រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញសមត្ថភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលមួយរយៈមកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា គួរតែប្តូរពាក្យពីក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវមកថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” វិញល្អជាង ព្រោះប្រវត្តិសាស្រ្តរបស់កម្ពុជាបានជួបប្រទះហើយ ដោយសារអ្នកដឹកនាំវ័យចាស់ៗកាលពីអតីតនាំក្មេងៗឲ្យវង្វេងផ្លូវទម្រាំតែសុខសន្តិភាពឃើញដូចសព្វថ្ងៃ។
ក្នុងឱកាសអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃ៧មករា នាព្រឹកថ្ងៃ៧ មករា ឆ្នាំ២០២៥នៅកោះពេជ្រ សម្តេចតេជោ បានលើកឡើងជាច្រើនពីបទពិសោធន៍ដែលកម្ពុជាបានជួបប្រទះនូវបញ្ហាសង្គ្រាមកើតឡើងនៅក្នុងប្រទេសរហូតដល់សម្តេចបានដឹកនាំប្រទេសមានសន្តិភាពដល់បច្ចុប្បន្នដែលគ្រប់គ្នាបានឃើញ ហើយមិនចង់វិលទៅរកសង្គ្រាមរ៉ាំរៃទៀតទេ ។ ក្នុងនោះសម្តេចតេជោបានសង្កត់ធ្ងន់ទៅលើនាំជំនាន់ថ្មីគឺសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៤កន្លងមកថ្មីនេះបានដឹកនាំប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដោយមានប្រសិទ្ធភាពលឿនជាងអ្នកជំនាន់មុន ។
សម្តេចតេជោអះអាងថា៖” អ្នកជំនាន់មុនមានវ័យជាង៧០ឆ្នាំ ដូច្នេះការអនុវត្តល្បឿនមិនបានលឿនរហ័សដូចអ្នកវ័យក្មេងទេ”។
សម្តេចតេជោថា៖ “ថ្ងៃមុនខ្ញុំធ្លាប់បាននិយាយថា ពាក្យចាស់បានប្រើថា ក្មេងមានកម្លាំង តែចាស់ស្គាល់ផ្លូវ ។ត្រង់ចំណុចនេះ ខ្ញុំបានលើកឡើងថា មិនគួរនិយាយតទៅទៀតទេនូវពាក្យនេះ យើងគួរតែនិយាយថា ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍។ នេះប្រហែលជាត្រឹមត្រូវជាង ព្រោះប្រវត្តិសាស្រ្តក៏បានបញ្ជាក់រួចស្រេចទៅហើយ មនុស្សចាស់មួយចំនួនបាននាំក្មេងៗវង្វេងផ្លូវ រាប់ទាំងប្រទេសកម្ពុជារបស់យើង តើអ្នកណាជាអ្នកបង្កើតបញ្ហាសម្រាប់ប្រទេសជាតិមួយនេះនៅឆ្នាំ១៩៧០ គឺជាអ្នកចាស់នោះឯងដែលនាំក្មេងវង្វេងផ្លូវ” ។
សម្តេចតេជោបន្តថា ប៉ុន្តែចាប់ពីឆ្នាំ១៩៧៩មក មន្រ្តីរបស់កម្ពុជាមិនមានវ័យចាស់ទៀតនោះទេ ដោយពេលនោះទាំងសម្តេចផ្ទាល់វ័យជាង៣០ឆ្នាំ ហើយសម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ទើបតែមានវ័យជាង៤០ឆ្នាំប៉ុណ្ណោះបានដឹកនាំប្រទេសរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។
សម្តេចបន្តទៀតថា អ្នកដឹកនាំជំនាន់ដូចជាសម្តេចផ្ទាល់បានរកសុខសន្តិភាពជូនពលរដ្ឋរស់នៅមានសេចក្តីសុខ ប៉ុន្តែសម្រាប់អ្នកជំនាន់ក្រោយនេះ គឺមានតួនាទីថែរក្សាសន្តិភាពដែលអ្នកជំនាន់ចាស់បានខិតខំរកដោយលំបាក៕
ចែករំលែកព័តមាននេះ