រាជធានីបាដាស៊េរីបេហ្កាវ៉ាន់ ៖ ស្តេចស៊ូលតង់ព្រុយណេ Hassanal Bolkiah កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសផ្លាស់ប្ដូរសមាសភាពគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ និងបានតែងតាំងព្រះរាជបុត្រាពីរព្រះអង្គឱ្យកាន់តំណែងជារដ្ឋមន្ត្រី ដែលនេះជាសញ្ញានៃការរៀបចំផែនការបន្តវេនក្នុងព្រះរាជាណាចក្រសម្បូរប្រេងមួយនេះ ក៏ដូចជាពង្រឹងសេដ្ឋកិច្ចជាតិ ចំពេលមានវិបត្តិថាមពលសកល ដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយ។
ស្តេចស៊ូលតង់ព្រុយណេព្រះជន្ម ៧៩ ព្រះវស្សា ដែលជានាយករដ្ខមន្ត្រី និងកាន់តំណែងជាច្រើនក្នុងរដ្ឋាភិបាលប្រទេសនេះ បានបង្ហាញព្រះកាយជាសាធារណៈតិចតួចណាស់នៅឆ្នាំនេះ បន្ទាប់ពីទទួលបានការវះកាត់ប្តូរសន្លាក់ជង្គង់ កាលពីខែមករាកន្លងទៅ។
យ៉ាងណាមិញនៅក្នុងការផ្សាយតាមទូរទស្សន៍ ព្រះអង្គបានមានព្រះបន្ទូលថា ព្រះអង្គនឹងបន្តកាន់តំណែងសំខាន់ៗជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
ជាមួយគ្នានោះ ព្រះរាជបុត្រាទី២ គឺព្រះអង្គម្ចាស់ Abdul Malik ត្រូវតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណែងក្នុងគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ព្រះអង្គផ្ទាល់។ ស្របពេលព្រះរាជបុត្រាបន្ទាប់ពៅ គឺព្រះអង្គម្ចាស់ Abdul Mateen ដែលចូលចិត្តលេងកីឡា និងមានប្រជាប្រិយភាពខ្លាំងលើបណ្តាញសង្គមនោះ ត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាតំណែងពីមុនកាន់ដោយស្តេចស៊ូលតង់ព្រុយណេផ្ទាល់តែម្តង។ ចំណែកព្រះរាជបុត្រាច្បង គឺព្រះអង្គម្ចាស់ក្សត្រា Al-Muhtadee Billah នៅតែរក្សាតំណែងរដ្ឋមន្ត្រីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រីដដែល។
ស្តេចស៊ូលតង់ព្រុយណេ ក៏បានប្រកាសបង្កើតតួនាទីរដ្ឋមន្ត្រីថ្មីចំនួន ៣ ដើម្បីពង្រឹងការសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល ដោយក្រសួងធនធានបឋម និងទេសចរណ៍ ត្រូវបានរៀបចំឡើងវិញទៅជាក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតការងារ។ ព្រះអង្គមានព្រះបន្ទូលថា ការធ្វើបែបនេះ គឺមានបំណងពន្លឿនការអភិវឌ្ឍលើវិស័យអាទិភាព ពង្រឹងកិច្ចប្រឹងប្រែងធ្វើពិពិធកម្មសេដ្ឋកិច្ច គាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក៏ដូចជាបង្កើតឱកាសការងារ។
ការផ្លាស់ប្តូរសមាសភាពគណៈរដ្ឋមន្ត្រីនេះ ក៏បានបង្ហាញពីចំនួននៃការតែងតាំងរដ្ឋមន្ត្រីជាស្ត្រីច្រើនបំផុតមិនធ្លាប់មានរហូតមកដល់ពេលនេះ ដែលរួមមានទាំងរដ្ឋមន្ត្រីក្រសួងអប់រំ និងអនុរដ្ឋមន្ត្រីចំនួន ៣ រូបផងដែរ៕





ចែករំលែកព័តមាននេះ