ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ដំរី​ញី​ ​និង​កូន​ទើប​កើត​១​ក្បាល ស្លា.ប់​ដោយ​អំបែង​គ្រាប់​ផ្ទុះ​របស់​ទាហានថៃ​ឈ្លានពាន​នៅ​ចំណុច​អូរ​ស្កា​ច ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រះ​រការ​-​ឆែប​» ខេត្តព្រះវិហារ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​មូលដ្ឋាន បាន​រាយការណ៍​ថា​បាន​ប្រទេះ​ឃើញ​សត្វ​ដំរី​ញី និង​កូន​ដំរី​ស្លាប់ នៅ​ចំណុច​ទីតាំង​ខាងលើ​។ តាម​ការ​ពិនិត្យ​បឋម សត្វ​ដំរី​ញី​១​ក្បាល…

រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​មូលដ្ឋាន បាន​រាយការណ៍​ថា​បាន​ប្រទេះ​ឃើញ​សត្វ​ដំរី​ញី និង​កូន​ដំរី​ស្លាប់ នៅ​ចំណុច​ទីតាំង​ខាងលើ​។ តាម​ការ​ពិនិត្យ​បឋម សត្វ​ដំរី​ញី​១​ក្បាល មាន​ទំងន់​ប្រមាណ​៥០០​គីឡូក្រាម និង​កូន​ទើប​កើត មាន​ទំងន់​ប្រមា​ន​៨០​គីឡូក្រាម​  បាន​ស្លាប់​ក្នុង​ទឹកអូរ ដោយ​ដំរី​ញី​មាន​ស្នាម​មុត បណ្តាល​មក​ពី​គ្រាប់ ឬ​អំបែង​គ្រាប់​ផ្ទុះ​របស់​ថៃ និង​បាន​រលូត​កូន ស្លាប់​ទាំង​ម្តាយ​ទាំង​កូន​ដំរី​ផង​ដែរ​។ មន្ត្រី​ជំនាញ​បរិស្ថាន បន្ត​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​ចាត់វិធានការ​បន្ត​ទៀត ចំពោះ​សព​ដំរី​។

កន្លង​មក​ប្រជាពលរដ្ឋ​អ្នក​ដង​ជ័រ​បាន​រាយការណ៍​ថា ឃើញ​ស្នាម​ដានជើង​ដំរី មាន​របួស ស្នាម​ឈាម​ស្រក់ ជាប់​នៅ​លើ​ដី និង​ស្មៅ​នៅ​ចំណុច​ខាងលើ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​ចាត់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ព្រះ​រការ​-​ឆែប សហការ​ជាមួយ​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ របស់​អង្គការ WCS បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ តែ​ដោយ​ស្ថានភាព​ព្រៃធំ និង​កៀក​និង​សមរភូមិ​ប្រយុទ្ធ​នៃ​ការ​ឈ្លានពាន​ពី​កងទ័ព​ថៃ​ផង​នោះ ក្រុមការងារ​ពុំ​អាច​រក​ឃើញ និង​ជួយ​សង្គ្រោះ​ដំរី​ទាន់​ពេលវេលា​។ រហូត​ដល់​ថ្ងៃ​២២ ខែធ្នូ ឆ្នាំ​២០២៥ បាន​ប្រទះ​ឃើញ​ដំរី​ទាំង​ពីរ បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ក្នុង​ឱកាស​ការ​អញ្ជើញ​ធ្វើ​ប​ឋ​កថា​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ បាន​មាន​ប្រសាសន៍​ថា សង្គ្រាម​ឈ្លានពាន​មក​លើ​អធិបតេយ្យ​កម្ពុជា បាន​បំផ្លិចបំផ្លាញ​មិន​ត្រឹមតែ​ជីវិត​មនុស្ស ទ្រព្យសម្បត្តិ វា​បាន​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ផង​ដែរ​។ ការ​ឈ្លានពាន​និង​រំលោភ​ដែន​អធិបតេយ្យ​របស់​កម្ពុជា បាន​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ ដែល​មាន​ចែង​ហាមឃាត់ មិន​ឱ្យ​វាយប្រហារ ប៉ះពាល់​បរិស្ថាន ឬ​ក៏​តំបន់ការពារធម្មជាតិ​នោះ​ទេ​។

សូម​បញ្ជាក់​ថា នៅ​ខេត្តព្រះវិហារ​កន្លង​មក​បា​នរក​ឃើញ​មាន​វត្តមាន​ដំរី​ប្រមាណ ២០​ក្បាល កំពុង​រស់នៅ និង​ចល័ត​ពី​ជួរ​ភ្នំ​ដងរ៉ែក ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រការ ខេត្តព្រះវិហារ ចុះ​ទៅ​រហូត​ដល់​ព្រំដែន​កម្ពុជា​-​ឡាវ​។​  ខេត្តព្រះវិហារ​មាន​តំបន់ការពារធម្មជាតិ ចំនួន​៨ ក្នុង​តំបន់​ការពារ​ចំនួន​៣ ដែល​មាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ រួម​មាន​តំបន់ការពារទេសភាព​ប្រសាទ​ព្រះ​វិហារ ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព និង​ដែនជម្រកសត្វព្រៃ​ព្រះ​រការ​-​ឆែប កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ជីវៈចម្រុះ ដែល​ក្នុង​នោះ​សត្វព្រៃ​ជា​ច្រើន ដែល​ងាយ​នឹង​បាត់បង់​ពី​ធម្មជាតិ ដោយសារ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​។

តាម​ការ​ស្រាវជ្រាវ ដំរី​អាស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា រស់នៅ​នៅ​តំបន់​មួយ​ចំនួន​ដូច​ជា​ភូមិភាគ​ឥ​សាន និរតី និង​ភូមិភាគ​ខាងជើង​។ ក្នុង​រយៈ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​មានការ​កត់ត្រា​ពី​ដំរី​ងាប់​នៅ​ក្នុង​តំបន់​ភូមិភាគ​ខាងជើង​នោះ​ទេ​។ តាម​ការ​សិក្សា​ថ្មី​ៗ​បង្ហាញ​ថា ដំរី​នៅ​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ច្រើន​ជាង​៦០០​ក្បាល​កំពុង​រស់នៅ​តាម​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា​។​  ដំរី​អាស៊ី​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN Red Listed) ជា​ប្រភេទ​ជិត​ផុត​ពូជ និង​ត្រូវ​បាន​ចាត់​ថ្នាក់​នៅ​ក្នុង​ឧ​ប​ស្ព័​ន្ធ I នៃ​អនុសញ្ញា​សាយ​តេស (CITES Appendix I)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ