ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញសត្វព្រៃជិតផុតពូជក្នុងព្រៃអភិរក្សភាគខាងជើងកម្ពុជា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត ៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះត្រូវបានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ ។

សត្វព្រៃទាំង ៧ប្រភេទនោះរួមមាន ៖ សត្វទន្សោង Banteng (Bos javanicus)

សត្វពង្រូល Sunda pangolin (Manis javanica)

សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur (Pygathrix nemaeus)

សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis)

សត្វកែះ Mainland serow (Capricornis sumatraensis)

សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus)

សត្វខ្លាពពក Mainland clouded leopard (Neofelis nebulosa)

ក្រសួងបរិស្ថាន ឱ្យដឹងទៀតថា លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ ប្រភេទ រួមមាន ៖ ថនិកសត្វ ២៦ប្រភេទ, បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ ។ លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត ។

ក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ៖ «ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត» ។

ទោះជាយ៉ាងណា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ ។  ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ «បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង» សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់ ៕