អន្តរជាតិ ៖ តាមការវិភាគពីអ្នកជំនាញអាជីវកម្ម និងត្រូវបានចេញផ្សាយដោយកាសែត South China Morning Post នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific) ត្រូវបានរំពឹងថានឹងជំរុញការលក់រាយជាសកលក្នុងរយៈពេល៥ឆ្នាំខាងមុខ បើទោះបីជាជម្លោះនៅតំបន់មជ្ឈិមបូព៌ា កំពុងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់សកលយ៉ាងណាក៏ដោយ។
លោក Anand Ramanathan ប្រធានផ្នែកលក់រាយ និងផលិតផលប្រើប្រាស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Deloitte បានលើកឡើងថា សង្គ្រាមអាចនឹងបន្តជះឥទ្ធិពលលើអារម្មណ៍អ្នកប្រើប្រាស់ និងអាជីវកម្មនាពេលបច្ចុប្បន្ន ដោយសារតែតម្លៃថាមពលខ្ពស់ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ នៅពេលថ្លៃដើមនៃការខ្ចីប្រាក់បានកើនឡើង ហើយលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង អ្នកប្រើប្រាស់ និងអាជីវកម្មត្រូវប្រឈមមុខនឹងការកាត់បន្ថយសមត្ថភាពចំណាយ ហើយនោះអាចធ្វើឱ្យតម្រូវការលក់រាយមិនសូវមានសន្ទុះ សូម្បីតែក្នុងតំបន់មានការរីកចម្រើនខ្លាំងដូចជា អាស៊ីប៉ាស៊ីហ្វិកក៏ដោយ។
ការស្ទង់មតិរបស់ក្រុមហ៊ុន Deloitte ជាមួយបណ្តាប្រធានផ្នែកហិរញ្ញវត្ថុ (CFOs) នៅក្នុងវិស័យឧស្សាហកម្មអ្នកប្រើប្រាស់នៅអាស៊ីប៉ាស៊ីហ្វិក ដែលបានចេញផ្សាយកាលពីខែមុន បានបង្ហាញថា សេដ្ឋកិច្ចក្នុងតំបន់បានបង្កើនការស្វែងរកប្រភពថាមពលជំនួស ក្នុងពេលដែលមានការខ្វះខាតការផ្គត់ផ្គង់ប្រេង និងហ្គាស។ បើទោះបីជាមានទស្សនវិស័យសកលដ៏ប្រឈមយ៉ាងណាក៏ដោយ ក៏ការស្ទង់មតិបានបង្ហាញដែរថា CFOs នៅតែរក្សាជំហរប្រុងប្រយ័ត្ន ប៉ុន្តែមានសុទិដ្ឋិនិយមចំពោះឱកាសអាជីវកម្មរបស់ពួកគេ។ ត្រង់ចំណុចនេះ លោក Ramanathan បន្តថា ខណៈពេល ៨៤% បានរំពឹងទុកពីផលប៉ះពាល់អវិជ្ជមានពីជម្លោះនៅមជ្ឈិមបូព៌ាមកលើក្រុមហ៊ុនរបស់ពួកគេនោះ ប៉ុន្តែ ៨១% បានរំពឹងថា ប្រាក់ចំណូលនឹងនៅដដែល ឬកើនឡើងក្នុងរយៈពេល១២ខែខាងមុខ។
ដោយផ្អែកតាមទិន្នន័យពីរបាយការណ៍របស់ Deloitte ស្តីពីអនាគតនៃការអំណាចទិញនៅអាស៊ីប៉ាស៊ីហ្វិក ដែលបានចេញផ្សាយកាលពីខែមីនានោះ លោក Ramanathan បានថ្លែងថា តំបន់នេះ ត្រូវបានព្យាករណ៍ថានឹងរួមចំណែកដល់ទៅពីរភាគបីនៃការលក់រាយថ្មីជាសកល រវាងពេលនេះរហូតដល់ឆ្នាំ ២០៣១ ដែលគាំទ្រដោយអ្នកទិញចំនួន ៤,៣ ពាន់លាននាក់ រួមទាំងក្រុមវណ្ណៈកណ្តាលដែលរីកលូតលាស់លឿនបំផុតលើពិភពលោក។
របាយការណ៍ក៏បានបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងមើលឃើញការក្រសោបយកបញ្ញាសិប្បនិម្មិត (AI) កាន់តែច្រើនឡើង ដោយអ្នកប្រើប្រាស់ក្នុងតំបន់ជិតបីភាគបួនបានប្រើប្រាស់បច្ចេកវិទ្យានេះរួចបាត់ទៅហើយ ដើម្បីស្វែងរក ក៏ដូចជាប្រៀបធៀបផលិតផល និងតម្លៃ។ លោក Ramanathan បានលើកឡើងថា ក្រុមហ៊ុនលក់រាយកាន់តែច្រើនក្នុងតំបន់កំពុងទទួលបានអត្ថប្រយោជន៍ពី AI ដែលកំពុងកែប្រែទម្រង់ទូទៅនៃសកម្មភាពលក់រាយយ៉ាងខ្លាំង ដោយជះឥទ្ធិពលទាំងទៅលើអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងប្រតិបត្តិការអាជីវកម្មខ្នាតធំ។
តាមរយៈកំណើននេះ កំពុងតែត្រូវបានជំរុញដោយការពង្រីកការលក់រាយបែបប្រពៃណីឱ្យតិចជាងមុន ហើយបំប្លែងទៅជាគំរូពាណិជ្ជកម្មដឹកនាំដោយប្រព័ន្ធបច្ចេកវិទ្យាដំណើរការដោយប្រព័ន្ធឌីជីថល៕


ចែករំលែកព័តមាននេះ