ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូលប្រចាំខែកម្មករនិយោជិតវៀតណាមជាមធ្យមកើនដល់ជាង៣០០ដុល្លារ កាលពីឆ្នាំមុន

1 ថ្ងៃ មុន

ប្រទេសវៀតណាម ៖ យោងតាមការិយាល័យស្ថិតិទូទៅប្រទេសវៀតណាម បានឱ្យដឹងថា ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់កម្មករនិយោជិតវៀតណាមបានឈានដល់ ៨.២លានដុង ឬស្មើនឹង ៣២៣ដុល្លារអាមេរិកក្នុងត្រីមាសទី៤ កាលពីឆ្នាំ ២០២៤…

ប្រទេសវៀតណាម ៖ យោងតាមការិយាល័យស្ថិតិទូទៅប្រទេសវៀតណាម បានឱ្យដឹងថា ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់កម្មករនិយោជិតវៀតណាមបានឈានដល់ ៨.២លានដុង ឬស្មើនឹង ៣២៣ដុល្លារអាមេរិកក្នុងត្រីមាសទី៤ កាលពីឆ្នាំ ២០២៤ ពោលកើនឡើង ២២ដុល្លារ ឬ ៧% បើធៀបទៅនឹងត្រីមាសមុន។ នេះបើតាមប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

របាយការណ៍ពីការិយាល័យស្ថិតិទូទៅបានបង្ហាញថា បណ្តាកម្មករនិយោជិតបម្រើការនៅទីក្រុងរកបានជាមធ្យម ៩.៨លានដុង ឬស្មើ ៣៨៦ដុល្លារ ខណៈដែលនៅទីជនបទរកបានជាមធ្យម ៧.២លានដុង ឬ ២៨៤ដុល្លារ។ ស្របពេលវិស័យធនាគារ និងហិរញ្ញវត្ថុបានរាយការណ៍ពីកំណើនខ្ពស់បំផុតដោយប្រាក់ចំណូលកើនឡើង ១០.៥%។ វិស័យផលិតកម្មកើនឡើង ១១.៧% និងវិស័យលក់រាយកើនឡើង ៩% ផងដែរ។ ហើយពេញមួយឆ្នាំ ២០២៤ ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់កម្មករនិយោជិតវៀតណាមបានកើនឡើង ៨.៦% បើធៀបនឹងឆ្នាំ ២០២៣។

ទិន្នន័យពីការិយាល័យស្ថិតិទូទៅរបស់វៀតណាមផ្តោតរួមមាន ប្រាក់ខែ ប្រាក់រង្វាន់ និងប្រាក់អត្ថប្រយោជន៍ដែលទទួលបានមុនការស្ទង់មតិ។ ហើយប្រហែល ៥២.១លាននាក់ ត្រូវបានជួលក្នុងត្រីមាសទី៤ ឆ្នាំ ២០២៤ ដោយសម្គាល់ពីការកើនឡើង ៤១៥,០០០នាក់ កាលពីត្រីមាសមុន។ ការងារកើនឡើងក្នុងវិស័យសំណង់ សេវាកម្ម និងឧស្សាហកម្ម ខណៈវិស័យកសិកម្ម និងវារីវប្បកម្មមានការធ្លាក់ចុះ។ កម្មករនិយោជិតក្រៅផ្លូវការមានចំនួនជាង ៦០% នៃកម្លាំងការងារសរុបរបស់ប្រទេសវៀតណាម។

អត្រាគ្មានការងារធ្វើរបស់ប្រទេសវៀតណាមសម្រាប់ឆ្នាំ ២០២៤ បានធ្លាក់ចុះមកត្រឹម ២.២៤% បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ភាពអត់ការងារធ្វើរបស់យុវជនវៀតណាមអាយុចន្លោះ ១៥-២៤ឆ្នាំ បានកើនឡើង ៧.៩៦% ក្នុងត្រីមាសទី៤ ដែលជាត្រីមានចុងក្រោយឆ្នាំ ២០២៤។ អត្រានេះមានកម្រិតខ្ពស់ក្នុងទីក្រុងពោល ៩.២% បើធៀបនឹង ៧.៤% នៅជនបទ។ តំបន់ជនបទមានយុវជនគ្មានការងារធ្វើចំនួន ១.៣លាននាក់ តំណាងឱ្យ ១០% នៃយុវជនគ្មានការងារធ្វើសរុបរបស់ប្រទេសវៀតណាម។

ទន្ទឹមជាមួយគ្នានោះ ការិយាល័យស្ថិតិទូទៅវៀតណាម បានជំរុញឱ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយរូបិយវត្ថុអាចបត់បែនតាមសភាពការណ៍ និងគ្រប់គ្រងអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាព។ ហើយក៏បានអំពាវនាវឱ្យមានការតាមដានយ៉ាងដិតដល់នូវតម្លៃទំនិញសំខាន់ៗ ជាពិសេសប្រេងឥន្ធនៈ និងវិធានការបង្ការគ្រោះមហន្តរាយធម្មជាតិយ៉ាងសកម្ម ដើម្បីការពារផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ