សង្គ្រាមអ៊ុយក្រែន ៖ ក្រោមការវាយលុកដែលត្រូវបានបង្កើនយ៉ាងខ្លាំងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងទ័ពរុស្ស៊ីទីបំផុតដណ្ដើមយកបានទាំងស្រុងហើយទីក្រុងយុទ្ធសាស្ត្រសីុវ័រស្ក៍ក្នុងតំបន់ដូណេតស្ក៍។
ប្រឈមមុខនឹងការវាយលុកផ្ទួនៗកងទ័ពអ៊ុយក្រែនត្រូវបង្ខំចិត្តវាយដកថយ ចេញពីទីក្រុងនោះ។ ក្នុងសេចក្ដីប្រកាសមួយតាមតេឡេក្រាមសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនរាយការណ៍ថា ដើម្បីរក្សាអាយុជីវិតកងទាហានយើង និងសមត្ថភាពប្រយុទ្ធរបស់កងឯកភាពយើង កងទ័ពសម្រេចយកការវាយដកថយ។ ក្រុងស៊ីវ័រស្ក៍ស្ថិតក្រោមការគាបសង្កត់របស់កងទ័ពរុស្ស៊ី ចាប់តាំងពីខែកញ្ញាមក តាមរយៈការប្រើទាហានជាក្រុមតូចៗវាយលុកក្នុងលក្ខខណ្ឌឧតុនិយមលំបាកបំផុត។ កងទ័ព
រុស្ស៊ីវាយលុកចូលទីក្រុងនោះជា៣មុខព្រួញ។
កងទ័ពរុស្ស៊ីធ្លាប់បានអះអាងពីការវាយដណ្ដើមកាន់កាប់ទីក្រុងនោះ កាលពីថ្ងៃទី១១ធ្នូ។ ទីក្រុងនេះកាលមុនសង្គ្រាមមានប្រជាជន១១.០០០នាក់។ ពេលនេះទីក្រុងរងការបំផ្លាញមួយផ្នែកធំ។ ការវាយយកបានទីក្រុងនោះនឹងជាការបើកផ្លូវឲ្យកងទ័ពរុស្ស៊ី រុលចូលកាន់តែកៀកទីក្រុងធំ២ គឺក្រុងក្រាម៉ាទកស្ក៍និងក្រុងស្លូវីយ៉ាន់ស្ក៍ ដែលស្ថិតក្នុងការកាន់កាប់របស់អ៊ុយក្រែននៅឡើយនៅតំបន់ដូណេតស្ក៍។
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ស្ថានភាពឧតុនិយមអាក្រក់មានភ្លៀងខ្យល់ខ្លាំងនិងធ្លាក់ព្រិល អំណោយផលដល់ការវាយរុលទៅមុខរបស់កងទ័ពរុស្ស៊ី។ ស្ថានភាពបែបនោះរារាំងដល់ប្រតិបត្តិការរបស់ដ្រូនអ៊ុយក្រែន ទាំងក្នុងការស៊ើបការណ៍ទាំងក្នុងការវាយប្រហារ ។
ទោះបីពេលនេះកំពុងមានការចរចានៅអាមេរិក ដែលគណៈប្រតិភូអ៊ុយក្រែន និងគណៈប្រតិភូរុស្ស៊ីកំពុងចរចាដាច់ដោយឡែកពីគ្នាជាមួយអាមេរិកលើផែនការសន្តិភាពអាមេរិកក្ដី ក្រុងមូស្គូបានជម្រុញការវាយលុករយៈពេលប៉ុន្មានខែចុងក្រោយនេះ។ រុស្ស៊ីអះអាងជាពិសេសពីការវាយយកបានទីក្រុងយុទ្ធសាស្ត្រប៉ូក្រូវស្ក៍ ៕
ចែករំលែកព័តមាននេះ