ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារស្អាត ក្រុងមានសោភ័ណភាព! អភិបាលខេត្តមណ្ឌល​គិរី ចុះជួបអាជីវករផ្សារសែនមនោរម្យ ពង្រឹងការណែនាំសំខាន់ៗចំនួន ២ចំណុច

4 នាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ការ​ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​ក្នុង​ទីផ្សារ គឺជា​កត្តា​ចម្បង​ក្នុង​ការ​លើកកម្ពស់​មុខមាត់​ទីក្រុង​ទេសចរណ៍​។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្ដម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារ ចុះ​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៦ នេះ​។

នៅ​ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​ផ្ទាល់​នោះ ឯកឧត្ដម​អភិបាលខេត្ត បាន​ដាក់​ចេញ​នូវ​ការ​ណែនាំ​សំខាន់​ៗ​ចំនួន ២ ចំណុច ទៅ​កាន់​បងប្អូន​អាជីវករ រួម​មាន ការ​គ្រប់គ្រង​កាក​សំណល់ និង​អនាម័យ គឺ​អាជីវករ​ទាំងអស់​ត្រូវ​ចូលរួម​ទុកដាក់​កាក​សំណល់ និង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ដើម្បី​រក្សា​បាន​នូវ​សោភ័ណ​ភាព​ផ្សារ បរិស្ថាន​ស្អាត និង​ការពារ​សុខភាព​ខ្យល់​ដង្ហើម​របស់​ទាំង​អ្នកលក់ និង​អ្នកទិញ​។

ការ​រៀបចំ​សណ្តាប់ធ្នាប់​ទំនិញ ត្រូវ​រៀបចំ​សម្ភារៈ និង​ទំនិញ​លក់ដូរ​ឱ្យ​មាន​របៀបរៀបរយ ដោយ​ដាច់ខាត​មិន​ត្រូវ​រំលោភ​លើ​ផ្លូវ​ដើរ ឬ​ចំណី​ផ្លូវ​សាធារណៈ​ឡើយ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ធំ​ទូលាយ និង​មាន​សុវត្ថិភាព​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​ដែល​មក​វៀចវេរ​ទិញ​ដូរ​។

ឯកឧត្ដម គង់ គឹ​ម​នី មាន​ប្រសាសន៍​ថា ការ​រួម​គ្នា​ថែរក្សា​អនាម័យ និង​សណ្តាប់ធ្នាប់​នៅ​ក្នុង​ផ្សារ​សែន​មនោ​រម្យ​ឱ្យ​បាន​ល្អ​ប្រសើរ មិន​ត្រឹមតែ​ជួយ​ឱ្យ​ការ​លក់ដូរ​របស់​បងប្អូន​មាន​ម៉ូយ​គាំទ្រ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​លើកកម្ពស់​មុខមាត់ និង​សោភ័ណ​ភាព​ទីក្រុង​ទេសចរណ៍​របស់​ខេត្ត​យើង​ផង​ដែរ​។

សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​នា​ពេល​នេះ ទទួល​បានការ​គាំទ្រ​ពី​សំណាក់​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ ដោយ​ពួក​គាត់​បាន​សម្តែង​ការ​ត្រេកអរ និង​បាន​សន្យា​ថា​នឹង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការ​អនុវត្ត​តាម​ការ​ណែនាំ​នេះ ដើម្បី​ធ្វើ​ឱ្យ​ផ្សារ​សែន​មនោ​រម្យ​មាន​បរិស្ថាន​ស្អាត និង​សណ្តាប់ធ្នាប់​ល្អជា​និច្ច​៕