ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​រតន​មណ្ឌល​ក្រសោប​បាន​ជនបរទេស​មួយ​សំបុក​ដែលកំពុង​ផ្ដុំ​គ្នា​រក​កន្លែង​ជ្រកកោណ

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនបរទេស​មួយ​សំបុក​ដែល​ភាគច្រើន​គេ​រក​ឃើញ​ថា ជា​ជនជាតិ​ចិន អាច​ពាក់ព័ន្ធ​នឹង​ក្រុម «​អន​ឡាញ​ស្គេ​ម​» ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រសោប​ជាប់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៤ មិថុនា ខណៈ​ដែល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​ជាមួយនឹង​រថយន្ត​០២​គ្រឿង​នៅ​ម្ដុំ​«​ទំនប់​ពហុ​បំណង​សេក​សក​» ស្ថិត​ក្នុងភូមិ​ទឹកសាប ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ដែល​គេ​សង្ស័យ​ពួក​គេ​កំពុង​រក​ទីកន្លែង​ជ្រកកោន ដើម្បី​លាក់ខ្លួន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​រាយការណ៍​បឋម​ថា ក្រុម​ជនបរទេស​ទាំងនោះ មាន​ចំនួន​សរុប​២៨​នាក់ ក្នុង​នោះ មាន​ជនជាតិ​ចិន​ចំនួន​២៦​នាក់ (​ស្រី​២​នាក់ និង​ស្ត្រី​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ចំនួន​០២​នាក់​ទៀត​) ។ ពួក​គេ​ជិះ​រថយន្ត​ចំនួន​០២​គ្រឿង ដែល​មួយ​គ្រឿង​ម៉ាក​តូ​យូ​តា ហៃ​យ៉ា​ស់ ព​ណ៏​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2D-0999 និង មួយ​គ្រឿង​ទៀត​ម៉ាក KIA កា​នី​វ៉ាល់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា 2456 WX1 ។

យោង​តាម​ព័ត៌មាន​បឋម​ដដែល គេ​មិន​ទាន់​ដឹង​ពី​ប្រភព​ចេញដំណើរ និង​គោលដៅ​បន្ត របស់​ពួក​ជនជាតិ​ចិន និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា​មួយ​ក្រុម​នេះ​ទេ ។ ប៉ុន្តែ គេ​អាច​ដឹង​តាម​រយៈ​ការ​សួរនាំ​បឋម​នៅ​កន្លែង​កើតហេតុ​ថា ក្រុម​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ពួក «​អន​ឡាញ ស្គេ​ម​» ដែល​បែក​សំបុក​មក​ពី​កន្លែង​ផ្សេង ។

ក្រុម​នេះ បាន​ជិះ​រថយន្ត​០២​គ្រឿង​ស្វែងរក​កន្លែង​ជ្រកកោណ ដើម្បី​លាក់ខ្លួន​ពី​ការ​តាមប្រមាញ់​របស់​សមត្ថកិច្ច​កិច្ច ។ ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ឈប់​ផ្ដុំ​គ្នា​នៅ​ក្បែរ «​ទំនប់​ពហុ​បំណង សេក​សក​» ព្រោះ​នៅ​ទីនោះ មាន​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​កន្លែង តែ​ក្រុមហ៊ុន​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន «​អន​ឡាញ​»​ទេ ហើយ​ក្រុម​ជនជាតិ​ចិន និង​មី​យ៉ា​ន់​ម៉ា ទាំង​២៨​នាក់​ខាងលើ ក៏​មិន​បាន​ចូល​ទៅ​កន្លែង​ក្រុមហ៊ុន​នោះ​ដែរ នៅ​ពេល​ត្រូវ​អាជ្ញាធរ និង​សមត្ថ​កិច្ច ស្រុក​រតន​មណ្ឌល ចុះ​ទៅ​ឡោម​ព័ទ្ធ​ចាប់ខ្លួន ។

បើ​តាម​ការ​សួរនាំ​ជំហាន​ដំបូង ក្រុម​ជនបរទេស​ទាំងនេះ ភាគច្រើន​ពុំ​មាន​ឯកសារ​ឆ្លង​ដែន​ត្រឹមត្រូវ​ស្របច្បាប់​ទេ ។ យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ដែល កោះសន្តិភាព​ទទួល​បាន នៅ​ថ្ងៃ​ទី​០៥ មិថុនា ។ ពេល​នេះ ក្រុម​ជនបរទេស​ទាំង​២៨​នាក់ កំពុង​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​រតន​មណ្ឌល នាំ​យក​ទៅ​សាកសួរ​បឋម មុន​ពេល​បញ្ជូន​បន្ត​តាម​នីតិវិធី​ទៅ​កាន់​ស្នងការ​ខេត្ត ៕