ករណីចិន៤នាក់ឆបោកបន្លំយកលុយតាមកន្លែងដូរលុយ (២នាក់ឃុំខ្លួន ២នាក់ទៀតបណ្តេញទៅស្រុកវិញ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សំណុំរឿងជនជាតិចិន៤នាក់ ពាក់ពន្ធករណីឆបោក «តាមរូបបន្លំយកលុយនៅកន្លែងដូរលុយ ២នាក់ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន និង២នាក់ទៀតប្រគល់ឲ្យនាយដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញទៅស្រុកកំណើតវិញ។
ទាំង៤ នាក់មាន ៖
១.ឈ្មោះ YANG FU DE ភេទប្រុស ជនជាតិចិន
២.ឈ្មោះ TAN YANGY ភេទប្រុស ជនជាតិចិន
៣.ឈ្មោះ WANG YINFU ភេទប្រុស ជនជាតិ ចិន
៤.ឈ្មោះ CHEN ZHIQIN ភេទប្រុស ជនជាតិចិន
សូមជម្រាបថា ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលច្បារអំពៅ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចសណ្ឋាគារអន្តជាតិផ្លូវ១២២ កែង២២៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគ របាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាក់ទិននឹងបទល្មើសជាក់ស្តែង ដែលជនសង្ស័យបានធ្វើសកម្មភាពឆបោកប្រាក់នៅទីតាំងដូរលុយ វេរលុយ «ឧទាហរណ៍ ជនសង្ស័យបានយកប្រាក់ចំនួន១០០០ទៅដូរយកលុយខ្មែរ ពេលនោះ អាជីករក៏ប្រគល់លុយខ្មែរគ្រប់ចំនួនឲ្យទៅជនសង្ស័យ ហើយជនសង្ស័យបានធ្វើជាសុំលុយដុល្លាររបស់ខ្លួនមករាប់មើលវិញ ខណៈនោះ ជនសង្ស័យក៏បន្លំដកហូតដុល្លារ២ឬ៣សន្លឹក ដែលអាជីវករមិនបានចាប់អារម្មណ៍រួចគេចខ្លួនបាត់ទៅ»។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគេមាន២នាក់ជាអ្នកប្រព្រឹត្តផ្ទាល់ ចំណែក២នាក់ទៀតគ្រាន់តែជាមិត្តភក្តិដើរលេងជាមួយគ្នា ។ ជនសង្ស័យ២នាក់នោះបានឆ្លើយថា ពួកគេធ្លាប់បានធ្វើសកម្មភាពឆបោកបន្លំតាមរូបភាពយកប្រាក់ទៅដូរ ឬផ្ញើនៅកន្លែងវេលុយចំនួន៣លើកជាក់ស្តែង ៖
លើកទី១.ឆបោក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៩ និង៤នាទីព្រឹក ស្ថិតនៅចំណុចនៅផ្ទះលេខ៩២Aផ្លូវco1 ភូមិក្ដីតាកុយ សង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។លើក២.នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះលេខ១៣៩ ផ្លូវបេតុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លើកទី៣.នៅថ្ងែទី២៦ ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង៨ និង៥៧ព្រឹកនាទី ស្ថិតនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បន្ទាប់ពីចម្លើយសារភាពរបស់ជនសង្ស័យ២នាក់ ពាក់ពន្ធបទល្មើសព្រហ្មទណ្ឌ ត្រូវបានសមត្តកិច្ចកសាងសំណុំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។ ចំណែក២នាក់ទៀត មិនជាប់ពាក់ព័ន្ធ សមត្ថកិច្ចបានប្រគល់ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តបណ្តេញចេញ ៕

ចែករំលែកព័តមាននេះ