៉ោង២៣និង០០នាទីនៅចំណុចខាងលើផ្ទះ ចំសសរកណ្តាលមានហុយផ្សែងផ្ទុះសេខ្សែភ្លើង ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះយកតែម្ដង។អគ្គីភ័យនេះបណ្តាលឲ្យខូចខាត ១/.ផ្ទះថ្មឈើលើប្រក់ស័ង្កសីទំហំ០៨ម៉ែត្រគុណនិង១២ម៉ែត្រឆេះទាំងស្រុង។ ២/.គ្រែឈើចំនួន០៣ធ្វើពីឈើធ្នង់ចំនួន២ និងធ្វើពីនាងនួនចំនួន០១។ ៣/.ប្រាក់ចំនួន ៣០០.០០០៛។ ៤/.ចិញ្ចៀនមាសចំនួន០៦ជី។ ៥/.ទូរសព្ទ័ដៃចំនួន០២គ្រឿង។ ៦/.ខោអាវនិងសម្ភារគ្រឿងសង្ហារឹមផ្សេងៗឆេះទាំងស្រុង តែគ្មានមនុស្សណាម្នាក់របួសធ្ងន់ឬបាត់បង់ជីវិតឡើយ៕









ចែករំលែកព័តមាននេះ