ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ព្រ.មា.ន​ថា​រុស្ស៊ី​អាច​នឹង​វា.យ​ប្រ.​ហារ​ណាតូ​នៅ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំខាង​មុខ

1 នាទី មុន

ទី​ក្រុង​ឡុង​៖ នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ លោក​ខៀ​ស្តាមើ (Keir Starmer) បាន​បង្ហាញ​ការ​ប្រមើល​មើល​របស់​លោក​ដែល​ស្ដាប់​ទៅ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​សន្តិ​សុខ​ពិភព​លោក​។ ម៉្យាង​ទៀត​ វា​ក៏​ជា​សារ​ដាស់​តឿន​ផង​ដែរ​ថា​ក្រុម​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ត្រូវ​តែ​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារជាតិ​ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​រុស្ស៊ី​។ កាល​ពី​ជាង​បួន​ឆ្នាំ​មុន​ រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែន។ ទៅ​ថ្ងៃ​មុខ​ ប្រទេស​នៅ​អឺរ៉ុប​ដទៃ​ទៀត​អាច​នឹង​ជួប​វាសនាបែប​នេះ​ជា​មិន​ខាន​។​

លោក​ខៀ​ស្តាមើ​ព្រមាន​ថា​រុស្ស៊ី​អាច​នឹង​វាយ​ប្រហារ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​នៅ​ក្នុង​អំឡុង​ពេល​បួន​ឆ្នាំ​ខាង​មុខ​​។ លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ទៅ​លើ​ការ​វាយ​តម្លៃ​ពី​សំណាក់​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​​បស្ចិម​ប្រទេស​។ លោក​បញ្ចេញ​សារ​នយោ​បាយ​នេះ​​​​ចំពេល​ដែល​លោក​សន្យា​ថា​រដ្ឋាភិបាល​នឹង​ផ្សព្វ​ផ្សាយ​នូវ​ផែន​ការ​វិនិយោគ​លើ​វិស័យ​ការ​ពារជាតិ​មុន​ពេល​មាន​កិច្ច​ប្រជុំ​កំពូល​របស់​អង្គ​ការ​ណាតូ​នា​ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក​ថ្លែង​បន្ត​ទៀត​ថា​នេះ​ជា​ការ​វាយ​តម្លៃ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​យើង​ និង​ការ​វាយ​តម្លៃ​របស់​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​អង្គ​ការ​ណាតូ​ដែល​ថា​ការ​វាយ​ប្រហារ​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ទៅ​លើ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​អាច​នឹង​កើត​មាន​ឡើង​នៅ​ឆ្នាំ​២០៣០​។ ដូច្នេះ​ឃើញ​ថា​ពេល​វេលា​ពិត​ជា​ឆាប់​រហ័ស​ណាស់​។ នេះ​ជា​ចំណុច​អាទិភាព​ដែល​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ចុះ​ទៅ​ពិនិត្យ​មើល​រោង​ចក្រ​ផលិត​ដ្រូន​នៅ​ប្រទេស​អង់​គ្លេស​ភាគ​និរតី​។

ពាក្យ​សម្ដី​របស់​លោក​ខៀ​ស្តាមើ​ត្រង់​ចំណុច​នេះ​ក៏​ហាក់​ដូច​ជា​ស្រប​នឹង​ការ​យល់​ឃើញ​​​របស់​ថ្នាក់​ដឹក​នាំ​អឺរ៉ុប និង​អគ្គ​លេខា​ធិការ​អង្គ​ការណាតូ​ផង​ដែរ​។ អគ្គ​លេខា​រូប​នេះ​​​ធ្លាប់​ព្រមាន​កាល​ពី​ខែ​ធ្នូ​ថា​រុស្ស៊ី​ទំនង​ជា​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​នឹង​ណាតូ​នៅ​ក្នុង​រង្វង់​៥​ឆ្នាំ​ខាង​មុខ​​​។ លោក​ស្តាមើ​សន្យា​ថា​នឹង​បង្កើន​ខ្ទង់ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ឱ្យ​បាន​ដល់​២,៥%​នៃ​ជីឌីភី​ប្រចាំ​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០២៧​ត​ទៅ​ ហើយ​នឹង​បង្កើន​ដល់​៣%​នៃ​ជីឌី​ភី​ប្រសិន​បើ​ឈ្នះ​ឆ្នោត​អាណត្តិ​ថ្មី​៕ ប្រភព៖ Euro News