រាជធានីភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ NoDrug ថា មានករណីចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចមក កម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទំនាក់ទំនង និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន ។
កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញចុះសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះស្រាវជ្រាវនៅចំណុចម្តុំពេទ្យកាល់ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវទីតាំងខាងលើជាប់ជាប្រចាំ លុះមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបជាក់ស្តែង ករណី (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីឃើញមានមុខសញ្ញាសង្ស័យចែកចាយ និងជួញដូរគ្រឿងញៀន ចំនួន០២នាក់ (ស្រី០១នាក់) នៅក្នុងមូលដ្ឋាន កំពុងឈរធ្វើសកម្មភាពលក់គ្រឿងញៀន ។
វត្ថុតាងដកហូត រួមមាន ៖
១. ក្រាមពណ៌សថ្លាជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន០២កញ្ចប់ថង់
២. កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ