ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពូទីន​ថ្លែង​ថា​លោក​មិន​ទាន់​គិត​ដល់​ចំណុចថា​តើ​នឹង​បន្ត​កាន​អំណាច​ដល់​ឆ្នាំ​២០៣៦​ឬ​យ៉ាង​ណា

4 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រធានា​ធិបតី​រុស្ស៊ី លោក​ពូទីន​ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​របៀប​ជា​ការ​រអៀស​ខ្លួន​។ សំណួរ​នោះ​សួរ​ថា​តើ​លោក​ពូទីន​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​២០៣៦​ឬ​យ៉ាង​ណា​? លោក​ពូទីន​ឆ្លើយ​តប​ថា​វា​ជា​ការ​ឆាប់​រហ័ស​ពេក​ហើយ​ដែល​លោក​ត្រូវ​គិត​ទៅ​ដល់​ចំណុច​នេះ​។ លោក​ពូទីន​ដែល​សព្វ​ថ្ងៃ​នេះ​មានវ័យ​៧៣​ឆ្នាំ​នៅ​តែ​បន្ត​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​ដោយ​ឆ្លាស់​មុខ​តំណែង​គ្នា​។ ម្ដង​លោក​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី និង​ម្ដង​លោក​កាន់​តំណែង​ជា​ប្រធានា​ធិបតី​។ ប៉ុន្តែ​អំណាច​ពិត​ប្រាកដ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​ជា​និច្ច​។​

ចំពោះ​សំណួរ​ខាង​លើ​នេះ​ លោក​ពូទីន​ថ្លែង​ថា​មាន​តែ​ព្រះ​ជា​ម្ចាស់ទេ​ទើប​ត្រាស់​ដឹង​ថា​តើ​លោក​នឹង​បន្ត​កាន់​អំណាច​ដល់​ឆ្នាំ​២០៣៦​ ឬ​យ៉ាង​ណា​។ មាន​តែ​ព្រះ​អង្គ​ទេ​ទើប​ត្រាស់​ដឹង​ថា​តើ​លោក​មាន​សុខ​ភាព​ល្អ​គ្រប់​គ្រាន់​ដើម្បី​បន្ត​កាន់​អំណាច​រហូត​ដល់​ពេល​នោះ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​មាន​តែ​ព្រះ​ទេ​ទើប​ត្រាស់​ដឹង​ថា​ទាំង​លោក​ ទាំង​អ្នក​ឯទៀត​ដែល​នៅ​ទី​នេះ​អាច​បន្ត​ជីវិត​​រស់​នៅ​រហូត​ដល់​ថ្ងៃ​ស្អែក ឬ​ថ្ងៃ​ខាន​ស្អែក​ និង​ត្រាស់​ដឹង​ថា​តើ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​យើង​ ត្រាស់​ដឹង​ថា​តើ​យើង​អាច​សម្រេច​គោល​ដៅ​របស់​យើង​ដែល​បាន​ដាក់​ចេញ​ដែរ​ឬ​ទេ​។

លោក​ពូទីន​ថ្លែង​ថា​រដ្ឋ​ធម្ម​នុញ្ញ​អនុញ្ញាត​ឱ្យ​លោក​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ម្ដង​ទៀត​នៅ​ឆ្នាំ​២០៣០​ ហើយ​អាច​បន្ត​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​២០៣៦​ប្រសិន​បើ​លោក​ជាប់​ឆ្នោត​នៅ​ពេល​នោះ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​មែន​ទែន​ទៅ​ រដ្ឋ​ធម្ម​នុញ្ញ​អនុញ្ញាត​ឱ្យ​លោក​ឈរ​ឈ្មោះ​នៅឆ្នាំ​២០៣០​។ ប៉ុន្តែ​លោក​យល់​ថា​មិន​គួរ​ទាន់​នឹក​នា​នៅ​ពេល​នេះ​ទេ​។ ជម្រាប​ជូន​តាម​ត្រង់​ទៅ​ វា​ហាក់​ដូច​ជា​ប្រញាប់​ពេក​ (បើ​និយាយ​អំពី​បញ្ហា​នេះ​)។ លោក​ថា​សូម្បី​តែ​គិត​ក៏​លោក​មិន​ដែល​គិត​ទាល់​តែ​សោះ​​អំពី​​បញ្ហា​នេះ​។ លោក​និយាយ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​៕ ប្រភព៖ Reuters​​