ខេត្តកណ្ដាល ៖ មិនធម្មតាទេ ជនសង្ស័យ១ក្រុម ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀ.នដុះស្លែទៅហើយ ព្រមទាំងធ្លាប់ជាប់ពន្ធនាគារផងនោះ ក្រោយពីចេញពីពន្ធនាគារវិញបានបន្តធ្វើសកម្មភាពជួញដូរយ៉ាងសកម្ម ។
ពួកនេះបានប្រព្រឹត្តអស់រយៈពេលយូរមកហើយ និងលក់ដាច់ខ្លាំងណាស់ ដូចលក់របស់ហូបចុកអ៊ីចឹង ដោយនៅក្នុង១ថ្ងៃៗលក់អស់ចំនួន៥០កញ្ចប់ឯណោះ ។ ប៉ុន្តែទីបំផុត ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួលធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបានចំនួន០៧នាក់ ក្នុងនោះមានអ្នកប្រើប្រាស់ផងដែរ ហើយក៏បានដកហូតវត្ថុតាងគ្រឿងញៀ.នដែលនៅសេសសល់ពីការលក់ជាង១០កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ។
ការបង្ក្រាប និងឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យទាំង៧នាក់នោះ ជាបុរស និងសុទ្ធតែមានសារធាតុញៀ.នក្នុងខ្លួនទាំងអស់រួមមាន ១.ឈ្មោះ សេង វាសនា អាយុ៣២ឆ្នាំ ជននេះ គឺជាម្ចាស់ថ្នាំញៀ.ន និងជាម្ចាស់ទីតាំងដាក់លក់ ហើយធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ខែ នៅខេត្តកណ្តាល ពីបទជួញដូរគ្រឿងញៀ.ន ។ ២.ឈ្មោះ សេង សុជាតិ អាយុ៣៤ឆ្នាំ (អ្នកប្រើប្រាស់) ៣.ឈ្មោះ វង្ស ភា អាយុ ៤២ឆ្នាំ (អ្នកប្រើប្រាស់) អ្នកទាំង៣នេះមានទីលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ ។ ៤. ឈ្មោះ ផល ចាន់ណា អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នូល ជនរូបនេះ គឺជាអ្នកសហការណ៍លក់ចែកចាយថ្នាំញៀ.នខាងលើ និងធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ខែនៅខេត្តកណ្តាល ពីបទដឹកជញ្ជូនគ្រឿងញៀ.ន ។
៥.ឈ្មោះ ផាត់ និមល អាយុ២៦ឆ្នាំ (អ្នកប្រើប្រាស់) ៦.ឈ្មោះ ជិន គា អាយុ ២៣ឆ្នាំ (អ្នកប្រើប្រាស់) ៧. ឈ្មោះ អ៊ុង រ៉ា អាយុ ៣៤ឆ្នាំ(អ្នកប្រើប្រាស់) ទាំង៣នាក់នេះ មានទីលំនៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងនោះ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួលដកហូតបានវត្ថុតាងមួយចំនួនរួមមានថ្នាំញៀ.នចំនួន១៥កញ្ចប់ ម៉ូតូចំនួន៤គ្រឿង ,ទូរស័ព្ទចំនួន៤គ្រឿង ,ចម្ពាមកៅស៊ូចំនួន៤ ,កន្ត្រៃ ,ញញួរ ,ដែកកេះ និងសម្ភារៈសម្រាប់វេចខ្ចប់ និងព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀ.នផងដែរ ។
នៅចំពោះមុខមន្ត្រីកងរាជអាវុធហត្ថស្រុកអង្គស្នួល ជនសង្ស័យឈ្មោះ សេង វាសនា បានឆ្លើយសារភាពថា ថ្នាំញៀ.នទាំង១៥កញ្ចប់ ដែលកងរាជអាវុធហត្ថដកហូតនោះ គឺជារបស់ខ្លួនដែលបានឲ្យឈ្មោះ ផល ចាន់ណា ជាអ្នកកាន់កា.ប់លក់ចែកចាយឲ្យជារៀងរាល់ថ្ងៃ រយៈពេល១ខែមកហើយ ដោយក្នុង១ថ្ងៃៗលក់ដាច់អស់ចំនួន៥០កញ្ចប់ ហើយក្នុង១កញ្ចប់តម្លៃ២ម៉ឺនរៀល ។
ដោយឡែក នៅវេលាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ខ្លួនបានឲ្យថ្នាំញៀ.នទៅឈ្មោះ ផល ចាន់ណា ចំនួន២៨កញ្ចប់ ហើយលក់អស់គ្មានសល់ ។ លុះដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនោះ ខ្លួនបានឲ្យថ្នាំញៀ.នទៅឈ្មោះ ផល ចាន់ណា ដដែលចំនួន២២កញ្ចប់បន្ថែមទៀត ប៉ុន្តែទើបតែលក់អស់ចំនួន០៧កញ្ចប់ប៉ុណ្ណោះនៅសល់ចំនួន១៥កញ្ចប់ទៀត កំពុងលក់បន្ត ក៏ស្រប់តែកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួលបានទៅដល់ឃាត់ខ្លួនបានតែម្ដង ។
ប៉ុន្តែបើតាមប្រជាពលរដ្ឋបាននិយាយថា ជនសង្ស័យខាងលើនោះពុំមែនទើបតែចាប់ផ្ដើមលក់គ្រឿងញៀ.ននេះរយៈពេល១ខែដូចការសារភាពនោះប៉ុណ្ណោះទេ គឺក្រុមនេះប្រកបមុខរបរមួយនេះយូរមកហើយ មិនក្រោមពី១ឆ្នាំនោះឡើយ ។ ពួកគេលក់ដាច់ខ្លាំងណាស់ដូចលក់របស់ហូបចុកប្រចាំថ្ងៃអ៊ីចឹង ហើយមិនខ្លាចញញើតសមត្ថកិច្ចទេ គឺពួកនេះពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ពេលនេះសំណាងអាក្រក់ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាប និងឃាត់ខ្លួនបានទាំងសម្បុក ។
ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ