ប្រតិបត្តិការបង្ក្រាប Online Scams ល្បែងស៊ីសង និងគ្រឿ.ងញៀ.ន ក្នុង១ថ្ងៃឆែកឆេរ១០០ទីតាំង ឃាត់ជនសង្ស័យបានជាង៦០នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ ,សណ្ឋាគារ និងលំនៅឋានមួយចំនួនប្រមាណ១០០ទីតាំង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងតាមបណ្តាខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យឆែកឆេរ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ល្បែងស៊ីសង និងគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យជាង៦០នាក់ ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើស និងគ្រឿងញៀនទម្ងន់៦៥គីឡូក្រាម ។

តាមរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន១០០ទីតាំង។

ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន១.០៦៣នាក់ (ស្រី ៣៨១នាក់) ក្នុងនោះ ជនបរទេសដែលស្នាក់នៅដោយពុំមានលិខិត ឆ្លងដែនមានចំនួន៦នាក់ ។ ក្នុងចំណោម១០០ទីតាំងនេះ ក្នុងនោះ ក្រុមការងារបានពិនិត្យឃើញមានទីតាំងសង្ស័យប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២ករណី នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន៤២នាក់ក្នុងនោះ ជនជាតិខ្មែរ៤នាក់ និងជនជាតិវៀតណាម ៣៨នាក់ (ស្រី ៤នាក់) ព្រមទាំងសម្ភារមួយចំនួន។

ជនសង្ស័យ និងសម្ភារខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ហើយចំពោះទីតាំងបន្ទប់ពាក់ព័ន្ធករណីនេះ ក្រុមការងារបានសម្រេចបិទឃ្លុំបណ្ដោះអាសន្ន។ ដោយឡែក ក្រុមការងារបានចុះត្រួតពិនិត្យនៅខណ្ឌកំបូល បង្ក្រាបបានករណីសង្ស័យរក្សាទុកសម្ភារៈប្រព្រឹត្តបទល្មើស ONLINE SCAMS និងរក្សាទុកសម្ភារៈធ្វើទារុណកម្មជំរិតទាប្រាក់ ១ករណី ឃាត់ខ្លួនជនជាតិចិន៤នាក់ ព្រមទាំងសម្ភារៈមួយចំនួន។ ករណីនេះជនសង្ស័យ និងសម្ភារៈខាងលើ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្រាវជ្រាវបន្ត។ ចំពោះទីតាំងខាងលើ ក្រុមការងារសម្រេចបិទឃ្លុំជាបណ្ដោះអាសន្ន។

តាមរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា បន្ថែមពីនេះក្រុមការងារបានចុះត្រួតពិនិត្យខណ្ឌចំការមន បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន១ទីតាំង គឺអគារ The Bridge (Residence និង SOHO) រកឃើញមានជនបរទេសស្នាក់នៅចំនួន ៥៤៩នាក់ (ស្រី ២៣១) គ្មានលិខិតឆ្លងដែនចំនួន៣នាក់។ ក្នុងនេះ បានឃាត់ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនខុសច្បាប់ ០១ករណី(ដកហូតថ្នាំប្រមាណ៦៥គីឡូក្រាម)។

បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
ដោយឡែក ក្រុមការងារខណ្ឌមានជ័យ បានចុះពិនិត្យរដ្ឋបាល និងពិនិត្យឃើញមានទីតាំងប្រព្រឹត្តបទល្មើសចំនួន ១ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ និងសម្ភារពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់ ។ បច្ចុប្បន្ន
ទីតាំងត្រូវបានបិទឃ្លុំ ចំពោះជនសង្ស័យ និងសម្ភារ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង រស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន៣ទីតាំង មនុស្សចំនួន ៤នាក់ គិតជាថវិកាសរុបបានចំនួន ១៦.០០០.០០០រៀល។

គួរបញ្ជាក់ថា បើតាមការសរុបនៃលទ្ធផលបង្ក្រាបបទល្មើសនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៦សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យប្រមាណជាង៦០នាក់ដែលក្នុងពាក់ព័ន្ធប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន២ករណី នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន៤២នាក់,រក្សាទុកសម្ភារៈប្រព្រឹត្តបទល្មើស ONLINE SCAMS និងរក្សាទុកសម្ភារៈធ្វើទារុណកម្មជំរិតទាប្រាក់ ១ករណី ៤នាក់,រក្សាទុកគ្រឿងញៀនខុសច្បាប់ចំនួន៤នាក់និងល្បែងស៊ីសងនៅខណ្ឌមានជ័យចំនួន១៣នាក់។

នេះដោយពុំគិតពីជនសង្ស័យចំនួន៨នាក់ ដែលសមត្ថកិច្ចចម្រុះឃាត់ខ្លួននៅ អគារខុនដូរ ស្កាយ៣១ នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពាក់ព័ន្ធនឹងបើកល្បែងស៊ីសងអនឡាញ។ ទោះបីជាយ៉ាងណា ចំនួននៃជនសង្ស័យដែលត្រូវបានឃាត់ខ្លួននៅថ្ងៃទី៥ ខែមិថុនា នេះអាចលើសនេះ ៕












ចែករំលែកព័តមាននេះ