អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីរយៈពេល២ថ្ងៃជិត ៣ពាន់ក្បាលដី នៅស្រុកចំនួន២ និងណែនាំឱ្យឃុំសាងសង់តែផ្លូវបេតុងចាប់ពីឆ្នាំ២០២៦តទៅ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៤ និងទី ០៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជា
ពលរដ្ឋរស់នៅស្រុកចំនួន២ ដែលមានចំនួន ២.៧៥៥ ក្បាលដី ។ស្ថិតនៅឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ចំនួន ១.៧៦៣ ក្បាលដី និង ឃុំកោះស្រឡាយ និងឃុំស្រែក្រសាំង ស្រុកសៀមបូកចំនួន ៩៩២ ក្បាលដី។
ឱកាសនោះ លោក អភិបាលខេត្ត បានមានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាសិទ្ធិដីធ្លីស្របច្បាប់ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ដីដែលមានប័ណ្ណស្របច្បាប់ គឺជាទ្រព្យសម្បត្តិមានសុវត្ថិភាពខ្ពស់ ដែលម្ចាស់អាចយកទៅប្រើប្រាស់ជាទុនអភិវឌ្ឍជីវភាព ឬទុកជាមរតកសម្រាប់កូនចៅ។ លោក ក៏បានដាស់តឿនពលរដ្ឋឲ្យជួយថែរក្សាដីធ្លី និងកុំលក់ដូរដោយមិនចាំបាច់ ព្រោះដីមានតម្លៃកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនឹងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីជំរុញការអភិវឌ្ឍភូមិឃុំឲ្យមានសោភណភាពស្អាត លោក សរ សុពុត្រា បានដាក់ចេញនូវគោលការណ៍ណែនាំមួយ ដោយតម្រូវឲ្យរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ឈប់ធ្វើសំណើរសុំសាងសង់ ផ្លូវគ្រួសក្រហម ទៀត ហើយ ចាប់ពីឆ្នាំ២០២៦ នេះតទៅ ដោយត្រូវប្តូរមកសាងសង់ ផ្លូវបេតុង វិញ។
លោកអភិបាលខេត្ត បានបញ្ជាក់ពីមូលហេតុថា៖ផ្លូវគ្រួសក្រហមទោះបីបានប្រវែងវែងមែន ប៉ុន្តែប្រើប្រាស់មិនទាន់បានមួយឆ្នាំផងក៏ខូចអស់ទៅវិញ ហើយថ្នាក់ឃុំក៏គ្មានថវិកាសម្រាប់ថែទាំដែរ។ ដូច្នេះយកល្អត្រូវធ្វើផ្លូវបេតុង ទោះបីឆ្នាំនេះបានខ្លីបន្តិច ប៉ុន្តែឆ្នាំក្រោយយើងធ្វើបន្តទៀត គឺវាជាប់រហូតដល់កូនចៅជំនាន់ក្រោយ។
នពាក់ព័ន្ធនឹងគោលការណ៍ថ្មីនេះ លោក ថៃ ធី មេឃុំអូររៃបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ព្រោះជាអ្វីដែលប្រជាពលរដ្ឋចង់បាន។ លោកបានបន្តថា ឃុំនឹងរៀបចំធ្វើផ្លូវបេតុងនៅតំបន់ទីប្រជុំជនមុនគេ ដើម្បីបង្កើតជាកន្លែងលក់ដូរទំនិញ និងកសិផលផ្សេងៗ រួចទើបបន្តទៅតំបន់អាទិភាពដែលមានពលរដ្ឋរស់នៅច្រើន។
គួរជម្រាបថា គិតចាប់ពីឆ្នាំ២០២៥ មក ឃុំអូររៃសាងសង់ផ្លូវបេតុងបានចំនួន ២ខ្សែ រួចរាល់ហើយ មានប្រវែងជាង ២គីឡូម៉ែត្រ។ជាមួយគ្នានេះដែរ លោកស្រី ទួន កែវ ប្រជាពលរដ្ឋរស់នៅភូមិពងទឹក ឃុំអូររៃ បានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលផ្លូវបេតុងនេះ ព្រោះវាជួយសម្រួលដល់ការធ្វើដំណើរយូរអង្វែង និងជួយកាត់បន្ថយការហុយដី ដែលបង្កផលប៉ះពាល់ដល់សុខភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ៕







ចែករំលែកព័តមាននេះ