ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​កំ​បូល ចុះ​ឃាត់​សំណង់​អត់​ច្បាប់ តែ​ម្ចាស់​ថា​មានច្បាប់ រួច​យក​រថយន្ត​ពាំង​ផ្លូវ​មិន​ឲ្យ​ចេញពី​ទីតាំង​ខ្លួន និង​ទារ​សំណង​ជាង​១​លាន​រៀល

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងា​រដ្ឋបាល​ខណ្ឌ​កំ​បូល ដឹកនាំ​ដោយ​លោក គន់ ចាន់​សុភា​រី អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​ផ្អាក​ការ​សាងសង់​សំណង់​អាគារ​រោងចក្រ សម្រាប់​ជួល​មួយ​កន្លែង ដោយ​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រុមការងា​រដ្ឋបាល​ខណ្ឌ​កំ​បូល ដឹកនាំ​ដោយ​លោក គន់ ចាន់​សុភា​រី អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​ផ្អាក​ការ​សាងសង់​សំណង់​អាគារ​រោងចក្រ សម្រាប់​ជួល​មួយ​កន្លែង ដោយ​អះអាង​ថា អត់​ច្បាប់​អនុញ្ញាត​សាងសង់ និង​បាន​ចុះ​ណែនាំ ២​លើក​ហើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​មិន​ស្ដាប់​។ លុះ​លើក​ទី​៣ ក៏​បាន​អនុវត្តន៍​វិធានការ​រដ្ឋបាល ដកហូត​យក​សម្ភារៈ​សំណង់​មួយ​ចំនួន ដើម្បី​យក​ទៅ​កាន់​សាលា​ខណ្ឌ ស្រាប់តែ​ម្ចាស់​ទីតាំង​ខាងលើ យក​រថយន្ត​១​គ្រឿង ទៅ​ឈប់​ពាំង​ផ្លូវ​មិន​ឲ្យ​ក្រុមការងារ​បើករថយន្ត​ដឹក​សម្ភារៈ ចេញពី​ទីតាំង​របស់​ខ្លួន​ឡើយ ដោយ​ម្ចាស់​ទីតាំង​បាន​អះអាង​ថា មានច្បាប់​អនុញ្ញាត​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​បើ​ទោះជា​ខំ​បង្ហាញ​ឲ្យ​មើល​រួច​ហើយ ក្ដី​ក៏​អាជ្ញាធរ​នៅ​តែ​ហាមឃាត់​មិន​ឲ្យ​សាងសង់​ទៀត​។ ខណៈនោះ ម្ចាស់​ទីតាំង ក៏​បាន​ទារ​សំណង​ជាង​១​លាន​រៀល ពី​អាជ្ញាធរ​ផង​ដែរ ដោយ​គាត់​ចោទ​ថា អាជ្ញាធរ​បាន​ចុះ​ទៅ​ផ្អាក​ក្រុម​ជាង​របស់​គាត់​ជិត​៤០​នាក់ ធ្វើ​ឲ្យ​ខក​ខានមិនបាន​ធ្វើការ​កន្លះ​ថ្ងៃ ហើយ​គាត់​ខាត​ថ្លៃ​ឈ្នួល​ជាង​អស់​ជាង​១​លាន​រៀល ទទេ​ៗ ។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៥ នៅ​ក្នុង​ទីតាំង​ការដ្ឋាន​សំណង់​ខាងលើ ស្ថិត​នៅ​ក្នុងភូមិ​កប់​អំបិល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បើ​តាម​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​កំ​បូល បាន​ប្រាប់​ថា ម្ចាស់​ទីតាំង​សំណង់​ខាងលើ​នោះ​ឈ្មោះ ឈួ​ន គឹ​ម​ស្រៀ​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ គាត់​ពុំ​ទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​អគារ​រោងចក្រ​ខាងលើ​នោះ​ទេ គឺ​មាន​តែ​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់ ដែល​គាត់​បាន​ដាក់​ចូល​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ប៉ុណ្ណោះ ហើយ​ក្រសួង​នៅ​មិន​ទាន់​ចេញ​លិខិតអនុញ្ញាត​ឲ្យ​សាងសង់​នៅឡើយ ប៉ុន្តែ​គាត់​នៅ​តែ​សាងសង់ ។

ក្រុមការងារ​ខាងលើ បាន​និយាយ​ទៀត​ថា កន្លង​មក​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​សួរ​រក​ច្បាប់​សាងសង់​ចំនួន​២​លើក​រួច​មក​ហើយ ពេល​នោះ​ម្ចាស់​ទីតាំង​រូប​នេះ គ្រាន់តែ​ប្រាប់​ថា មានច្បាប់ ប៉ុន្តែ​មិន​បាន​យក​ច្បាប់​មក​បង្ហាញ​ឲ្យ​មើល​នោះ​ទេ ។ ពេល​នោះ​ក្រុមការងារ​ក៏​បាន​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន និង​ណែនាំ​ឲ្យ​ឲ្យ​គាត់​រៀបចំ​បែបបទ​សុំ​ច្បាប់​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ឲ្យ​បាន​រួចរាល់​ជា​មុន​សិន ទើប​អាច​សាងសង់​បាន ប៉ុន្តែ​គាត់​មិន​សហការ​នោះ​ទេ នៅ​តែ​បន្ត​ការ​សាងសង់​ទាំង​គ្មាន​ច្បាប់​ទៀត ទើប​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ បាន​ចុះ​ផ្អាក​ជា​លើក​ទី​៣​ទៀត និង​បាន​អនុវត្តន៍​វិធានការ​រដ្ឋបាល​ដកហូត​សម្ភារៈ​ជាង​មួយ​ចំនួន ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ ហើយ​ដរាបណា គាត់​ទទួល​បាន​លិខិតអនុញ្ញាត​ច្បាប់​សាងសង់​នោះ ទើប​ខណ្ឌ​ប្រគល់​សម្ភារៈ​នោះ​ជូន​គាត់​វិញ ។

ប្រភព​ដដែល បាន​ប្រាប់​ទៀត​ថា ពេល​នោះ​ម្ចាស់​ទីតាំង ពុំ​បាន​ចូលរួម​សហការ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខណ្ឌ​ឡើយ ថែម​ទាំង​យក​រថយន្ត​ទៅ​បិទផ្លូវ មិន​ឲ្យ​រថយន្ត​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​រថយន្ត​រដ្ឋបាល​ខណ្ឌ​ចេញពី​ទីតាំង​នោះ​ឡើយ​។ ជា​ជ​ម្រើ​ចុង​ក្រោយ​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ បាន​សម្រេច​ទុក​រថយន្ត ដែល​មាន​ស្លាក​លេខ​ចង្កូត​ស្ដាំ PP-1829 មួយ​គ្រឿង នៅ​ក្នុង​ទីតាំង​សំណង់​នោះ ហើយ​រាល់​ការ​ខូចខាត និង​បាត់បង់​ដោយ​ប្រការ​ណាមួយ​នោះ គឺជា​ការ​ទទួលខុសត្រូវ​របស់​ម្ចាស់​ទីតាំង​ខាងលើ​នោះ ។

ដោយឡែក ស្ត្រី​ជា​ម្ចាស់​ទីតាំង​សំណង់​ខាងលើ​នោះ បាន​និយាយ​ថា គាត់​បាន​សាងសង់​អគារ​នេះ ដើម្បី​ទុក​ជួល​បើក​រោងចក្រ ហើយ​សាងសង់​បាន​រយៈពេល​៧​ស​ប្ដា​ហ៍​កន្លង​មក​ហើយ ដោយ​គាត់​មិន​បាន​សុំ​ច្បាប់​សាងសង់ នៅ​សាលា​ខណ្ឌ​កំ​បូល​នោះ​ទេ​។ មូលហេតុ គឺ​សំណង់​ដែល​គាត់​សង់​នេះ មាន​ទំហំ​រហូត​ដល់​ទៅ​៥,០០០​ម៉ែត្រការ៉េ ដែល​តាម​ច្បាប់ គឺ​វា​បាន​ហួស​ពី​ដែន​គ្រប់គ្រង​របស់​អាជ្ញាធរ​ខណ្ឌ​ទៅ​ហើយ ដោយឡែក​អាជ្ញាធរ​ខណ្ឌ​គ្រប់គ្រង​បាន​ត្រឹមតែ​ទំហំ​៥០០​ម៉ែត្រការ៉េ ប៉ុណ្ណោះ ។

គាត់​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា ដោយសារ​តែ​បែប​នេះ​ហើយ ទើប​គាត់​អត់​សុំ​ច្បាប់​សាលា​ខណ្ឌ ហើយ​បាន​ទៅ​សុំ​ច្បាប់​អនុញ្ញាតិ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាម​ច្បាប់​កំណត់ ហើយ​ក៏​ទទួល​បាន​ច្បាប់​អនុ​ញ្ញា​ហើយ ទើប​គាត់​ហ៊ាន​សាងសង់​។ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​កំ​បូល​វិញ បាន​ចុះ​ហាមឃាត់​មិន​ឲ្យ​សាងសង់​ជា​បន្តបន្ទាប់ ចំនួន​៣​លើក​រួច​មក​ហើយ ទោះបីជា​គាត់​ប្រាប់​ថា មានច្បាប់​ហើយ​ក៏​នៅ​តែ​ឃាត់​ដែរ និង​ហៅ​ឲ្យ​គាត់​ទៅ​ជួប​ដោះស្រាយ​នៅ​សាលា​ខណ្ឌ ប៉ុន្តែ​គាត់​អត់​ទៅ​ឡើយ ព្រោះ​ពុំ​ដឹង​ថា ត្រូវ​ទៅ​ធ្វើ​អី បើ​មិន​ត្រូវ​សុំ​ច្បាប់​នៅ​ខណ្ឌ​ផង​នោះ ។

ស្ត្រី​រូប​នោះ បាន​និយាយ​ទៀត​ថា ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ស្រាប់តែ​អាជ្ញាធរ​ចុះ​ទៅ​ប្រាប់​ឲ្យ​ជាង​ផ្អាក​ការងារ និង​លើ​សម្ភារៈ​ជាងសំណង់​របស់​គាត់​ដាក់​រថយន្ត ប្រុង​ដឹក​ទៅ​សាលា​ខណ្ឌ និង​ផ្ដាំ​តាម​ជាង​ឲ្យ​ប្រាប់​គាត់ ទៅ​ដោះស្រាយ​គ្នា​នៅ​សាលា​ខណ្ឌ ហើយក​ជាង ក៏​បាន​ប្រាប់​ឲ្យ​គាត់​ដឹង​តាម​នោះ​។ ទើប​ពេល​នោះ គាត់​បាន​បើករថយន្ត​ទៅ​កាន់​ទីតាំង​នោះ ឈប់​តាម​ផ្លូវ ប៉ុន្តែ​គាត់​មិន​បាន​ឈប់​រាំងផ្លូវ​នោះ​ទេ ដោយសារ​តែ​ផ្លូវ​ទំហំ​ត្រឹមតែ​ជាង​៣​ម៉ែត្រ ហើយ​ពេល​គាត់​បើករថយន្ត​ចូល​ទៅ អាជ្ញាធរ​ក៏​បើករថយន្ត​ចេញ​មក ទើប​ទុល​គ្នា​ចេញ​មិន​រួច ហើយ​គាត់​ក៏​ឈប់​រថយន្ត​នៅ​ទីនោះ​តែ​ម្ដង ដើម្បី​ដោះស្រាយ​គ្នា ។

ស្ត្រី​រូប​នោះ ក៏​ចង់​ហៅ​អា​ជ្ញ​ធរ​ស្បថ ជាមួយ​គ្នា​ទៀត​ផង ប្រសិនបើ​ចោទ​ថា គាត់​បិទផ្លូវ​នោះ មិនតែប៉ុណ្ណោះ គាត់​បាន​សុំ​ឲ្យ​អាជ្ញាធរ​សង​លុយ​១,១៤០,០០០​រៀល ព្រោះ​អាជ្ញាធរ បាន​ឲ្យ​ជាង​របស់​គាត់ ចំនួន​៣៨​នាក់ ផ្អាក​ការងារ ធ្វើ​ឲ្យ​ជាង​ទាំងនោះ មិន​បាន​ធ្វើការ​កន្លះ​ថ្ងៃ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ត្រូវ​ខាត​ថ្លៃ​ឈ្នួល​ជាង​ចំនួន​ទឹកប្រាក់​ខាងលើ ទើប​គាត់​ទាមទារ​សំណង​ពី​អាជ្ញាធរ​បែប​នេះ ហើយ​គាត់​ក៏​សុំ​ឲ្យ​អាជ្ញាធរ​ទម្លាក់​សម្ភារៈ​គាត់​ទុក​វិញ ទើប​បើកផ្លូវ​ឲ្យ​យក​រថយន្ត​ចេញពី​ទីតាំង​របស់​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ