ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើតេស្ត ​RPL ជួយ​បំប្លែង​បទ​ពិសោធ​ការងារ​របស់​អតីត​ពលករ ឱ្យ​ក្លាយជា​វិញ្ញាបនបត្រ​ផ្លូវការ ​ជា​កូនសោរទៅ​កាន់​ការងារ ជំនាញ និង​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ

1 នាទី មុន

ខេត្តបាត់ដំបង ៖ ការ​ធ្វើតេស្ត​ទទួលស្គាល់​ការ​សិក្សា​ដែល​មាន​ពី​មុន (RPL) មិន​ត្រឹមតែ​ជា​យន្តការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទទួលស្គាល់​ចំណេះដឹង ជំនាញ និង​បទ​ពិសោធ​ការងារ​ដែល​បេក្ខជន​មាន​ស្រាប់​ឱ្យ​ក្លាយជា​វិញ្ញាបនបត្រ​ជាតិ​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កូនសោ​បើកទ្វារ​ទៅ​កាន់​ការងារ ជំនាញ និង​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ។ នេះ​បើ​តាម​លោក អ៊ុ​ក​វង្ស ឌី​នី​កា តំណាង​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព RPL វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង (BIT) នៅ​ថ្ងៃ​ទី ៥ ខែមិថុនា​នេះ ។

លោក​បញ្ជាក់​ថា RPL មិន​ត្រឹមតែ​ទទួលស្គាល់​ជំនាញ​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បំប្លែង​បទ​ពិសោធ​ការងារ​របស់​អតីត​ពលករ ឱ្យ​ក្លាយជា​វិញ្ញាបនបត្រ​ផ្លូវការ ដែល​ជា​សោ​បើកទ្វារ​ទៅ​កាន់​ការងារ ជំនាញ និង​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​នា​ពេល​អនាគត ។

បើ​តាម​លោក អ៊ុ​ក​វង្ស ឌី​នី​កា ក្នុង​រយៈពេល​ជិត ២​ខែ​នៃ​ការ​អនុវត្ត​កម្មវិធី​ទទួលស្គាល់​ជំនាញ​ពី​បទ​ពិសោធ​ការងារ (RPL) មជ្ឈមណ្ឌល RPL នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង (BIT) បាន​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​ជូន​អតីត​ពលករ និង​ប្រជាពលរដ្ឋ​ដែល​មាន​ជំនាញ​ស្រាប់​ចំនួន ១៨៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១២​នាក់ ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ​ផ្លូវការ​ស្រប​តាម​ស្តង់ដារ​ជាតិ ។

ប្រភព​ដដែល​បន្ត​ថា គិត​ចាប់ពី​ថ្ងៃ​ទី ៨ ខែមេសា ដល់​ថ្ងៃ​ទី ៣១ ខែឧសភា ឆ្នាំ ២០២៦ មជ្ឈមណ្ឌល​បាន​ផ្តោត​លើ​ការ​ធ្វើតេស្ត​ជំនាញ​ក្នុង​វិស័យ​សំណង់​ចំនួន ៨​មុខ​ជំនាញ ជា​ពិសេស​សម្រាប់​បងប្អូន​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​មាន​បទ​ពិសោធ​ការងារ​ជាក់ស្តែង ។

ដើម្បី​ជួយ​សម្រួល​ដល់​បេក្ខជន​ធ្វើតេស្ត មជ្ឈមណ្ឌល​បាន​រៀបចំ​បរិយាកាស​ប្រឡង​ប្រកបដោយ​ភាព​ងាយស្រួល និង​ផ្តល់​ការ​គាំទ្រ​ជា​ច្រើន ដូច​ជា​ផ្តល់​ថវិកា​ឧបត្ថម្ភ​ថ្លៃ​ធ្វើ​ដំណើរ​សម្រាប់​បេក្ខជន​ដែល​រស់នៅ​ឆ្ងាយ​ចាប់ពី ៤០​គីឡូម៉ែត្រ​ឡើង​ទៅ ផ្គត់ផ្គង់​ទឹកបរិសុទ្ធ និង​មាន​ក្រុមការងារ​ជួយ​សម្របសម្រួល​តាំងពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ការ​ចុះ​ឈ្មោះ រហូត​ដល់​ដំណើរការ​ធ្វើតេស្ត​។ នេះ​បើ​តាម​ការ​បន្ថែម​របស់ លោក អ៊ុ​ក​វង្ស ឌី​នី​កា ។

សូម​បញ្ជាក់​ថា អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មាន​អាយុ​ចាប់ពី ១៦​ឆ្នាំ​ឡើង​ទៅ និង​មាន​បទ​ពិសោធ​ការងារ​ជាក់ស្តែង អាច​ដាក់​ពាក្យ​ចូលរួម​ធ្វើតេស្ត​បាន​ដោយ​មិន​មានការ​រើសអើង​លើ​ភេទ ឬ​ពិការ​ភាព​ឡើយ ។ ការ​ចុះ​ឈ្មោះ​អាច​ធ្វើ​ឡើង​តាម​រយៈ​ក្រុមការងារ​ចុះ​ដល់​មូលដ្ឋាន មក​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព ឬ​ទាក់ទង​តាម​លេខ ០៥៣ ៧៣២ ៥៣៥ ឬ ប្រព័ន្ធ Hotline ១២៩៧ និង​ប្រព័ន្ធ​អន​ឡាញ erpl.mlvt.gov.kh ៕ អត្ថបទសហការ